(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្ម និងច្រានចោលសម្ដី របស់ឧបនាយករដ្ឋមន្រ្តី ប្រាវិទ  វង្សស៊ុវណ្ណ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលបានលើកឡើងក្នុងបណ្តាញផ្សព្វផ្សាយថៃ ថា ខ្មែរមិនជំទាស់ចំពោះការកសាងប្រាសាទយកគំរូតាមរចនាបថប្រាសាទព្រះវិហារខ្មែរ នៅក្នុងខេត្តស៊ីសាកេត ប្រទេសថៃ។

លោក ផៃ ស៊ីផាន បានបញ្ជាក់នៅក្នុងទំព័រ Facebook របស់លោកនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ថា “នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៦ម្សិលមិញនេះ សារព័ត៌មានថៃ INN បានចេញផ្សាយអត្ថបទមួយពាក់ព័ន្ធគម្រោងសាងសង់ប្រាសាទ ដោយចម្លងរចនាបថតាមប្រាសាទព្រះវិហា នៅក្នុងខេត្តស៊ីសាកេត ប្រទេសថៃ”។ នៅក្នុងអត្ថបទនេះ INN បានដកស្រង់សម្តីឧត្តមសេនីយ៍ឯក ប្រាវិទ វង្សស៊ុវណ្ណ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ មកបញ្ជាក់ថា ការកសាងប្រាសាទចម្លងរចនាបទតាមប្រាសាទព្រះវិហារ ក្នុងខេត្តស៊ីសាកេត  អាចធ្វើបាន ខណៈខាងកម្ពុជា ក៏គ្មានជំទាស់អ្វីដែរ។

ប្រតិកម្មតបការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ប្រាវិទ វង្សស៊ុវណ្ណ ក្នុងសារព័ត៌មាន INN នេះ លោក ផៃ ស៊ីផាន ថា “អ្វីដែលជាការលើកឡើង របស់ លោកឧត្តមសេនីយ៍ឯក ប្រាវិទ វង្សស៊ុវណ្ណ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ គឺមិនសមហេតុផល និងផលចំណេញដល់ប្រជាជាតិថៃនោះទេ ដែលគេអាចចាត់ទុកថាជាការរំលោភជាក់ស្តែង មិនត្រឹមតែផ្លូវច្បាប់ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិថៃនោះទេ ក៏ប៉ុន្តែវាអាចធ្វើឲ្យមានការរំខានដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ”។

លោក ផៃ ស៊ីផាន បានបន្តថា គ្មានតម្លៃអ្វីក្នុងកិច្ចកសាងប្រាសាទព្រះវិហារ ចម្លងអំពីស៊ីម៉ង់តិ៍ បំភ័ន្តមតិមហាជន ទាំងភ្ញៀវទេសចរថៃ ឬ អន្តរជាតិដែរ ដែលក្រឡៃពីផែនថ្មធម្មជាតិពិតប្រាកដ ហើយប្រាសាទព្រះវិហារនេះ ក៏ទទួលបានចំណាត់ថ្នាក់នៅអង្គការបេតិកភ័ណ្ឌពិភពលោក ដែលចាត់ទុកថា “តម្លៃលេចធ្លោគ្មានពីរ” នៃស្នាដៃមនុស្សជាតិ។

លោកបន្តថា ការកសាងប្រាសាទព្រះវិហារក្រឡៃបែបនេះ គឺជាការប្រមាថ និង ប្រឆាំងជាមួយអង្គការបេតិកភណ្ឌពិភពលោក ដែលខំប្រឹងប្រែងក្នុងការដាក់ប្រាសាទនេះ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីរួមគ្នាជាអន្តរជាតិក្នុងកិច្ចថែរក្សា អភិរក្ស ជួសជុល។ អាជ្ញាធរជាតិ ព្រះវិហារ តំណាងភាគីម្ចាស់ទ្រព្យ ដែលមានកិច្ចសហការពីអន្តរជាតិ ដែលជាគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ICC ដែលមានសហប្រធាន ចិន និងឥណ្ឌា ជាមួយ និង សមាជិកស្ថាបនិកចំនួន ៥ទៀត គឺកូរ៉េខាងត្បូង ចិន បារាំង ស.រ.អ និងថៃផងដែរ។

