(ភ្នំពេញ)៖ លោក សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវព្រំដែនកម្ពុជា​ នាសន្និសីទបង្ហាញអំពីលទ្ធផល នៃដំណើរការទូទៅនៃការស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម កាលព្រឹកថ្ងៃម្សិលមិញ អះអាងថា ដំណើរការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម គ្មានអ្នកខាត ឬអ្នកចំណេញឡើយ គឺមានតែភាពត្រឹមត្រូវទៅតាមនិយាមការណ៍ ដែលបានកំណត់នៅលើផែនទីបោនខ្នាត ១/១០០ ០០០។

បន្ទាប់ពីបានដំណើរការស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម អស់រយៈពេលជាង ៧ខែ នៅលើខ្សែបន្ទាត់ព្រំដែនប្រមាណ ៥០០គីឡូម៉ែត្រ ក្នុងខេត្តចំនួន៤ គឺខេត្តស្វាយរៀង កណ្តាល កំពត និងត្បូងឃ្មុំ ក្រុមការងារស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៃ រាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោក សុខ ទូច ជាប្រធានក្រុម នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានបើកសន្និសីទព័ត៌មានបង្ហាញពីលទ្ធផល ក៏ដូចជាបញ្ហាមួយចំនួនទៅលើការងារស្រាវជ្រាវនេះ។

លោក សុខ ទូច បានថ្លែងនៅក្នុងសន្និសីទនេះថា ដំណើរការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម គ្មានអ្នកខាត ឬអ្នកចំណេញឡើយ គឺមានតែភាពត្រឹមត្រូវទៅតាមនិយាមការណ៍ ដែលបានកំណត់នៅលើផែនទីបោន ខ្នាត ១ លើ ១០០ ០០០។ លោក សុខ ទូច បានបញ្ជាក់ថា ការបោះបង្គោលព្រំដែននេះ មានកន្លែងខ្លះចូលមកដីខ្មែរ ហើយកន្លែងខ្លះក៏ចូលទៅក្នុងដីរបស់វៀតណាម។ លោក សុខ ទូច បានបង្ហាញក្តីរំពឹងថា ក្រោយពេលក្រុមការងាររបស់លោកស្រាវជ្រាវចប់ លោកនឹងចងក្រងជាឯកសារប្រវត្តិសាស្រ្ត មួយសម្រាប់ប្រជាពលរដ្ឋ ហើយក៏អាចជួយឲ្យប្រជាពលរដ្ឋលែងឈ្លោះគ្នា និងព្រួយបារម្ភពីការបាត់បង់ទឹកដីបន្តទៅទៀតផងដែរ។

គួរកត់សម្គាល់ថា ក្នុងសន្និសីទព័ត៌មានកាលព្រឹកថ្ងៃម្សិលមិញ ក្រៅពីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួន លោក សុខ ទូច ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​លើកឡើងដែរ​ថា ករណី​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​អំពី​បញ្ហា​ផែនទី និង​ព្រំដែន នា​ពេលកន្លងមក និង​ពេល​ថ្មីៗ​នេះ គឺ​ដើម្បី​កូរ និង​បង្ក​បញ្ហា​ល្អក់កករ​នៅ​កម្ពុជា​។

បើតាមលោក សុខ ទូច បានបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​របស់​លោក​ថា បាន​អះអាង​ខុស​ចំពោះ​បង្គោល​ព្រំដែន​របស់​អាណានិគម​បារាំង​៨៥ ដែល​ស្ថាន​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ​បន្ថែមលើនេះ លោក សុខ ទូច អះអាងថា បង្គោល​ព្រំដែន​ដែល​នៅ​ជិត​ទន្លេ​ចាម នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​គឺ ៧៧ មិនមែន​៨៥ ដូច​ការអះអាង​របស់​លោក អ៊ុំ សំអាន ​ទេ​ ដែលករណីនេះ លោក សុខ ទូច បាន​សង្គត់ធ្ងន់​ថា លោក ហ៊ាន​ភ្នាល់​ដាក់​ជីវិត បើ​ទៅ​មើល​ទៅ​មិនឃើញ​បង្គោល​​៧៧​។

តែយ៉ាងណា ករណីលោក សុខ ទូច លើកឡើងខាងលើនេះ មិនទាន់មានការប្រតិកម្មយ៉ាងណានោះទេពីលោក អ៊ុំ សំអាន ខណៈអ្នក​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ស​ន្និសិទ​ការ​សែត​របស់​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជ​បណ្ឌិ​សភា​កម្ពុជា បាន​សម្ដែង​ការពេញចិត្ត និង​សប្បាយរីករាយ​យ៉ាងខ្លាំង​នេះ​នៅពេល​ដែលប្រ​ធា​ន​​​ក្រុម​​ស្រាវជ្រាវ លោក​ ​សុខ ទូច ​បាន​លើកឡើង​ថា ក្រោយពេល​ដែល​បញ្ចប់​ការស្រាវជ្រាវ​ក្រុម​របស់​លោក​នឹង​ចង់ក្រង​ជា​ឯកសារ​ដើម្បី​ដាក់ឲ្យ​ប្រជាពលរដ្ឋ​អាចសិក្សា​ពី​បញ្ហា​ព្រំដែន និង​ព្រំដែន​ពិតប្រាកដ​ជាក់លាក់​ត្រឹ​ម​ត្រូ​វ​នា​ពេល​​បញ្ចប់​ការស្រាវជ្រាវ​៕

លោក សុខ ទូច៖ ដំណើរការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម គ្មានអ្នកខាត ឬអ្នកចំណេញឡើយ គឺត្រឹមត្រូវទៅតាមនិយាមការណ៍

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់