(ត្បូងឃ្មុំ)៖ សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី១១ ខែកុម្ភៈម្សិលមិញ បានថ្លែងដោយគាំទ្រពីការធ្វើចំណាកស្រុកដោយស្របច្បាប់ ព្រោះថាគឺជា​វិធី​ដោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​ តែយ៉ាងណា ចំពោះ​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​រាជរដ្ឋាភិបាល​ត្រូវតែ​ទប់ស្កាត់។

ថ្លែងក្នុងឪកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រាស់ប្រាស់ជាផ្លូវការ នូវសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (ស.ហ.ស.ត) នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច ហ៊ុន សែន បាន​ថ្លែងថា ចំពោះ​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​រាជរដ្ឋាភិបាល​ត្រូវតែ​ទប់ស្កាត់ ប៉ុន្ដែ​បើ​ការធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់​វិញ​នោះ គឺជា​វិធី​ដោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​។

សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា “មានអ្នកខ្លះបែងចែកអត់ច្បាស់ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស អ្វីដែលរាជរដ្ឋាភិបាលត្រូវទប់ស្កាត់ គឺចំណាកស្រុកខុសច្បាប់ រីឯការទៅរកការងារដែលស្របច្បាប់ គឺជាវិធីដោះស្រាយបញ្ហាការងារសម្រាប់ពលរដ្ឋ។ ជាមួយគ្នានេះ ប្រមុខ​រាជរដ្ឋាភិបាល បានរិះគន់អ្នកនយោបាយមួយចំនួនដែលបានលើកឡើងថា ខ្លួននឹងបង្កើតការងារជាច្រើនជូនពលរដ្ឋធ្វើ នៅពេលគណបក្សរបស់ខ្លួនឈ្នះ ប៉ុន្ដែការលើកឡើងនេះ ត្រូវសម្ដេច ហ៊ុន សែន ចាត់ទុកថា មិនទាន់នឹងឈ្នះផង បែរជាយកអ្នកមានធ្វើជាសត្រូវ ទៅហើយ តើមានអ្នកមានឯណា មកវិនិយោគទៀត”។

ប្រមុខរាជរដ្ឋាភិបាល បានលើកជាឧទាហរណ៍ថា សូម្បីតែប្រទេសហ្វីលីពីន ក៏មានពលករជាង១០លាននាក់ដែលចេញទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះជនជាតិហ្វីលីពីនលើស១ម៉ឺននាក់ ក៏កំពុងតែធ្វើការងារនៅក្នុងប្រទេសកម្ពុជាផងដែរ។ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើទៅកាន់អ្នកនយោបាយមួយចំនួនថា វិធីដោះស្រាយបញ្ហាការងារជូនប្រជាពលរដ្ឋ មិនមែនត្រឹមតែដោះស្រាយ នៅក្នុងស្រុកប៉ុណ្ណោះទេ ពោលគឺការស្វែងទីផ្សារការងារនៅក្រៅស្រុកក៏ជាផ្នែកមួយរបស់រាជរដ្ឋាភិបាលផងដែរ។ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា ជាការពិតរាជរដ្ឋាភិបាលត្រូវប្រឹងប្រែង ដើម្បីបង្កើតការងារបន្ថែមនៅក្នុងស្រុក ប្រសើរជាងទៅក្រៅស្រុក ព្រោះថាកម្ពុជាក៏នៅខ្វះកម្លាំងពលកម្មដែរ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺនិយោជកដែលម្ចាស់ចំការកៅស៊ូ ចំការម្រេច ត្រូវគិតគូពីការដំឡើងប្រាក់ខែជូនកម្មករ-និយោជិត និងត្រូវគិតគូពីបញ្ហានៃការស្នាក់នៅរបស់ពួកគេផងដែរ។

ជាការកត់សម្គាល់ ការលើកឡើងពីការគាំទ្រការធ្វើចំណាកស្រុកដោយស្របច្បាប់ពីសំណាក់សម្ដេច ហ៊ុន សែន ខាងលើ ក្រោយពីគណបក្សប្រឆាំង ក៏ដូចជាមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន កន្លងមកតែងបានរិះគន់លើរាជរដ្ឋាភិបាលកម្ពុជា អំពីបញ្ហាចំណាកស្រុករបស់ ប្រជាពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេស។ ពួកគេបានចោទរាជរដ្ឋាភិបាលថា ខ្វះសមត្ថភាពក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ទើបនាំឲ្យពលរដ្ឋខ្មែរត្រូវធ្វើចំណាកស្រុកទៅក្រៅប្រទេស។

យោងតាមរបាយការណ៍របស់ក្រសួងការងារនាពេលកន្លងទៅ បានបង្ហាញថា មានពលរដ្ឋកម្ពុជាខ្ទង់លាននាក់ បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដូចជា ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីជាដើម ហើយពួកគេក៏បានផ្តល់ប្រាក់ខែរាប់ម៉ឺនដុល្លារក្នុងមួយខែៗ មកជូនក្រុមគ្រួសារនៅស្រុកកំណើត។ ប៉ុន្តែរ ក៏មានប្រជាពលរដ្ឋខ្មែរជាច្រើនបានរងគ្រោះ ព្រោះតែការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ៕

 

សម្ដេច ហ៊ុន សែន គាំទ្រការធ្វើចំណាកស្រុកដោយស្របច្បាប់ តែជម្រុញឲ្យមានការទប់ស្កាត់ការធ្វើចំណាកស្រុកដែលខុសច្បាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់