ជាមួយការបង្ហាញប្រតិកម្មនឹងការលើកឡើង របស់រដ្ឋមន្រ្តីការពារជាតិថៃ លោក ផៃ ស៊ីផាន ក៏បានបង្ហាញការគាំទ្រអត្ថបទទស្សន របស់សារព័ត៌មានថៃ The Post Today ដែលផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ក្រោមខ្លឹមសារថា “តើប្រាសាទព្រះវិហារចម្លងប៉ះពាល់ដល់សម្ព័ន្ធភាពថៃ-កម្ពុជាយ៉ាងដូចម្តេច?”។ លោក ផៃ ស៊ីផាន បានហៅការចេញផ្សាយរបស់  The Post Today ជួយពន្យល់ដល់មតិសាធារណជន ឲ្យយល់បន្ថែមមួយកម្រិតទៀត ពីបញ្ហាប៉ះពាល់កើតចេញពីការចិញ្ចឹមចិត្តកសាងប្រាសាទតាមរចនាបថប្រាសាទព្រះវិហាររបស់ខ្មែរ និង ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

 

ប្រភពៈ សារព័ត៌មានថៃ The Post Today ដែលចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ទាំងស្រុងថា៖

តើប្រាសាទព្រះវិហារចម្លងប៉ះពាល់ដល់សម្ព័ន្ធភាពថៃ-កម្ពុជាយ៉ាងដូចម្តេច?

អ្នកដែលកសាងប្រាសាទព្រះវិហារចម្លងនៅលើផ្ទៃដី ៨០០ ម២ ក្នុងផាម៉អ៊ីដែងមុខជា ចម្លែកក្នុងចិត្តជាមួយនិងបទបញ្ជារបស់កងទ័ពជើងគោ កដែលបញ្ជាឲ្យវាយចោល ព្រោះក្រែង លោប៉ះពាល់ដល់សម្ព័ន្ធភាពជាមួយនិងកម្ពុជានោះ តើវាទាក់ទងគ្នាយ៉ាងដូចម្តេចទៅ? ថែមទាំងមាន ការផ្លាស់មេបញ្ជាការកងឯកភាពទាហានជាអ្នកផ្តួចផ្តើមគំរោងកសាងនេះទៀតនោះ ក៏ក្លាយទៅជារឿងធំតែម្តង?

ហេតុផលដែលអង្គភាពណា ក៏មិនហ៊ានថ្លែងនោះគឺមានដូចតទៅនេះ ៖

១. ជនជាតិខ្មែរបានដឹងដោយជ្រួតជ្រាបថា អ្នកមានវណ្ណៈខ្ពស់របស់ថៃមួយចំនួនចង់បានប្រាសាទព្រះវិហារមួយខ្នងនេះ (តាមការពិតស្ទើរតែ ស្ថិតនៅក្នុងសភាពជាកំទេចសិលា ទៅហើយ) មកទុកជាសម្បត្តិរបស់ជាតិ ដោយគេប្រកាសដោយក្លែងបន្លំថា វាជាផ្នែកមួយនៃ មណ្ឌលបូព៌ា តាំងពីដើមមក ប៉ុន្តែតាមការពិតទៅមណ្ឌលបូព៌ានោះសៀមបានប្រើកម្លាំង ដណ្តើមយកមក ។

ការគ្រប់គ្រងប្រាសាទព្រះវិហារនៅក្នុងឆ្នាំ ១៩៥៤-១៩៦២ នោះក៏ពឹងលើកម្លាំង ទាហានដែរ។ នៅក្នុងទស្សនទានរបស់ជនជាតិខ្មែរវិញនោះ  គឺគ្មានភាពស្របច្បាប់ និង គ្មានប្រវត្តិសាស្ត្រអ្វីមកជាទីសំអាងរបស់ខាងថៃទាល់តែសោះ ។ ការកសាងប្រាសាទព្រះវិហារចម្លងបែបនេះ ផ្តើម ចេញពីទិដ្ឋភាពរបស់មនុស្សធម្មតា នោះគឺជារឿងធ្វើមុខក្រាស់នេះតែម្តង។ ប្រសិនបើមិនយល់ពីអារម្មណ៍នេះទេ ក៏សាកល្បងនឹកគិតទៅដល់ ពេលដែលចិនចម្លង យកស្ថានទីខាងសាសនាអ្វីម្យ៉ាងនៅក្នុងប្រទេសថៃ ទៅកសាងនៅឯស្រុកចិននោះដែលរឿង នេះវាដូចតែគ្នា ។

