ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ២០១៧ នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបកុមារា ហ៊ឺ ទៀង គីមហុង អាយុ ៧ឆ្នាំ ឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ សព្វថ្ងៃនេះ កុមារា គីមហុង កំពុងរៀននៅសាលាបឋមសិក្សាហ៊ុនសែនអនុវត្ត ដែលមានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។ ឪពុកម្តាយរបស់កុមារា គីមហុង សព្វថ្ងៃគឺកំពុងរស់នៅទីតាំងខាងលើនេះផងដែរ។ ការជួបជុំសំណេះសំណាលនេះគឺនៅភូមិគ្រឹះសម្តេចផ្ទាល់កាលពីព្រឹកមិញនេះ។

កុមារា គីមហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ កុមារា គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារ គីមហុង ចេះអានសារជូនពរសម្តេច ហ៊ុន សែន បានយ៉ាងល្អ។

នៅក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយចៅ គីមហុង សម្តេច បានប្រគល់កំព្យូទ័អោយកុមារប្រើប្រាស់ស្រាវជ្រាវក្នុង Internet និងបានអោយចៅស្រីសម្តេច និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។ សម្តេចក៏បានប្រាប់អោយកុមារា គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចម្ងាយរកចំនួនប្រវែងគីឡូម៉ែត្រ។ កុមារាគីមហុង ធ្វើបានយ៉ាងល្អគួរអោយកោតសរសើរ។ ដោយសារកុមារា គីមហុងមានសមត្ថភាពពិសេស សម្តេចបានស្នើអាហារូបករណ៍ពិសេសពីសាលា ប៊ែលធី ដល់កុមារាគីមហុងបានសិក្សាចំណេះដឹងទូទៅ។

គួរជម្រាបថាកុមារា គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី ៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។ ទន្ទឹមនឹងនេះសម្តេចក៏បានស្នើអោយ លោក ដួង តារា ជំនួយការសម្តេចតេជោ នឹងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារាគីមហុង។ សម្តេចហ៊ុន សែននឹងទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង។

បន្ទាប់ពីបានសំណេះសំណាលជាមួយកុមារាគីមហុង ក្រុមគ្រួសារ និងលោកគ្រូរួចមក សម្ដេច ហ៊ុន សែន បានឧបត្ថម្ភនូវ កុំព្យូទ័រយួរដៃ ០១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ០១គ្រឿង សម្រាប់កុមារា គីមហុងធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។

ជាចុងក្រោយ សម្ដេច ហ៊ុន សែន បានកោតសរសើរ ដល់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារា ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ ៧ ឆ្នាំ មានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសិក្សារបស់កុមារា គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ កុមារាគីមហុង គឺជាធនធានដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា៕

សម្តេច ហ៊ុន សែន អញ្ជើញជួបកុមារឆ្លាត ហ៊ឺ ទៀងគីមហុង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់