(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារអបអរសាទរជូនលោក Nguyen Xuan Phuc ដែលត្រូវបានសភាវៀតណាម បោះឆ្នោតតែងតាំងជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសវៀតណាម។

នៅក្នុងលិខិតអបអរសាទរផ្ញើទៅកាន់ Nguyen Xuan Phuc ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន បានប្រកាសថា រង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Nguyen Xuan Phuc ដើម្បីនាំមកនូវផលប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេច បានបង្ហាញការជឿជាក់ថា ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានលើកកម្ពស់ និង ពង្រឹងពង្រីកឲ្យកាន់តែស៊ីជម្រៅក្រោមការដឹកនាំ របស់លោក Nguyen Xuan Phuc។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ស្របតាមស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ នឹងត្រូវបានលើកកម្ពស់ និងពង្រឹងពង្រីកថែមទៀត ឲ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីកសាងសហគមន៍អាស៊ានមួយ ដ៏រឹងមាំ និងសមស្រប ”។

សូមបញ្ជាក់ថា លោក Nguyen Xuan Phuc ត្រូវបានសភារបស់វៀតណាម បោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មីបន្តពីលោក ង្វៀន តាន់យុង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។

លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ក៏បានផ្ញើសារអបអរសាទរជូនលោក Nguyen Xuan Phuc ដែលត្រូវបានសភាវៀតណាម បោះឆ្នោតតែងតាំងជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសវៀតណាម។

ក្នុងសារនៅលើទំព័រ Facebook លោក សម រង្ស៊ី បានបង្ហាញការជឿជាក់ថា ការឡើងកាន់តំណែងរបស់លោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-វៀតណាម កាន់តែល្អប្រសើរថែមទៀត។

ទោះជាយ៉ាងណា លោក សម រង្ស៊ី ក៏បានថ្លែងក្នុងសារនោះថា លោកកោតសរសើរ យ៉ាងស្មោះចំពោះថ្នាក់ដឹកនាំ ជាសមូហភាព របស់ប្រទេសវៀតណាម ក្នុងការចាត់វិធានការយ៉ាងពិតប្រាកដ និងម៉ឺងម៉ាត់ ដើម្បីប្រឆាំងអំពើពុករលួយ និងក្នុងការរៀបចំឲ្យមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីយ៉ាងយូរ១០ឆ្នាំម្តងយ៉ាងទៀងទាត់ ដើម្បីឲ្យមានឈាមថ្មី គំនិតថ្មី និង ទេពកោសល្យថ្មី ដែលជាបច្ច័យចាំបាច់ធ្វើឲ្យការដឹកនាំប្រទេស មានលក្ខណៈល្អប្រសើរ៕

១) សារអបអរសាទរបស់សម្ដេច ហ៊ុន សែន ទៅកាន់ Nguyen Xuan Phuc

សម្ដេច

២) សារនៅលើទំព័រFacebook របស់លោក សម រង្ស៊ី៖

សម រង្ស៊ី

សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី ផ្ញើសារអបអរសាទរជូននាយករដ្ឋមន្រ្តីថ្មី នៃប្រទេសវៀតណាម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់