(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន បានសម្ដែងការគាំទ្រចំពោះសកម្មភាពនៃការធ្វើសមយុទ្ឋរួមគ្នារវាងកងទ័ពជើងទឹក កម្ពុជា និងកងទ័ពជើងទឹកចិន ជាមួយគ្នានោះ បានស្នើឲ្យមានការធ្វើសមយុទ្ធសង្រ្គោះនាវាពីចោរសមុទ្រ នៅពេលធ្វើសមយុទ្ឋជើងទឹករួមកម្ពុជា-ចិន ខាងមុខ។

ការសម្ដែងការគាំទ្រ និងសំណើរខាងលើរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបជាមួយលោក Radm Yumanjiang (យូ ម៉ាន់ជាំង) មេបញ្ជាការនាវាកងទ័ពរំដោះប្រជាជានចិន N573 នាវិមានសម្តិភាព កាលពីល្ងាចថ្ងៃម្សិលមិញ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានអនុញ្ញាតអោយលោក Radm Yumanjiang (យូ ម៉ាន់ជាំង) មេបញ្ជាការនាវាកងទ័ពរំដោះប្រជាជានចិន N573 ចូលជួបសំដែងការគួសមនិងពិភាក្សាការងារ នៅវិមានសន្ដិភាព ។

នៅក្នុងជំនួបនោះ លោក Radm Yumanjiang (យូ ម៉ាន់ជាំង) បានជំរាបជូនសម្ដេច ហ៊ុន សែន ថាក្បួននាវារបស់លោកបានចុះចតនៅខេត្តព្រះសីហនុ ហើយក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាជន និង កងនាវាជើងទឹកកម្ពុជាផងដែរ ហើយក្រុមរបស់លោក និងក្រុមនាវាជើងទឹកកម្ពុជាក៏បានជួបពិភាក្សា និងបានអញ្ជើញឯកឧត្តម ទៀ បាញ់ និងមន្រ្តីសំខាន់ៗរបស់ក្រុមនាវិកកម្ពុជាទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពនាវាប្រទេសចិនផងដែរ។ ក្រុមនាវិកចិន នៅថ្ងៃម្សិលមិញ បានធ្វើការហ្វឹកហាត់យ៉ាងសកម្មជាមួយកងទ័ពជើងទឹកកម្ពុជានៅលើដែនគោក ហើយនឹងបន្តនៅថ្ងៃនេះក្នុងដែនសមុទ្រ។

លោក Radm Yumanjiang (យូ ម៉ាន់ជាំង) បានចាប់អារម្មណ៍ឃើញថា កងទ័ពជើងទឹករបស់កម្ពុជាមានភាពស្មោះស្ម័គ្រ និងទទួលខុសត្រូវខ្ពស់ រួសរាយរាក់ទាក់។ កងទ័ពជើងទឹក របស់ចិននិងកងទ័ពជើងទឹករបស់កម្ពុជាមានកិច្ចសហប្រតិត្តិការល្អ និងពង្រឹងទំនាក់ទំនងនេះអោយល្អបន្ថែមទៀតនាពេលខាងមុខ ។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានសម្ដែងការគាំទ្រចំពោះសកម្មភាពនៃការធ្វើសមយុទ្ឋរួមគ្នានេះ ហើយសម្តេចបានស្នើនៅពេលធ្វើសមយុទ្ឋរួមខាងមុខគួរ បន្ថែមសកម្មភាពជួយសង្គ្រោះរំដោះនាវាចេញពីចោរសមុទ្របានប្លន់នៅលើដែនសមុទ្រ និងបន្ថែមសមយុទ្ឋបង្កើនសមត្ថភាព សង្គ្រោះនៅពេលដែលមានគ្រោះមហន្តរាយផ្សេងៗជាដើម។

ជំនួបពិភាក្សាកាលពីល្ងាចថ្ងៃម្សិលមិញ បានបង្កើន និងពង្រឹងនូវទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការល្អ រវាងកងកំលាំងជើងទឹកនៃប្រទេសទាំងពីរ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងសន្តិភាពក្នុងតំបន់ និងផលប្រយោជន៌ជាច្រើនថែមទៀតដល់ប្រជាជាតិនៃប្រទេសទាំងពីរ៕

 

សម្តេច ហ៊ុន សែន ជម្រុញឲ្យមានការធ្វើសមយុទ្ធសង្រ្គោះនាវាពីចោរសមុទ្រ នៅពេលធ្វើសមយុទ្ឋជើងទឹករួមកម្ពុជា-ចិន ខាងមុខ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់