ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែន សង្ឃឹមថាកិច្ចប្រជុំអន្ដររដ្ឋាភិបាលកម្ពុជា-រស្ស៊ី លើកទី៩ នឹងទទួលផលវិជ្ជមានជាច្រើនថែមទៀត ដែល នឹងឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងប្រទេសទាំង២។ ដែលការលើកឡើងរបស់សម្ដេចបែបនេះធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេចហ៊ុនសែននិងលោក Nikolay Nikiforov រដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ឋផ្សព្វផ្សាយសហព័ន្ធរុស្ស៊ីកាលពីព្រឹកថ្ងៃទី ២៩ មីនា។

បើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចហ៊ុនសែនបានឪ្យដឹងថាកាលពីព្រឹកថ្ងៃ​ទី ២៩ មីនា ឆ្នាំ២០១៦ នៅវិមានសន្តិភាព សម្តេនាយករដ្ឋមន្ត្រីច ហ៊ុន សែន បានអនុញ្ញាតអោយ លោក Nikolay Nikiforov រដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ឋផ្សព្វផ្សាយសហព័ន្ធរុស្ស៊ីចូលជួបពិភាក្សាការងារ។

នៅក្នុងកិច្ចប្រជុំពិភាក្ស នេះ សម្តេច ក៏បានបញ្ជាក់ប្រាប់ លោក Nikolay និងអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាអំពីការបន្តផ្តល់អាគាររដ្ឋអោយរុស្ស៊ីប្រើប្រាស់ជាមជ្ឈមណ្ឌលវប្បធម៌ និងវិទ្យាសាស្រ្ត នៅទីក្រុងភ្នំពេញដើម្បីពង្រឹងនិងពង្រីកនូវមិត្តភាពនិងសហប្រតិបត្តិការកាន់តែល្អរឹងមាំរវាងប្រទេស និងប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនោះ សម្តេច ហ៊ុន សែន បានស្នើអោយភាគីវិនិយោគទុនរុស្ស៊ី រៀបចំដឹកអ្នកទេសចរណ៌ ពាណិជ្ជករ និងវិនិយោគទុន ព្រមទាំងក្រុមកីឡាបាល់ទាត់ ឬបាល់ទះតាមយន្តហោះមកកម្ពុជា ដើម្បីបង្ហាញពីសក្តានុពលវិនិយោគនៅកម្ពុជាយើងផង និងដើម្បីរិតចំណងមិត្តភាពនៃប្រទេសទាំងពីរផង។ សម្តេច បានផ្តាំផ្ញើសួរសុខទុក្ខ លោកប្រធានាធិបតី Vladimir Putin និងនាយករដ្ឋមន្រ្តីរុស្ស៊ីផងដែរ។ កិច្ចប្រជុំបានបញ្ចប់ដោយភាពរីករាយ ស្និទ្ឋស្នាល និងផ្លែផ្កាវិជ្ជមានគួរជាទីមោទនៈបំផុត។

ក្នុងនោះដែរលោក Nikolay រីករាយពេញចិត្តចំពោះមិត្តភាព និងសហប្រតិបត្តិការល្អរវាង កម្ពុជា និងសហព័ន្ធរុស្ស៊ីមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ សហព័ន្ឋរុស្ស៊ី កំពុងចាប់អារម្មណ៌ក្នុងការជំរុញនិងពង្រឹងលើផ្នែកវិនិយោគ និងកិច្ចសហប្រតិបត្ដិការលើវិស័យមួយចំនួនថែមទៀត ជាពិសេស វិស័យទេសចរណ៍ ធុរកិច្ច និងសេដ្ឋកិច្ចជាដើម។ កាលពីមុនជនជាតិរុស្ស៊ីរាប់លាននាក់ចូលចិត្តទៅសម្រាកលំហែរកាយនៅប្រទេស Turkey និង Egypt តែដោយសារអសន្តិសុខ និងអស្ថិរភាព ទើបរដ្ឋាភិបាលរុស្ស៊ីហាមប្រាមមិនអោយពលរដ្ឋគេទៅកំសាន្តនៅទីនោះតទៅទៀត។

លោក Nikolay​ បន្តឪ្យដឹងថា ឥឡូវនេះភ្ញៀវទេសចររុស្ស៊ីបានបង្វិលទិសដៅមកប្រទេសថៃ ដែលជាឱកាសដល់កម្ពុជាក្នុងការស្រូបយកភ្ញៀវទេសចរមកប្រទេសយើង។ រុស្ស៊ីក៏មានបំណងវិនិយោគធំលើវិស័យទេសចរណ៌ដែលមានបីប្រទេសចូលរួមគឺ កម្ពុជា រុស្ស៊ី និងចិន ហើយមានការចាប់អារម្មណ៌ក្នុងការពង្រីកផ្លូវយន្តហោះអោយបានធំទូលាយដើម្បីទទួលយន្តហោះខ្នាតធំៗមកពីរុស្ស៊ី ដែលនឹងពិភាក្សាលម្អិតលើកិច្ចសហប្រតិបត្តិការនេះនៅពេលក្រោយ។ ទេសចររុស្ស៊ីចាប់អារម្មណ៌ខ្លាំងនៅតំបន់សមុទ្រក្រុងព្រះសីហនុ។

ជាមួយគ្នានោះសម្ដេច បានចាត់ទុកទំនាក់ទំនងនៃប្រទេសទាំង២ក្នុងរយៈពេលថ្មីៗនេះគឺមានដំណើរការជឿនលឿនជាសកម្មទៅមុខ។ សម្តេច សង្ឃឹមថាកិច្ចប្រជុំអន្ដររដ្ឋាភិបាលកម្ពុជា-រស្ស៊ី លើកទី៩ នឹងទទួលផលវិជ្ជមានជាច្រើនថែមទៀត ដែល រំពឹងថានឹងឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងប្រទេសទាំង២។ ដើម្បីរិតចំណងមិត្តភាព កម្ពុជា-រុស្ស៊ី អោយកាន់តែល្អរឹងមាំ គឺនឹងមានគម្រោងដាំដើមឈើមិត្តភាពនៅកម្ពុជានិងនៅរុស្ស៊ី ក្នុងកំឡុងពេល សម្តេចតេជោ អញ្ជើញទៅបំពេញទស្សនៈកិច្ចនៅទីនោះក្នុងខែ ឧសភា ខាងមុខនេះ។

សូមបញ្ជាក់ថាដំណើរទស្សនៈកិច្ចរបស់ លោក Nikolay Nikiforov គឺដើម្បីចូលរួមកិច្ចប្រជុំអន្ដររដ្ឋាភិបាល កម្ពុជា-រស្ស៊ីលើកទី៩។ លោក Nikolay បានចាត់ទុកសម្តេចជាមេដឹកនាំស្មោះត្រង់បំផុត ហើយលោក មើលឃើញ កម្ពុជារីកចម្រើនជឿនលឿនក្រោមការដឹកនាំរបស់ សម្តេចហ៊ុនសែនផ្ទាល់។

សម្តេចហ៊ុន សែន សង្ឃឹមថាកិច្ចប្រជុំអន្ដររដ្ឋាភិបាលកម្ពុជា-រស្ស៊ី លើកទី៩ នឹងទទួលផលវិជ្ជមានជាច្រើនថែមទៀត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់