(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានចេញលិខិតណែនាំដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា។

សម្តេច ហ៊ុន សែន បានសរសេរក្នុងសេចក្តីណែនាំនោះថា «ដើម្បីក្តាប់បាននូវសំណូមពរ របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា សូមសម្តេច ឯកឧត្តម លោកជំទាវ ចាត់តាំងក្រុមការងារ តាមដានស្រង់របាយការណ៍ព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានា របស់ប្រជាពលរដ្ឋដែលបានផ្ញើមកកាន់គេហទំព័រនាយករដ្ឋមន្រ្តី បន្ទាប់មកត្រូវឆ្លើយតប និងត្រូវរកដំណោះស្រាយជូនប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា»។

​ទម្ទឹមនឹងការ​សំណូមពរ​ដល់ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការ​សំខាន់​នេះ ដើម្បី​រួមសហការ​គ្នា​ដោះស្រាយ​រាល់​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​ ហើយនោះ យោងតាម​សេចក្តីណែនាំដដែល សម្តេច​នាយករដ្ឋមន្រ្តី ក៏បាន​ឱ្យដឹង​ផងដែរ​ថា ជំនួយការ​របស់​សម្តេច​ ​ដែល​ទទួលបន្ទុក​កិច្ចការ​នេះ នឹង​ផ្ញើជូន​នូវ​របាយការណ៍មួយចំនួន​បន្ថែម ដែល​ពាក់ព័ន្ធ​ទៅតាម​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត​នីមួយៗ ដែល​សម្តេច​ ​បានទទួល​ផ្ទាល់​ក្នុង​ប្រអប់​សំបុត្រ (Inbox) ​ពី​ប្រជាពលរដ្ឋ​។​

គួរបញ្ជាក់ថា កន្លងមក មានប្រជាពលរដ្ឋ យុវជន និងសិស្ស-និស្សិតជាច្រើន បានរាយការណ៍អំពីបញ្ហានានា របស់ពួកគេ ទៅកាន់ទំព័រ Facebook ផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះផ្លូវការជាភាសាអង់គ្លេសថា «Samdech Hun Sen, Cambodian Prime Minister»។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ក៏បានអន្តរាគមន៍ដោះស្រាយបញ្ហាទាំងនោះ បានភ្លាមៗ និងទាន់ពេលវេលាផងដែរ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី សម្តេច ហ៊ុន សែន ធ្លាប់បានលើកឡើងថា នឹងបញ្ជូនបញ្ហាទាំងនោះ ទៅឱ្យក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយ នៅពេលដែលសំណូមពរ របស់ប្រជាពលរដ្ឋកាន់តែច្រើនឡើង៕

ខាងក្រោមនេះ ជាលិខិតណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

12650879_951638544884643_3679831688574958010_n

 

 

 

 

សម្ដេច ហ៊ុន សែន ណែនាំឲ្យមន្រ្តីក្រោមឱវាទចាត់តាំងក្រុមការងារតាមដានស្រង់របាយការណ៍ និងសំណូមពររបស់ប្រជាពលរដ្ឋដែលផ្ញើមកកាន់គេហទំព័រនាយករដ្ឋមន្រ្តី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់