(ភ្នំពេញ)៖ វិរៈកីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយប្រាក់១គ្រឿងទៀតហើយ នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯកប្រចាំតំបន់អាស៊ី (Asian Taekwondo Championship-2016) ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។

នេះជាជោគជ័យថ្មីមួយទៀត សម្រាប់កញ្ញា ស៊ន សៀវម៉ី នៅក្នុងបេសកកម្មចូលរួម ប្រកួតកីឡាតេក្វាន់ដូថ្នាក់ទ្វីបអាស៊ី ដែលមានប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ខណៈលើកទី១ គឺជាជោគជ័យប្រវត្តិសាស្ដ្រ សម្រាប់វិស័យកីឡាកម្ពុជា ដោយ សៀវម៉ី ក្លាយជាវិរៈកីឡាការិនីឆ្នើមទី១ ដែលដណ្ដើមបានមេដាយមាស និងសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ នៅទីក្រុង Rio ប្រទេស ប្រេស៊ីលជាផ្លូវការ នៅខែសីហាខាងមុខ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះកាលពី៣ថ្ងៃមុន។

លោក ហែម សំណាង អគ្គលេខាធិការ ខេមរៈសហព័ន្ធ ខ្មែរកីឡាតេក្វាន់ដូ ឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកទ្វីបអាស៊ី កាលពីយប់មិញនេះ ស៊ន សៀវម៉ី បានធ្វើការប្រកួត៣ប្រកួត បន្ទាប់ពីត្រូវពន្យាពេលប្រកួត ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៧យប់ទើបប្រកួត និងបញ្ចប់នៅម៉ោង១២យប់។ ជាលទ្ធផល សៀវម៉ី បានទម្លាក់កីឡាការិនីវៀតណាម និងកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ប៉ុន្ដែនាងបានប្រកួតចាញ់ជើងខ្លាំងកូរ៉េខាងត្បូង ដែលជាម្ចាស់ក្បាច់គុន ដើម្បីឈ្នះមេដាយប្រាក់ ។

គួរបញ្ជាក់ថា មេដាយប្រាក់នេះជាការ ប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូ ទ្វីបអាស៊ី ឆ្នាំ២០១៦ ខណៈមេដាយមាស ដែលកញ្ញាឈ្នះ កាលពី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ចុងសប្ដាហ៍មុន គឺជាការប្រកួតជម្រុះស្វែងបេក្ខភាពទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ហើយកញ្ញាទទួលបានសិទ្ធិគ្រប់គ្រាប់ដើម្បីទៅចូលរួមប្រកួត អូឡាំពិក និងជាកីឡាការិនីកម្ពុជាទី១ដែលទទួលបានសិទ្ធិពេញលេញ ក្នុងប្រវត្តិសាស្ដ្រជាង៦០ឆ្នាំ សម្រាប់វិស័យកីឡាកម្ពុជាផងដែរ៕

 

ស៊ន សៀវម៉ី ឈ្នះមេដាយប្រាក់១ទៀតហើយ ក្នុងការប្រកួតជ្រើសរើសជើងឯកប្រចាំតំបន់អាស៊ី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់