លោក គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថាពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភារបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ពុំមែនជាឧបសគ្គក្នុងការរារាំងការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួននោះទេ សម្រាប់ទង្វើរដែលជាបទល្មើសជាក់ស្តែង។រត្ននុសា

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថាលោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមក្រមព្រហ្មទណ្ឌ ហើយអភ័យឯកសិទ្ធិមិនអាចការពាររូបលោកបាននោះទេ។ ដោយលោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីព្រឹកថ្ងៃសុក្រទី ២៧ ខែឧសភា ឆ្នាំ ២០១៦ ថា៖ “ដោយឡែកពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ពុំមែនជាឧបសគ្គក្នុងការរារាំងការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួននោះទេ សម្រាប់ទង្វើរដែលជាបទល្មើសជាក់ស្តែងបែបនេះ”។

លោកបន្ថែមថា៖ “មានតែសំឡេងគាំទ្រ៣ភាគ៤នៃចំនួនសមាជិកសភាទាំងមូល លើមតិឲ្យផ្អាកនីតិវិធីនេះតែប៉ុណ្ណោះ ទើបជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ផ្អាកនីតិវិធីបន្តរបស់តុលាការបាន។ ឯកឧត្តម កឹម សុខា គួរបង្ហាញជំហរគោរពអនុវត្តច្បាប់ ដែលជាកាតព្វកិច្ចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៤៩ថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់”។

ក្នុងករណីប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីលោក កឹម សុខា ដូចគ្នាទៅនឹងករណីចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន រឿងចោទប្រកាន់ការអត្ថាធិប្បាយប្រើប្រាស់ផែនទីក្លែងក្លាយ។ ករណីនេះ មិនត្រូវការដកអភ័យឯកសិទ្ធិដែលត្រូវការសំឡេងពីរភាគបីនៃសមាជិកសភាទាំង១២៣រូបនោះទេ គឺសភានឹងបោះឆ្នោតថាតើឲ្យតុលាការបន្តនីតិវិធីឬយ៉ាងណា ដោយត្រូវការសំឡេងបីភាគបួនក្នុងការបដិសេធថាមិនឲ្យតុលាការបន្តនីតិវិធី។

ជាមួយគ្នានេះដែរកាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍ ចំនួន៣ទំព័រ ជាបន្ទាន់មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដោយសម្តែងនូវការសោកស្តាយ យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ របស់បក្សប្រឆាំងមួយនេះ ដែលបានបកស្រាយបំភ្លៃប្រាសចាក ពីខ្លឹមសារពិតប្រាកដ នៃមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌអំពីបទបដិសេធ ក្នុងការចូលខ្លួន និងមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីអំពីនិយមន័យ នៃបទឧក្រិដ្ឋ និងបទមជ្ឈឹមជាក់ស្តែង ដើម្បីបំភ័ន្តសាធារណមតិ ក្នុងគោលដៅ បិទបាំង ការប្រព្រឹត្តខុសច្បាប់ របស់លោក កឹម សុខា និងទម្លាក់កំហុស ដោយអសុទ្ធចិត្តលើ ស្ថាប័នអនុវត្តច្បាប់ ដែលបានអនុវត្តតួនាទី សមត្ថកិច្ចរបស់ខ្លួន ត្រឹមត្រូវតាមច្បាប់ និងនីតិវិធី ជាធរមាន។

ដោយក្នុងនោះអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវឲ្យលោក កឹម សុខា ក្នុងឋាន:ជាតំណាងរាស្រ្ត មួយរូបត្រូវបង្ហាញភាពជាគំរូ ប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ ក្នុងការចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជា។

 

អ្នកនាំពាក្យ៖ អភ័យឯកសិទ្ធិសភាពុំមែនជាឧបសគ្គ ក្នុងការ ចាប់ខ្លួនលោក កឹម សុខានោះទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់