សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទ បានប្រកាសមិនចំឈ្មោះ តែសំដៅទៅឧត្តម សម រង្ស៊ី ថា សម្ដេចនឹងមិនស្នើឲ្យមានការលើកលែងទោសជាលើកទី៣ឡើយ ហើយប្រសិនណាមានការលើកលែងទោសឲ្យម្ដងទៀត សម្តេច ហ៊ុន សែន សន្យានឹងកាត់ដៃស្តាំរបស់ខ្លួនចោល។

ការប្រកាសបែបនេះរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

នៅក្នុងបទ​អត្ថា​ធិប្បាយ​របស់​ខ្លួន​​អំពីបញ្ហា​នយោបាយ​នៅកម្ពុជា សម្តេចនាយករដ្ឋ​ម​ន្រ្តីបានប្រកាសថា ​នឹង​កាត់​ដៃ​ស្តាំ​ខ្លួនឯង​ចោលប្រសិន​បើ​សម្តេច​ស្នើឲ្យ​លើកទោស​លើកទី ៣ ដល់​អ្នកណាម្នាក់​។ បើទោះបី​ជាប្រមុខ​រដ្ឋាភិបាល​​មិននិយាយ​ចំ​ឈ្មោះឯក​ឧត្តម​ សម រង្ស៊ី មេបក្សសង្គ្រោះជាតិ​ក្តី ក៏គេ​ដឹងថា​ការលើក​ឡើង​របស់​សម្តេច ធ្វើឡើងទំនង​ផ្ញើសារ​ប្រាប់​ទៅ​ឯ​កឧត្តម សម រង្ស៊ី។

សម្តេច ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំនោះ បានប្រកាសយ៉ាងដូច្នេះថា៖ «មានអ្នកខ្លះលេងជាមួយគ្នា ម្តងហើយ ម្តងទៀត ចាក់គ្រឡេកគ្នាពីលិចពីកើត ដល់គេទះ៤-៥កំផ្លៀង លើកើៗ ហើយឥឡូវសូមកុំសង្ឃឹមខ្ញុំប្រកាស បើខ្ញុំចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណា ខ្ញុំនឹងកាត់ដៃស្តាំខ្ញុំក្រវាត់ចោល      អ្នកឯងចាំ»។

គួរបញ្ជាក់ថា​ កន្លងមកថ្មីៗនេះ ឯក​ឧត្តម សម រង្ស៊ី បច្ចុប្បន្នជាប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បន្ទាប់ពីប្រធានគណបក្សប្រឆាំងរូបនេះ ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។

ឯក​ឧត្តម សម រង្ស៊ី ក៏ត្រូវបានតុលាការ​ចេញដីកា​ឲ្យ​ចូល​ខ្លួន​មក​មកតុលាការនៅ​ថ្ងៃទី៤ខែធ្នូ​ ពាក់ព័ន្ធ​នឹង​សំណុំរឿងអតីតសមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ ​ទាក់ទង​នឹង​ប​ទផ្សំគំនិតក្នុងអំពើ​ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈក្លែង​និងញុះញង់​បង្ក​ឲ្យ​មាន​វឹងកវរធ្ងន់​       ដល់សន្តិសុខសង្គម​ ប្រព្រឹត្តទៅកាលពីថ្ងៃទី​១២និង​១៣ខែសីហា ឆ្នាំ​២០១៥​។

រយៈពេលចុងក្រោយនេះ តុលាការ​បាន​អញ្ជើញឯក​ឧត្តម សម រង្ស៊ី ចូល​មកកាន់​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​៤ខែមករា ឆ្នាំ​២០១៦ វេលាម៉ោង៨និង​៣០នាទីព្រឹក​ សាកសួរ​ពីរឿងបរិហាកេរ្តិ៍ តាម​ពាក្យ​បណ្តឹង​របស់​លោក គី តិច មេធាវី​សម្ដេច ហេង សំរិន​៕

 

សម្តេច ហ៊ុន សែន សន្យាកាត់ដៃស្តាំរបស់ខ្លួនចោល ប្រសិនណាសម្ដេចស្នើឲ្យលើកលែងទោស ឯកឧត្តម សម រង្ស៊ី ជាលើកទី៣

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់