(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា អាជ្ញាធរថៃ យល់ព្រមពន្យារពេលការចុះបោសសំអាតទំនិញកម្មសិទ្ធបញ្ជា នៅក្នុងផ្សាររ៉ុងក្លឿ រហូតដល់ចុងខែមេសា ឆ្នាំ២០១៦ តាមសំណើរបស់ក្រសួងការបរទេសកម្ពុជា។

សូមរម្លឹក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរថៃ បានចុះត្រួតពិនិត្យទំនិញនៅក្នុងផ្សាររ៉ុងក្លឿ ដែលមានអាជីវករខ្មែរជាច្រើន បានលក់ទំនិញនៅទីនោះ។ ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញកម្មសិទ្ធបញ្ញា នៅក្នុងផ្សាររ៉ុងក្លឿ បានបង្កឲ្យមានអំពើហិង្សារវាងអាជ្ញាធរថៃ និងអាជីវករខ្មែរ រហូតមានការដុតរថយន្ត របស់អាជ្ញាធរថៃថែមទៀតផង។

លោក ជុំ សុន្ទរី នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ បញ្ជាក់ថា ក្រោយកើតមានព្រឹត្តិការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជានៅបាងកក និងស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសាកែវ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា ខិតខំទំនាក់ទំនង ជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ថៃ ដើម្បីស្វែងរកដំណោះស្រាយ សមស្របជួយដល់អាជីវករខ្មែរ។

លោក បន្ថែមថា ក្រោយការខិតខំសម្របសម្រួលពីមន្រ្តីកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ បានយល់ព្រមពន្យារពេល ក្នុងការចុះបោសសំអាតទំនិញកម្មសិទ្ធបញ្ញា ដែលអាជីវករខ្មែរដាក់លក់នៅផ្សាររ៉ុងក្លឿ រហូតដល់ចុងខែមេសា ឆ្នាំ២០១៦ខាងមុខ។

ការពន្យារពេលនេះ គឺជាផ្តល់ឱកាសឲ្យអាជីវករខ្មែរក្នុងការយកទំនិញដែលមានកម្មសិទ្ធបញ្ញាទាំងអស់នោះ ចេញពីផ្សាររ៉ុងក្លឿចៀសវាង អាជ្ញាធរថៃចុះទៅរឹបអូស នាំឲ្យមានការខាតបង់៕

 

អ្នកនាំពាក្យ៖ អាជ្ញាធរថៃ យល់ព្រមពន្យារពេលចុះបោសសំអាតទំនិញកម្មសិទ្ធបញ្ញាតាមសំណើរបស់ក្រសួង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់