២. ក្នុងការជាក់ស្តែងតំបន់ដែលភ្ជាប់រវាងផាម៉អ៊ីដែងនិងភ្នំព្រះវិហារដែលតួប្រាសាទពិត ស្ថិតនៅនោះ នៅមិនទាន់ទទួលបាននូវការកំណត់ឲ្យ ច្បាស់លាស់ថាត្រឹមណានៅឡើយ។ បរិវេណនេះ នៅមានភាពស្រពិចស្រពិល ព្រោះខ្សែនៅលើផែនទី Annex1 តាមការបកស្រាយរបស់តុ  លាការយុត្តិធម៌អន្តរជាតិនៅក្នុងថ្ងៃទី ១១ វិច្ឆិកា ២០១៣ នោះ នៅមិនទាន់បានផ្តិត ដាក់នៅលើតំបន់ពិតថានៅត្រង់ណានោះដែរ ។

គណៈកម្មការចម្រុះថៃ-កម្ពុជាថា នឹងកំណត់ជាមួយគ្នាតាំងពីពេលដែលតុលាការបានសម្រេច។ ប៉ុន្តែហេតុការណ៍ច្រួលច្របល់ខាងនយោ  បាយផ្ទៃក្នុងរបស់ថៃបានកើតឡើងក៏ទៅ ជាឧបសគ្គក្នុងរឿងនេះ ។ នៅក្នុងស្ថានការណ៍បែបនេះគេមិនគួរកសាងអ្វីទាំងអស់នោះឡើយ ។

៣. ក្រសួងការពារជាតិ មានអារម្មណ៍អាម៉ាស់មុខបន្តិចបន្តួចតាំងពីការចរចាសុំឲ្យបើក ទ្វារប្រាសាទខាងផាម៉អ៊ីដែង ដើម្បីឲ្យអ្នកទេសចរឡើង ទៅបានពីខាងថៃកាលពីខែមិនា ក្នុង ពេលដែល ទៀ បាញ់ មកធ្វើទស្សនកិច្ចក្នុងប្រទេសថៃនោះ មិនបានជោគជ័យ។ ប៉ុន្តែកិច្ច ប្រឹងប្រែងនោះ នៅតែមិនឈប់ឈរទេ ហើយខាងភាគីកម្ពុជាវិញក៏មិនបានផ្តាច់និស្ស័យជា ញាតិជាមិត្រដែរ ហើយ ទៀ បាញ់ ហ៊ុន សែន បានយល់ពីបេះដូង របស់ថៃបានយ៉ាងច្បាស់។ សម្ព័ន្ធភាពខាងយោធា ក៏ចាត់ទុកថាល្អប្រសើរ ប៉ុន្តែគេក៏ខ្លាចថា ការបើកទ្វារខាងថៃនោះ នឹងធ្វើឲ្យគេខាតខាង នយោបាយនិងបាត់បង់ប្រាក់ចំណូលទៅបាន។ ព្រោះថានៅត្រង់ភូមិគោ មួយនោះក៏កំពុងអភិវឌ្ឍនៅឡើយ ហើយដែលសំខាន់គេនៅមិនទាន់ មានជំនឿជាក់ថាអ្នក ស្នេហាជាតិរបស់ថៃនោះ តើក្រុមណានឹងឆក់យកឱកាសនេះឡើងទៅគ្រវីទង់បីពណ៌លើទី នោះទៀត ក៏មានការរារង់ រហូតមកដល់បច្ចុប្បន្ននេះ ។

ការដែលទៅកសាងប្រាសាទព្រះវិហារចម្លងនៅត្រង់កន្លែងនោះ ដូចជាការនិយាយថា «ខ្ញុំមិនអង្វរអ្នកទេ មិនឲ្យមើលរបស់ពិត ក៏មានរបស់ ចម្លងរបស់ខ្ញុំដែរ» ។ ប្រសិនបើធ្វើបែបនោះ បានសេចក្តីថា គំនិតក្នុងការរួមសហការគ្នាអភិវឌ្ឍបរិវេណនោះ ជាកន្លែងទេសចររួមគ្នានោះក៏បាត់  បង់ទៅហើយដែរ ។

៤. ការកសាងរបស់ចម្លងដើម្បីគោលដៅទេសចរនោះគ្មានអ្វីប្លែកទេ របស់ចម្លងដើម្បី ផលប្រយោជន៍បែបនេះមានពាសពេញពិភពលោក។  តាមការពិតប្រាសាទសិប្បនិម្មិតមួយ ខ្នងនេះក៏មិនមែនមានជាដំបូងនៅក្នុងប្រទេសថៃដែរ នៅក្នុងខេត្តក៏មានមួយខ្នងនៅក្នុងភូមិ របស់លោក សាស្ត្រាចារ្យ “តេះ” Akkharaphong Khaukhun នោះឯង។ ប្រាសាទមួយខ្នងនេះ កសាងឡើងដើម្បីលួងលោមជនជាតិថៃទាំងប្រទេស  ដូចគេបានដឹងទាំងអស់គ្នា។ ប៉ុន្តែការ ដែលទៅកសាងប្រាសាទចម្លងនៅកៀកនិងតួប្រាសាទពិតនោះ វាដូចហួសពេកហើយ។

