(ត្បូងឃ្មុំ)៖ វិហារឥស្លាម ដែលបានចំណាយថវិការសាងសង់អស់ជិត ៨ម៉ឺនដុល្លារ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ សម្រាប់បម្រើដល់ការប្រណិប័តន៍សាសនារបស់សាសនិកខ្មែរ-ឥស្លាម។ 

លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោកស្រី  តំណាងឲ្យសម្តេច ហ៊ុន សែន នាយរដ្ឋមន្ត្រី និង សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម  កម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវវិហារឥស្លាមមួយកន្លែងស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។ វិហារឥស្លាម នេះ ស្ថិតនៅភូមិជៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានចំណាយថវិការសាងសង់អស់ជិត ៨ម៉ឺនដុល្លារ ដើម្បីបម្រើដល់ការប្រណិប័តន៍តាមបែបសាសនារបស់ប្រជាពលរដ្ឋ ជាសាសនិកខ្មែរ-ឥស្លាម។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវវិហារឥស្លាម នៅខេត្តត្បូងឃ្មុំ នាឲកាសនោះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារគោលនយោបាយលុបបំបាត់ភាពក្រីក្រ របស់រាជរដ្ឋាភិបាល  ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ មានជីវភាពធូរធារប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបានឲ្យដឹងផងដែរថា សមិទ្ធផលវិហារឥស្លាម ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នោះ ដោយសារប្រទេស ជាតិ មានសុខសន្តិភាព ម្ចាស់ជំនួយនានា បានទុកចិត្តលើរាជរដ្ឋាភិបាល ទើបអំណោយគ្រប់បែបយ៉ាង ត្រូវបាននាំមកជូនដល់សហគមន៍ ចូលរួមលុបបំបាត់ភាពក្រីក្រ លើកកម្ពស់វិស័យសាសនា និង វិស័យអប់រំ ក៏ដូចជាវិស័យផ្សេងៗទៀត។

បន្ទាប់ពី ពិធីសម្ពោធនិងបំពាក់គ្រឿងឥស្សរិយយស ជូនដល់ម្ចាស់ជំនួយ និង សកម្មជន ដែលបានចូលរួមកសាងសមិទ្ឋិផល លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បាននាំអំណោយរបស់សម្តេច ហ៊ុន​ សែន និង ភរិយា រួមមាន៖ ឧបត្ថម្ភវិហារ ២លានរៀល យុវជនកាកបាទក្រហម ៥០នាក់  យុវជនកាយរិទ្ធ ៥០នាក់ យុវជន ស.ស.យ.ក ៥០នាក់ យុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក) ១៦នាក់ ម្នាក់ៗ  ថវិកា ១ម៉ឺនរៀល គ្រូបង្រៀនឥស្លាម ២នាក់ ម្នាក់ៗ សារុង១ ថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ៨៣នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម ថវិកា ២ពាន់រៀល និង ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ៤២នាក់ ក្នុងម្នាក់ សារុង១ និង ថវិកា ២ម៉ឺនរៀល។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍សាងសង់ ឲ្យដឹងថា វិហារឥស្លាម ខាងលើ មានទំហំ ១៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ។ ចំណាយថវិកាសរុប  ៧៧.៩០០ ដុល្លារអាមេរិក និង ប្រាក់រៀល ៧.៧៨៦.០០០រៀល ដែលជាថវិការបស់សប្បុរសជនម៉ាឡេស៊ី និងមួយផ្នែកទៀត ជាការចូលរួមថវិកាបដិភាគរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ហើយក៏មានការជួយឧបត្ថម្ភ ពីលោក ជា សុផារ៉ា ប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ ចំនួន២,៧០០ដុល្លារ សម្រាប់ទិញដីផងដែរ៕

 

 

 

 

វិហារឥស្លាមតម្លៃជិត៨ម៉ឺនដុល្លារ ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ សម្រាប់សាសនិកខ្មែរ-ឥស្លាម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់