ស្ពាន​ជ្រោយចង្វារ​ចាស់ ត្រូវ​បិទ​បណ្តោះអាសន្ន​ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា​

235

ភ្នំពេញ​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ចាស់​) នឹងត្រូវ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ដើម្បី​ដាក់​ឲ្យ​ជួសជុល ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា​ឆ្នាំនេះ​តទៅ​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៦​ខែកក្កដា​នេះ​។

 ការប្រកាស​ពេលវេលា​ជាក់លាក់​ដើម្បី​អនុវត្ត​គម្រោង​កែលំអ​ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​រវាង លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ក្រុមហ៊ុន Obayashi Corporation of Japan នៅ​ថ្ងៃទី​២៥​ខែកក្កដា ម្សិលមិញ​នេះ នៅ​ទីក្រុង​តូ​ក្យូ​។
 គម្រោង​ស្ដារ​ស្ពាន​ជ្រោយចង្វារ​ឡើងវិញ​នេះ ត្រូវ​បានផ្ដល់​ជំនួយឥតសំណង​ដោយ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដែល​ត្រូវអនុវត្ត​ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា​តទៅ​។​ទោះយ៉ាងណា​ព័ត៌មាន​ដែល​ក្រសួង​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​មិនបាន​បញ្ជាក់​ពី​រយៈពេល និងទំហំ​ថវិកា​របស់​គម្រោង​នេះនោះ​ទេ​។
ប៉ុន្តែ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថ្មីៗ​នៅពេល​មុន   ការជួសជុល​ស្ពាន​ជ្រោយចង្វារ​នឹង​បញ្ចប់​ក្នុង​រយៈពេល ២២​ខែ និង​ចំណាយ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក​។ ស្រប​ពេលដែល​ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​ផ្អាក​ដំណើរការ ស្ពានដែក​ប៉ា​ឡេ​មួយ​នឹងត្រូវ​សាងសង់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជំនួស​។ ការ​ស្ថាប​ស្ពានដែក​ឆ្លងទន្លេ​សាប​នេះ គឺ​ស្ថិតក្រោម​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ប្រើពេល ៦​ខែ ដើម្បី​បញ្ចប់​គម្រោង​នេះ​។ អាជ្ញាធរ​នឹង​កសាង​ស្ពានដែក​នេះ ចេញពី​ចំណុច​ក្បែរ​ឃ្លាំង​ស្តុក​ប្រេង​សូគីម៉ិច ដែលមាន​ចម្ងាយ​ប្រហែល ២,៥​គីឡូម៉ែត្រ​ខាងជើង​ស្ពាន​ជ្រោយចង្វារ​ចាស់​។ បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី ស្ពានដែក​នេះ​នឹងត្រូវ​ស្ថាបនា​ក្នុងអំឡុង​ខែសីហា​ខាងមុខនេះ​៕

banner