មើលមួយជ្រុងទៀតវាដូចជាផ្គើនទៅនឹងដួងវិញ្ញាណរបស់ព្រះមហាក្សត្រសុរិយវរ្ម័នតែ ម្តង ដែលហ៊ានយកកំបោរស៊ីម៉ង់ត៍មកធ្វើ ទៅប្រៀបធៀប ជាមួយនិងព្រះវិហារដ៏សក្តិ៍សិទ្ធិនៃ សិក្ខាគីរីស្វារៈនោះ ។

៥. រឿងនេះមិនពាក់ព័ន្ធជាមួយនិងសម្ព័ន្ធភាពថៃ-កម្ពុជាទេ។ ប៉ុន្តែសតិអារម្មណ៍ផ្ទាល់ ខ្លួនក្នុងឋានៈមានលំនៅស្ថានក្នុងទីនោះ សូមកុំសំអាង លើការចង់បានរបស់ប្រជាជនក្នុងមូល ដ្ឋានឲ្យសោះ គឺពួកយើងមិនដឹងរឿងនេះទេ (តាមការពិតក្រោយពីបុណ្យសង្ក្រាន្តគ្មានអ្នកលក់ មាន់ អាំងនៅក្នុងភូមិស្រល់បាននិយាយពីរឿងនេះទេ) ។

រឿងនេះពួកអ្នកធុរកិច្ចខាងទេសចរនៅក្នុងទីក្រុងជាមួយកងទាហាន និង ជាមួយខាងឧទ្យាន បានឃុបឃិតគ្នាធ្វើឡើងតែគ្នាឯង។ តាមការពិត ទៅអ្នកស្រុកក្នុងភូមិស្រល់បាត់បង់ឱកាសក្នុងការរកស៊ីជាមួយនិងប្រាសាទព្រះវិហារតាំងពីពួកអស់លោកធ្វើសឹកនៅក្នុងឆ្នាំ២០០៨ ឯណោះ។ មកដល់ថ្ងៃនេះ ដោយមិនបានប្រាសាទព្រះវិហារពិតមកនោះ តាំងយកកំបោរស៊ីម៉ង់ត៍មកបូកធ្វើជារបស់ក្មេងលេង ដើម្បីបញ្ឆោតគេ។

ខ្ញុំសូមសួរត្រង់ៗទៅចុះថា តើមានអ្នកទេសចរឯណាចង់ធ្វើដំណើរយ៉ាងវែងឆ្ងាយ ដើម្បីទៅមើលរបស់កំប៉ិកកំប៉ុកបែបនេះប៉ុន្មាននាក់ទៅ?

ពេល Promote សមុទ្រអ័ព្ទផាម៉អ៊ីដែង ក៏មើលឃើញថា នៅមានសតិប្រាជ្ញាជាងនេះ យ៉ាងច្រើន ស្រាប់តែពេលនេះ ធ្វើដូចជាមនុស្សសុញ គំនិតទៅវិញ ។

៦. មធ្យោបាយដែលត្រឹមត្រូវសម្រាប់អភិវឌ្ឍនៅក្នុងតំបន់នោះដើម្បីប្រយោជន៍ទេសចរ នោះគឺកសាងសម្ព័ន្ធភាពឲ្យល្អជាមួយកម្ពុជា អត់ធ្មត់ ចរចាឲ្យគេឃើញពីប្រយោជន៍ក្នុងការរួម សហការគ្នាអភិវឌ្ឍមូលដ្ឋាន និងមនុស្សនៅក្នុងបរិវេណនោះឈប់គិតពីការដែលយក ប្រាសាទព្រះ វិហារមកគ្រប់គ្រង រឿងវោហារសាស្ត្របាត់ទឹកដីឆ្កួតៗឡប់ៗនោះ ល្មមចប់ហើយ វាជាបេតិកភ័ណ្ឌពិភពលោកបាត់ទៅហើយ។ ប្រែសេចក្តីថា  មនុស្សជាតិត្រូវរួមសហការគ្នា ស្ថាបនាជាមួយគ្នា៕

អ្នកនាំពាក្យរដ្ឋាភិបាល ច្រានចោលសម្តីរដ្ឋមន្រ្តីការពារជាតិថៃ ដែលថា “ខ្មែរមិនជំទាស់ការកសាងប្រាសាទព្រះវិហារ ក្នុងខេត្តស៊ីសាកេត”

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់