(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពទាំងមូល ដោយទទួលបានសំឡេងគាំទ្រ៦៧ លើ៩៨សំឡេង

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​ពិភាក្សា​និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តីពី សហជីព នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ នៅក្នុង​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ ស​មេ្ត​ច ហេង សំរិន ប្រធានរដ្ឋសភា​។ រដ្ឋសភា​បានអនុម័ត​លើសេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ទទួលបាន​ការគាំទ្រ ចំនួន ៦៧​សំឡេង លើ៩៨សំឡេង​។​

​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន ១៧​ជំពូក ចែកចេញជា ១០០​មាត្រា ត្រូវបាន​រដ្ឋសភា​ធ្វើការ​ពិភាក្សា​និង​អនុម័ត​ម្ដង​មួយ​ជំពូកៗ។ លោក​ ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល នៃ​ការពិនិត្យ​សិក្សា​សេចក្ដីព្រាងច្បាប់ និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សហការី តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្ដីព្រាង​ច្បាប់​។​

នៅក្នុង​សេចក្ដីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល​បានលើកឡើង​ថា បច្ចុប្បន្ន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សហជីព​មូលដ្ឋានចំនួន ៣២១៤​សហជីព សហព័ន្ធ​សហជីព ចំនួន​៨៤​សហព័ន្ធ សហភាព​សហព័ន្ធ​សហជីព ចំនួន​១៣​សហភាព និង​សមាគម​និយោជក ចំនួន​៥​សមាគម ហើយ​រាជរដ្ឋាភិបាល​ចាត់ទុក បណ្តា​សហជីព និង​អង្គការ​វិជ្ជាជីវៈ ទាំងអស់ ជា​ដៃគូ​សង្គម ដោយ​សហជីព និង​អង្គការ​វិជ្ជាជីវៈទាំងនេះ​ក៏បាន​ចូលរួមចំណែក ក្នុងការ​ការពារ​សិទ្ធិ ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ និយោជិត និង​លើកកម្ពស់​ការអភិវឌ្ឍ​ជាតិ បើទោះបីជា​នៅមាន​ការ​ប្រឈម​ខ្លះ​ក៏ដោយ ។​

​សេចក្ដីថ្លែងហេតុ បានលើកឡើង​ទៀតថា ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព អង្គការ​វិជ្ជាជីវៈ រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា បានរៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី សហជីព ដោយ​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៣៦ និង​ច្បាប់​ស្តីពី​ការងារ ត្រង់​ជំពូក​ទី​១១ ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ និង​៩៨​។​

​រាជរដ្ឋាភិបាល​បានចាត់ទុក​សេចក្តីព្រាងច្បាប់​ស្ដីពី សហជីព គឺជា​សមិទ្ធផល​ថ្មី​មួយ​ក្នុងការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គតិយុត្ត ក្នុង​គោលបំណង​ដើម្បី​គាំទ្រ ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដ៏ចម្រូងចម្រាស់មាន១៧ជំពូក និង ១០០​មាត្រា ត្រូវបានរៀបចំជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៦។

ខណៈរដ្ឋសភាកំពុងប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី០៤ ខែមេសា សហជីព និងអង្គការក្រៅរដ្ឋាភិបាលជាង២០ស្ថាប័ន រួមជាមួយស្ថាប័នពាក់ព័ន្ធជាង ២០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខរដ្ឋសភា ដើម្បីទាមទាឲ្យរដ្ឋសភាដករបៀបវារៈស្ដីពីសេចក្ដីព្រាងច្បាប់សហជីពចេញពីក្នុងអង្គប្រជុំ ប៉ុន្តែរការតវ៉ានេះ ត្រូវបានរំសាយទៅវិញ ក្រោយពីមានការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខចម្រុះ​ ជាមួយសហជីព និងក្រុមកម្មករតវ៉ា។ ពួកគេអះអាងថា មូលហេតុដែលនាំគ្នាតវ៉ា ដោយសារសេចក្តីព្រាងច្បាប់ស្ដីពីសហជីព នៅមានចំណុចខ្វះច្រើន ដែលមិនអាចឲ្យពួកគេទទួលយកបាន៕

 

សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេងគាំទ្រ៦៧ លើ៩៨សំឡេង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់