សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីថា ប្រធានគណបក្សនយោបាយអាចមានសញ្ជាតិពីរ ឬច្រើនបាន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត។ សម្ដេច ហ៊ុន សែន ប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញ ប្រារព្ធមិទ្ទិញអបអរសាទរអនុស្សាវរីយ៍ខួប ៣៧ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ។

ថ្លែងក្នុងឱកាសអញ្ជើញ ប្រារព្ធមិទ្ទិញអបអរសាទរអនុស្សាវរីយ៍ខួប ៣៧ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីថា ប្រធានគណបក្សនយោបាយអាចមានសញ្ជាតិពីរ ឬច្រើនបាន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត។

ជាការកត់សម្គាល់ ការប្តូរចិត្តបើកឱកាសឲ្យប្រធានគណបក្សនយោបាយអាចមានសញ្ជាតិច្រើនបាន នាពេលនេះក្រោយពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សកាន់អំណាច ថ្មីៗនេះ បានប្រកាសថា នឹងស្នើឲ្យមានចែងច្បាប់ កំណត់ប្រធានគណបក្សនយោបាយទាំងអស់ត្រូវមានសញ្ជាតិខ្មែរតែមួយ។

តែយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីការពិចារណា និងការសម្រេចចិត្តពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នោះ គណបក្សបានសម្រេចបើកឱកាសឲ្យមេគណបក្សនយោបាយទាំងអស់ អាចមានសញ្ជាតិចាប់ពីពីរឡើងទៅ។

សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សនយោបាយទាំងអស់ ចង់មានសញ្ជាតិ ១ ឬ ១០សញ្ជាតិ សូមចូលមកធ្វើនយោបាយ ជាមួយគ្នា»។ តែការប្រកាសជាថ្មីនេះត្រូវសម្ដេច​ ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ចំណាប់ខ្មាំង​សម្រាប់​មនុស្ស​មួយចំនួន​នោះ​ទេ កម្ពុជា​មាន​គណបក្សនយោបាយ​ច្រើនណាស់ បើ​គ្មាន​វត្ត​មាន​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​នោះ ក៏​កម្ពុជា អាច​បន្ត​ដំណើរកា​របោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​បាន​ដោយ​រលូន​ដែរ​។

ការសម្រេចឲ្យមេបក្សនយោបាយមានសញ្ជាតិច្រើននេះ គឺចង់ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅក្រៅប្រ ទេស ដែលមានសញ្ជាតិច្រើន មានឱកាសចូលរួមធ្វើនយោបាយរួមគ្នាឲ្យបានកាន់តែច្រើនថែមទៀត។ នេះបើតាមសម្តេច ហ៊ុន សែន។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍គណបក្សនយោបាយទាំងអស់ចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨។

សូមរម្លឹកថា ថ្លែងកាលព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែល​ធ្វើឡើង​នៅកោះពេជ្រ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារនយោបាយ​ដល់គណបក្សនយោបាយនានា​ដែលចូលរួមប្រកួតប្រជែង​​ក្នុងពេលខាងមុខ​ដោយ​បញ្ជាក់ថា​ ចាប់ពីឆ្នាំ២០១៦ទៅ​ មេដឹកនំាគណបក្សនយោបាយ​ទំាងអស់ត្រូវមានសញ្ជាតិតែមួយ។ សម្ដេចហ៊ុន សែន កាលនោះ បានប្រកាសជំហរថា នឹងស្នើ​ឲ្យ​ក្រុមការងារ​ដើម្បីពិភាក្សា​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់ស្តីពីគណបក្ស​នយោបាយ បញ្ចូល​ចំណុច​មួយ​ដែល​ចែង​ថា​ប្រធានគណបក្ស​នយោបាយ​ត្រូវ​មាន​សញ្ជាតិខ្មែរតែមួយ​ប៉ុណ្ណោះ៕

 

 

 

សម្ដេច ហ៊ុន សែន ប្តូរចិត្តបើកឱកាសឲ្យប្រធានគណបក្សនយោបាយអាចមានសញ្ជាតិច្រើនបាន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់