(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ បានថ្លែងការពារ​ចំណាត់​ការ​

(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ បានថ្លែងការពារ​ចំណាត់​ការ​របស់រដ្ឋាភិបាលលើការ​ចាប់ខ្លួន​តំណាងរាស្រ្ត អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ក្នុង​បទ​ព្រហ្មទណ្ឌ​ជាក់ស្តែង។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ជាការដកស្រង់សម្តីរបស់សម្ដេច ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ថា “ការឃាត់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន គឺត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដែលឋិតនៅក្នុងបន្ទុកនៃការញុះញង់ធ្វើឲ្យមានភាពស្មុគស្មាញ និងជម្លោះជាមួយប្រទេសជិតខាង ដែលប្រឆាំងនិងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ”។

លោកបន្តថា “នេះជាជម្រើសតែមួយគត់ក្នុងកិច្ចថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម ដែលជាដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល និងនីត្យានុកូលភាព ដើម្បីផលប្រយោជន៍ ដាច់ខាតរបស់ជាតិ ”។

សូមរម្លឹកថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ មួយថ្ងៃក្រោយការចាប់ខ្លួន ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ។

ទោះជាយ៉ាងណា ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនលោក អ៊ុំ សំអាន គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួននេះ។ គណបក្សប្រឆាំង បានហៅការចាប់ខ្លួនតំណាងរាស្ត្រមណ្ឌលសៀមរាប គឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិតំណាងរាស្រ្ត ដែលត្រូវបានធានាដោយច្បាប់ និងរដ្ឋធម្មនុញនៃប្រទេសកម្ពុជា ត្រង់មាត្រា៨០។

លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន នៅរសៀលថ្ងៃទី២១ ខែមេសា បានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរ លោក តុប ឈុនហេង សម្រេចដោះលែងលោក អ៊ុំ សំអាន ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន៕

 

សម្តេច ហ៊ុន សែន ៖ ការឃាត់ខ្លួនលោក អ៊ុំ សំអាន គឺត្រឹមត្រូវតាមនីតិវិធីច្បាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់