(ព្រះសីហនុ)៖ សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈនេះ ទទួលស្គាល់ថាមានពេទ្យមួយចំនួនគ្មានក្រមសីលធម៌ និងគិតលុយជាធំ។ ការថ្លែងបែបនេះ របស់សុម្ដេច ហ៊ុន សែន ខណៈអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែរសម្ដេច បានច្រានចោលនិងថា មិនមែនដល់ថ្នាក់១០០ខូចអស់៩៩ ទេ។ 

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ​សម្តេច ហ៊ុន សែន បាន​ច្រានចោល​ចំពោះ​ការ​លើកឡើងថា ក្នុងចំណោម​គ្រូពេទ្យ​១០០ មាន​៩៩​នាក់​អាក្រក់​។ ជាងនេះទៀត ប្រមុខ​រដ្ឋាភិបាល ថែមទាំង​ចំអក​ឲ្យ​អ្នកវិភាគ លើកឡើងថា វិស័យ​សេវា​សុខាភិបាល គួរតែ​ធ្វើ​បដិវត្ត មិនមែន​ធ្វើកំណែទម្រង់​ឡើយ​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ពាក្យ​និន្ទារ​ពី​សំណាក់​បុគ្គល​មួយចំនួន ដែល​អះអាងថា ក្នុងចំណោម​គ្រូពេទ្យ​១០០​នាក់ មាន​គ្រូពេទ្យ​៩៩ នាក់ ដែល​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ព្រមទាំង​គ្មាន​ក្រមសីលធម៌​។ ​បើទោះជា សម្តេច ហ៊ុន សែន បដិសេធ​ការរិះគន់​ខាងលើ​ក៏ពិតមែន តែ​លោក​នៅតែ​ទទួលស្គាល់ថា គ្រូពេទ្យ​មួយចំនួន ដែល​គ្មាន​ក្រមសីលធម៌ និង​ខ្វះ​វិជ្ជាជីវៈ ពិតជា​មាន​មែន​។

​ក្រៅពី​មិន​ពេញចិត្ត​ចំពោះ​ការវាយប្រហារ​បែបនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ថែមទាំង​សើចចំអក​ឲ្យ​អ្នកវិភាគ​មួយចំនួន ដែល​លើកឡើងថា ប្រព័ន្ធ​សុខាភិបាល ត្រូវធ្វើ​ប​ដិ​ត្ត ទើប​ល្អប្រសើរ មិនមែន​ធ្វើកំណែទម្រង់​ឡើយ​។ ទន្ទឹមនឹងការទទួលស្គាល់ថា សម្ដេច ហ៊ុន សែន ទទួលស្គាល់ថាមានពេទ្យខ្លះគិតលុយជាធំ សម្ដេច ហ៊ុន សែន បានប្រតិកម្មនឹងអ្នកវិភាគ​ទាំងនោះ ថា ចេះតែ​បន្ទរ​ពីក្រោយ​ខ្នង​គេ ដោយ​ខ្លួនឯង​គ្មាន​ជំនាញ​ផ្នែក​វិ​ជ្ជ​សាស្ត្រ​នេះ​ ហើយសម្ដេច គូសបញ្ជាក់ថា “បើ​មិន​ធ្វើកំណែទម្រង់ ឲ្យ​ធ្វើ​ម៉េច​វិញ​? បើ​ធ្វើ​បដិវត្ត មានតែ​យក​គ្រូពេទ្យ​ទៅ​វាយចោល​? ​” ។

គួររំឭក​ថា​ ពាល់ព័ន្ធនឹងវិស័យសុខាភិបាលនៅកម្ពុជា នេះដែរ កន្លងទៅ លោក គួច ម៉េងលី ជា​ស្ថាបនិកនិង​​ជា​នាយក​ក្រុមហ៊ុន Mengly J. Quach Holding​ និង​ម្ចាស់សាលា​អន្តរទ្វីបអាមេរិកកាំង ត្រូវបានការសែតក្នុងស្រុកដកស្រង់សម្តីចុះផ្សាយថា៖ “វិស័យសុខាភិបាលយើង បើខ្ញុំឲ្យពិន្ទុពី១ដល់ ១០ ខ្ញុំឲ្យ២ពិន្ទុ។ បើអ្នកក្រទៅពេទ្យខ្ញុំហ៊ានធានាគេនឹងដេកនៅចិញ្ចើមផ្លូវនោះជាអ្វីដែលខ្ញុំឃើញទិដ្ឋភាពដោយផ្ទាល់។ ស្រីសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះបើគ្មានលុយវះ។ សំណួរដែលត្រូវសួរខ្លួនឯងពេលនេះគឺថា​ក្នុងសតវត្សរ៍ទី២១ តើកម្ពុជាយើងត្រូវឆ្លងកាត់ភាពវេទនានេះបន្ដទៀតឬយ៉ាងណា”?

ក្រោយពី​ការបញ្ចេញយោបល់នោះ​​ គណៈវិជ្ជាជីវៈសុខាភិបាលបានចេញលិខិតមួយ​ដោយស្នើ​ឲ្យ​លោក​ គួច ម៉េងលី សុំទោស​ជាសាធារណៈចំពោះអ្វីដែល​លោក​បាន​លើកឡើង។​ ទោះជាយ៉ាងណា ភា្លមៗបន្ទាប់ពីនោះ លោក គួច ម៉េងលី មិនបាននិយាយ​សុំទោស​នោះទេ​ តែ​លោក​បាន​ឆ្លើយ​តប​នឹង​លិខិត​របស់​គណៈវិជ្ជាជីវិៈសុខាភិបាល ដោយ​ថាអ្វីដែ​លលោកបានលើកឡើងតាមបណ្តាញព័ត៌មានគឺផ្អែកលើការជួ​បប្រទះផ្ទាល់របស់លោកនូវស្ថានភាពមួយចំនួន​នាពេលកន្លងមក។ លោកបញ្ជាក់ថាការបកស្រាយពីការជួបប្រទះផ្ទាល់ខ្លួននេះមិន​បណ្តាលឲ្យប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់នោះទេ។ លោកក៏ទទួលស្គាល់ថាមានពេទ្យដែលប្រកបអាជីពដោយសមត្ថភាពនិងក្រមសីលធម៌ល្អជាច្រើនដែលបាននិង​កំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិតប្រជាពល​រដ្ឋខ្មែរ៕

 

 

 

សម្តេច ហ៊ុន សែន ទទួលស្គាល់ថាមានពេទ្យមួយចំនួនគ្មានក្រមសីលធម៌ និងគិតលុយជាធំ ប៉ុន្តែមិនមែនដល់ថ្នាក់១០០ខូចអស់៩៩ ទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់