(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជាថ្ងៃដែលប្រជាជនកម្ពុជា កំពុងប្រារព្ធពិធីបុណ្យសាសនា «មាឃបូជា» សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើនកុះករ ក្នុងពិធីបុណ្យមាឃបូជានេះ ដើម្បីសុខសន្តិភាព និង​ការអភិវឌ្ឍន៍។

ក្នុងឪកាសបុណ្យមាឃបូជា ថ្ងៃ១៥ កើត ពេញបូរណ៌មី ខែមាឃ ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជាថ្ងៃដែលប្រជាជនកម្ពុជា កំពុងប្រារព្ធពិធីបុណ្យសាសនា «មាឃបូជា» នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើនកុះករ ក្នុងពិធីបុណ្យមាឃបូជានេះ គោលបំណងដើម្បីសុខសន្តិភាព និងការរីកចម្រើន។

សម្តេច ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook Page ថា ប្រទេសកម្ពុជា ជាប្រទេសគោរពព្រះពុទ្ធសាសនា អស់កាលជាយូរមកហើយ ដែលមានប្រជាពលរដ្ឋជាង៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញក៏បានចាត់ទុក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៀតផង។ ចំនួនព្រះសង្ឃ និងវត្តអារាមបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការរីកចម្រើន ផ្នែកពុទ្ឋសាសនានៅកម្ពុជា។

សម្តេច ហ៊ុន សែន គូសបញ្ជាក់ថា ចំពោះមាឃបូជានៅថ្ងៃនេះ គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ព្រះពុទ្ឋសាសនា។ ពិធីបុណ្យនេះគឺដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗ​​​ នៅក្នុងព្រះពុទ្ធសាសនា ដូចជា រំឮកដល់ថ្ងៃចតុរង្គសន្និបាតនៃព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នាថ្ងៃ ១៥ កើត ខែមាឃ។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើអោយវិស័យពុទ្ធចក្ររីកលូតលាស់​ យ៉ាងស្គុសស្គាយនៅទូទាំងប្រទេស។ បច្ចុប្បន្ននេះកម្ពុជាមានវត្តអារាមចំនួន៤,៥១៤ វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយ១៧៤ វត្ត និងព្រះសង្ឃទាំងពីរគណៈមានចំនួន ៥៦,៨២០អង្គ ។

ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា «ព្រះពុទ្ឋសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នា ដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ ជាងនេះទៀត ការអប់រំបែបព្រះពុទ្ធសាសនា ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថរស់នៅរបស់ពលរដ្ឋ នៅក្នុងសង្គមកម្ពុជាផងដែរ។

សូមបញ្ជាក់ថា បុណ្យមាឃបូជា ថ្ងៃ១៥ កើត ពេញបូរណ៌មី ខែមាឃ គឺជាថ្ងៃដ៏មានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ ដូចជា៖ មាឃបូជា, ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពី ការត្រាស់ដឹង របស់ព្រះអង្គចំនួន ៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា​ ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់៕

ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុងពីទំព័រFacebook របស់សម្ដេច ហ៊ុន សែន៖

Capture

 

 

 

 

 

សម្ដេច ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមពិធីបុណ្យបុណ្យមាឃបូជា ដើម្បីសុខសន្តិភាព និងការរីកចម្រើន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់