សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងឱកាសអញ្ជើញកាត់ឫស្សសីមា ព្រះវិហារ នៅវត្តមឿងចារ្យលិខិតារាម កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនាបាន លើកឡើងក្នុងន័យ ឌឺដង ដល់បក្សប្រឆាំងនិងលោក កឹម សុខា ថា ស្ថានការណ៍នយោបាយបច្ចុប្បន្នមានសភាពធម្មតា និងប្រកាសអួតថា បក្សលោកនឹងឈ្នះឆ្នោតនោះ។

ក្នុងឱកាសអញ្ជើញកាត់ឫស្សសីមា ព្រះវិហារ នៅវត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួន មិនគួរទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់បំផ្លាញនូវបក្សនយោបាយមួយ ឬបំផ្លាញនូវអង្គការចាត់នយោបាយមួយតាមរយៈ នៃការការពារអំពើ ខុសច្បាប់របស់បុគ្គលនោះទេ ហើយអ្នកខុសត្រូវចេញមុខទទួលខុស។

ដែលប្រសាសន៍លើកឡើងរបស់សម្តេច ហ៊ុន សែនបែបនេះ មិនបានសំដៅចំបក្សនយោបាយណាមួយនោះទេ តែអ្នកតាមដានស្ថានការណ៍នយោបាយ នៅកម្ពុជា អាចដឹងបានថា ប្រសាសន៍របស់ សម្តេចតេជោ អាចនឹងសំដៅដល់គណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិ កំពុងជួបគ្រោះ និងស្ថានការណ៍អាក្រក់ខ្លាំងនាពេលបច្ចុ ប្បន្ន ដោយសារតែប្រធានស្តីទីគណបក្ស គឺលោក កឹម សុខា កំពុងប្រឈមមុខនឹងផ្លូវច្បាប់ ផ្តើមចេញពីរឿងអាស្រូវស្នេហារបស់លោក។

ជាមួយគ្នានោះសម្ដេច ហ៊ុន សែន ក៏បានលើកឡើងក្នុងន័យ ឌឺដងចំពោះការលើកឡើងរបស់លោក កឹម សុខា ថា ស្ថានការណ៍នយោបាយបច្ចុប្បន្នមានសភាពធម្មតា និងប្រកាសអួតថា បក្សលោកនឹងឈ្នះឆ្នោតនោះ។

ដោយសម្តេច ថ្លែងបញ្ជាក់ថា «គ្មានបញ្ហានោះទេ សភាពការនៅធម្មតា បើអីចឹងនៅដេកត្រង់ហ្នឹងទៅ បើគង់ថាស្រួលដដែល។ គេថាសភាពការណ៍អត់បញ្ហា ដូច្នេះបើអត់បញ្ហា កុំស្រែក បើគង់ចាំឈ្នះដដែល ចាំឈ្នះតែម្តងទៅ កុំស្រែកខ្មាសគេ។ អ្នកឯងចង់នៅដេកកន្លែង ៤ម៉ែត្រ ៤ជ្រុង នៅដេកទៅមិនមាននរណាថាអីនោះទេ»

គួរជម្រាបដែរថាមកទល់ពេលនេះ លោក កឹម សុខា មិនអាចចេញទៅកន្លែងណាបាននោះឡើយ ពោលគឺកំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ក្រោមការកៀងគរ អ្នកគាំទ្រមកការពារពីការ តាមច្បាប់របស់កម្លាំងសមត្ថកិច្ច ក្រោយលោកបដិសេធមិនចូលបំភ្លឺតាមការ កោះហៅរបស់តុលាការចំនួនពីរដង។

សូមបញ្ជាក់ថា លោក កឹម សុខា ក្នុងជំនួបជាមួយសកម្មជនបក្សមកពីខេត្តតាកែវ នៅថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ បានថ្លែងបង្ហាញអំណួត ថា គណបក្សរបស់លោកនៅតែមានអ្នកគាំទ្រ ហើយនឹងឈានទៅរកការឈ្នះឆ្នោតថែមទៀតផងនោះ។

 

 

សម្តេច ហ៊ុន សែន ឌឺ បក្សប្រឆាំង ដែលថា ស្ថានការណ៍នយោបាយ បច្ចុប្បន្នមានសភាពធម្មតា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់