អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញបានអនុញ្ញាតឲ្យ​អ្នករៀបចំ​ពិធីរម្លឹក​វិញ្ញាណក្ខន្ធ សព​លោក​ជា​វិជ្ជា គម្រប់​ខួប​លើក​ទី ១២ ឆ្នាំ នា​ព្រឹក​ថ្ងៃទី​២២ ខែមករាខាងមុខនេះ តែ​មិន​អនុញ្ញាត​ឲ្យ​មាន ការ​ថ្លែង​សារ​នយោបាយ ឬ​រិះគន់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ណា​ម្នាក់ ក្រៅ​តែ​អំពី​ពិធី​តាមបែប​ព្រះពុទ្ធសាសនា​នោះឡើយ​។នេះបើយោងតាមលទ្ធនៃកិច្ចប្រជុំនៅសាលា​រាជធានី​ភ្នំពេញនូវសំណើរបស់លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករអំពី​គម្រោង​ជួបជុំ​ប្រារព្ធ​ពិធី​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជា​វិជ្ជាកាលពី​រសៀល​ថ្ងៃទី​១៩​មករា។

បន្ទាប់ពី​កិច្ចប្រជុំ កាលពី​រសៀល​ថ្ងៃទី​១៩​មករា នៅ​សាលា​រាជធានី​ភ្នំពេញ រួចមក អាជ្ញាធរ​បានអនុញ្ញាត​ឲ្យ​លោក​ជា​មុនី ប្រធាន​សហជីព​សេរី​កម្មករ ប្រារព្ធ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ សព​លោក​ជា​វិជ្ជា គម្រប់​ខួប​លើក​ទី ១២ ឆ្នាំ នា​ព្រឹក​ថ្ងៃទី​២២ ខែមករា នៅ​ទីតាំង​រូបសំណាក​លោក​ជា​វិជ្ជា នៅ​សួនច្បារ ខាងលិច​វិមានឯករាជ្យ ជិត​តូប​លក់​កាសែត ជាប់​របង​វត្ត​លង្ការ ក្នុង​រាជធានី​ភ្នំពេញ​។​
​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ ដែលជា​ប្អូនប្រុស​បង្កើត​របស់លោក ជា វិជ្ជា បាន​ជម្រាប​ទៅកាន់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ អំពី​គម្រោង​ជួបជុំ​ប្រារព្ធ​ពិធី​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជា​វិជ្ជា នៅ​ព្រឹក​ថ្ងៃទី​២២​មករា នៅ​ទីតាំង​រូបសំណាក​លោក​ជា​វិជ្ជា ដោយ​មិន​មានការ​ដង្ហែរ​ក្បួន​នោះទេ​។
​ជាមួយនឹង​ការអនុញ្ញាត​ឲ្យ​ជួបជុំ​តាម​ការស្នើសុំ​នោះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ឲ្យ​អ្នករៀបចំ​ពិធី ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ថ្លែង​សារ​នយោបាយ ឬ​រិះគន់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ណា​ម្នាក់ ក្រៅ​តែ​អំពី​ពិធី​តាមបែប​ព្រះពុទ្ធសាសនា​នោះឡើយ​។​
​សូម​រម្លឹកថា លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ ត្រូវបាន​ឃាតក បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត ជាប់​របង​វត្ត​លង្ការ​។​
​ឃាតក​កម្ម​លើ​អតីត​មេដឹកនាំ​សហជីព​កម្មករ ដែល​លម្អៀង​ទៅខាង​គណបក្សប្រឆាំង​នោះ នៅ​មិនទាន់​រកឃើញ​ឃាតក​ពិត​នៅឡើយ​ទេ ក្រោយពី​ឃាតក​សិប្ប​និមិត្ត ២ នាក់ គឺ​ប៊​ន សំណាង និង​សុក​សំអឿន ត្រូវបាន​តុលាការ​ដោះលែង កាលពី​ឆ្នាំ​២០១៤​មកនោះ។​

អាជ្ញាធរ មិនអនុញ្ញាតឲ្យមានការថ្លែងសារនយោបាយក្នុងពិធីរៀបចំ រម្លឹកវិញ្ញាណក្ខន្ធ សពលោកជាវិជ្ជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់