ការចុះត្រួតពិនិត្យ និងរឹតបន្តឹងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថ្មី សម្រាប់ថ្ងៃទី១ លទ្ធផលបង្ហាញថា ស្ថានភាព​មាន​ភាព​ល្អ​ប្រសើរ ហើយ​ការ​ត្រួតពិនិត្យ​មាន​ការ​ល្អិតល្អន់​ហ្មត់​ចត់​ ក៏ប៉ុន្តែរក្នុងនោះ សង្កេតឃើញថា ករណីល្មើស​ភាគច្រើន គឺម៉ូតូដែលអ្នក​រួមដំណើរមិនបាន​ពាក់មួក​សុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ ។

 

នៅថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៦ ដែល​ជា​ថ្ងៃ​ចាប់​ផ្ដើម​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឧត្ដមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ដឹក​នាំ​កង​កម្លាំង​នគរបាល​ចរាចរណ៍​មួយ​ក្រុម ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ និង​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ​នៅ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

តាមរយៈគេហទំព័រអគ្គស្នងការនគរបាលជាតិ លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រងនគរបាល​ជាតិ បានបញ្ជាក់​ថា នៅថ្ងៃ​ទី​០១ ស្ថានភាព​មានភាព​ល្អប្រសើរ ហើយការ​ត្រួតពិនិត្យ​មានការល្អិត​អន់ហ្មត់​ចត់​ទៅលើបទ​ល្មើស ដែល​ផាកពិន័យ​អន្តរការណ៍ បទល្មើស​ដែលត្រូវ​ឃាត់​ទុក និងបទ​ល្មើសផ្សេងៗទៀត​ទៅតាម​ច្បាប់។

យ៉ាងណាក៏ដោយ អគ្គស្នងការ​រងនគរបាល​ជាតិ បញ្ជាក់ទៀតថា ករណីល្មើស​ភាគច្រើន គឺម៉ូតូ ដែលអ្នក​រួមដំណើរមិនបាន​ពាក់មួក​សុវត្ថិភាព តាម​អនុក្រឹត្យ​លេខ៨៥ គឺត្រូវ​ពិន័យចំនួន ១៥០០០រៀល​ក្នុង​ម្នាក់ ហើយ​ការផាក​ពិន័យ​នេះ មិន​ត្រូវបាន​បង់ប្រាក់​នៅនឹង​កន្លែងផ្ទាល់​នោះទេ គឺមសត្ថកិច្ច​គ្រាន់តែចេញ​ប័ណ្ណការ​ផាកពីន័យ ហើយឲ្យ​ទៅបង់នៅ​ទីកន្លែងមួយ​ដែលសមត្ថ​កិច្ចបាន​កំណត់។ ការផ្សព្វ​ផ្សាយ និងពង្រឹងការ​អនុវត្តន៍​ច្បាប់ចរាចរណ៍​ផ្លូវគោក​ថ្មីនេះ សមត្ថកិច្ចនឹង​បន្តធ្វើទាំង​យប់ ទាំងថ្ងៃ ដើម្បីឲ្យទទួល​បានលទ្ធ​ផលល្អ។

គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងទៀតថា ការចុះ​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ និងពង្រឹងការ​អនុវត្តន៍ច្បាប់​ចរាចរណ៍ផ្លូវគោកថ្មី​នាពេល​នេះ ត្រូវគេ​មើលឃើញ​ថា ធ្វើឡើងក្នុងគោល​បំណង​ពញ្ញាក់​អារម្មណ៍ និងស្មារតី របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ​ដែលកំពុង​នាំគ្នាល្មើស​នឹងច្បាប់​ចរាចរណ៍ជើងគោក ដោយ​មិនបាន​បំពាក់​នូវមួក​សុវត្ថិភាព​ពេល​ធ្វើដំណើរ ម៉ូតូមិនបាន​បំពាក់កញ្ជក់​មើលក្រោយ​ត្រឹមត្រូវ លើស​ពីនេះ គឺបើកបរ​ស្ថិតក្នុង​ល្បឿនហួស​កំណត់ និងបើកបរ​ដោយមិន​គោរពទៅ​តាម​ស្លាកសញ្ញា ក៏ដូច​ជាភ្លើងស្តុប​ចរាចរណ៍​នានា តាមដងផ្លូវ​តូចធំ ទាំងក្នុងរាជធានី និង​តាម​បណ្តាខេត្តជា​ដើម។

យោងតាមប្រកាស​អន្តរក្រសួង ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ​កំណត់ថា ​ក្នុងករណី​ដែល​អ្នកប្រព្រឹត្ត​លើ្ម​ស​មិនបាន​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ឬ​មិនបាន​ដាក់ពាក្យ​ប្តឹងតវ៉ា ក្នុង​រយៈពេល ៣០ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ដែល​បានទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍ នោះ​ចំនួន​ទឹកប្រាក់​ពិន័យ​នឹងត្រូវ​ឡើងជា​ពីរដង បើ​លើសពី ៦០ ថ្ងៃ នឹងត្រូវ​ដំឡើង​ជា​បី​ដង​។ ករណី​ផុត​រយៈពេល ៩០ ថ្ងៃ មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​រៀបចំ​សំណុំ​ឯកសារ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​៕

 

him01 him02 him03 him04 him05 him6 (1) him6

 

អគ្គស្នងការនគរបាលជាតិ៖ ថ្ងៃទី១ ករណីល្មើសភាគច្រើន គឺម៉ូតូដែលអ្នករួមដំណើរមិនបានពាក់មួកសុវត្ថិភាព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់