(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា ​ការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ​ នីតិកាលទី៦ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ សប្ដាហ៏​ទី​៤ ខែកក្កដា ដដែល។ បើ​ផ្អែក​តាម​ការប្រកាស​នេះ ថ្ងៃអាទិត្យ  សប្តាហ៍​ទី​៤ នៃ​ខែកក្កដា ឆ្នាំ​២០១៨ គឺ​ចំ​ថ្ងៃទី​២២។​

​ថ្លែង​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប (AEU) នាព្រឹក​ថ្ងៃទី​២៥​ ខែឧសភា​នេះ សម្តេច ហ៊ុន សែន ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “អ៊ីចឹង​ទេ​ត្រៀមចាំ​មើលទៅ មើល​ក្នុង​ប្រក្រតីទិន​ទៅ តើ​ថ្ងៃអាទិត្យ នា​សប្តាហ៍​ទី​៤ ឆ្នាំ​២០១៨ គឺ​ថ្ងៃ​ណា គឺ​ថ្ងៃនោះ​ហើយ​។ ខ្ញុំ​ប្រកាស​ទៅតាម​ច្បាប់​អ៊ីចឹង​…​។ ខ្ញុំ​ធ្វើទៅ​តាមច្បាប់​តើ”​​។

​បន្ថែមពីលើការប្រកាសនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ធ្វើ​អត្តសញ្ញាណ​បណ្ណ ព​ន្លឿ​ន​ដំណើការ​ចុះឈ្មោះ​ដល់​ពលរដ្ឋ​ជាង​២​លាន​នាក់​ទៀត ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ​នោះ ឲ្យ​បាន​លឿន​បំផុត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទៅ​ចុះ​ឈ្មោះបោះឆ្នោត​។

គួរបញ្ជាក់ថា ខណៈការបោះឆ្នោតតំណាងរាស្រ្ត នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់កាលបរិច្ឆេទបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦៕

 

សម្ដេច ហ៊ុន សែន៖ ការបោះឆ្នោតតំណាងរាស្រ្ត នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់