(បន្ទាយមានជ័យ)៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះដោយខ្វះទឹកនោះទេ។

សម្តេច ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារខ្វះទឹកនោះទេ ហើយសម្តេចប្រកាសមិនឲ្យក្រសួងនានា កោះហៅអភិបាលខេត្តឡើងទៅប្រជុំនោះ ដោយទុកពេលវេលាឲ្យអភិបាលខេត្តទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ។ សម្តេច បានកោតសរសើរដល់លោក កែ កឹមយ៉ាន ដែលបានប្រើប្រាស់យុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋបានល្អ សូមឲ្យអភិបាលខេត្តនានាយកគំរូតាមលោក។

សម្តេច ហ៊ុន​ សែន បានអំពាវនាវឲ្យក្រុមហ៊ុនផលិតទឹកសុទ្ធនានា ចូលរួមបរិច្ចាកទឹកជូនប្រជាពលរដ្ឋ​ ដែលកំពុងរងការខ្វះខាត។ សម្ដេច ក៏បានស្នើឲ្យកាកបាទក្រហមកម្ពុជា បង្វែទិសដៅពីការជួយជំនួយផ្សេងៗ មកជាការផ្តល់ជំនួយជាទឹកដល់ប្រជាពលរដ្ឋវិញ និងអំពាវនាវឲ្យមន្រ្តីគណបក្សប្រជាជន ត្រូវចូលរួមចែកទឹកដល់ប្រជាពលរដ្ឋ។ ក្រៅពីនោះ សម្តេចនាយករដ្ឋមន្រ្តី អំពាវនាវដល់បក្សនយោបាយទាំងអស់ ទាំងចាស់ ទាំងថ្មី ចូលរួមចែកចាយទឹកដល់ប្រជាពលរដ្ឋផងដែរ។

សម្តេច ហ៊ុន សែន បានចាត់ទុកថា បញ្ហាកង្វះទឹកនេះជាគ្រោះមហន្តរាយសម្រាប់កម្ពុជា។ តែយ៉ាងណា សម្តេចមិនបានស្នើថ្វាយព្រះមហាក្សត្រ និងរដ្ឋសភា ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ប៉ុន្តែសម្តេចបានប្រកាសដាក់ជំនួសមកវិញនូវយុទ្ធនាការ ដឹកទឹកចែកជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការចេញបញ្ជាដាច់ណាត់របស់សម្តេច ហ៊ុន សែន ខាងលើ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពនៅក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទ បន្ទាយឆ្មារ ចងភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ៕

សម្តេច ហ៊ុន សែន ចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់