រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា បញ្ហាបរិស្ថានជាបញ្ហាកង្វល់រួម ដែលចាំបាច់ត្រូវចូលរួមគិតគូរតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ថ្នាក់តំបន់ និងសកលលោក ដើម្បីទប់ស្កាត់ ការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យមាននិរន្តរភាពដល់ការប្រើប្រាស់និងការអភិវឌ្ឍដោយចីរភាព ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា បញ្ហាបរិស្ថានជាបញ្ហាកង្វល់រួមរបស់យើងទាំងអស់គ្នា ដែលចាំបាច់ត្រូវចូលរួមគិតគូរតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ថ្នាក់តំបន់ និងសកលលោក ដើម្បីទប់ស្កាត់ ការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យមាននិរន្តរភាពដល់ការប្រើប្រាស់និងការអភិវឌ្ឍដោយចីរភាព ដូចជាកន្លងមកនេះ ក្រសួងបរិស្ថានបានកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ លើគោលនយោបាយកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ រចនាសម្ព័នគ្រប់គ្រង រួមទាំងការធ្វើទំនើបកម្មស្ថានប័នផងដែរ។

លោករដ្ឋមន្ត្រីបានបន្តថា ជាការពិត សាលាមេត្រីបរិស្ថាន ជាគំនិតមួយដែលផ្តួចផ្តើមជាលក្ខណៈអន្តរជាតិ និងតំបន់ ដើម្បីជម្រុញឱ្យសាលារៀនមានបរិស្ថានស្អាតជានិរន្ត ដោយតម្រូវឱ្យសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូចូលរួមរៀនអំពីបរិស្ថាន សកម្មភាពក្នុងការញែក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវតាមគោលការណ៍3Rs ចូលរួមអភិរក្ស និងដាំដើមឈើក្នុងបរិវេណសាលា ការប្រើប្រាស់ធនធានដោយសន្សំសំចៃ ការចូលរួមផ្សព្វផ្សាយតាមសហគមន៍ជុំវិញសាលា ដើម្បីចូលរួមថែរក្សាបរិស្ថានជុំវិញ និងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការកើនឡើងកំដៅភពផែនដី។

ជាមួយគ្នានេះដែរលោក បន្ថែមថា ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍ សាលាមេត្រីបរិស្ថាន ក្នុងក្របខណ្ឌជាតិ ដោយអនុឡោមតាមគោលការណ៍សាលាមេត្រីបរិស្ថានអាស៊ាន។ គោលការណ៍ណែនាំនេះ នឹងក្លាយជាបទដ្ឋានមួយដើម្បីយកទៅវាយតម្លៃ និងវាស់ស្ទង់លើការអនុវត្តគោលការណ៍មេត្រីភាពបរិស្ថានតាមសាលារៀននៅ កម្រិតបឋម និងមធ្យមសិក្សានៅទូទាំងប្រទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងទៀតថា «គោលការណ៍ណែនាំសាលាមេត្រីបរិស្ថាននេះ គឺជាឧប្បករណ៍មួយយ៉ាងសំខាន់ សម្រាប់ក្រុមការងារក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡា យកទៅវាយតម្លៃទៅលើកម្រិតនៃការអនុវត្តមេត្រីភាពប រិស្ថាននៅតាមសាលា ដើម្បីចូលរួមការ ប្រកួតពានរង្វាន់សាលាមេត្រីបរិស្ថាន ចាប់ពីឆ្នាំ ២០១៧ នេះតទៅ។

លោកក៏បានបញ្ជាក់ទៀតថា ដើម្បីជំរុញឲ្យមានបរិស្ថានស្អាតក្នុងសាលានៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន នឹងរៀបចំឲ្យមានការប្រកួតប្រជែង យកពានរង្វាន់សាលាមេត្រីបរិស្ថាន ហើយសាលាដែលជាប់ជាសាលាមេត្រីបរិស្ថានក្នុងក្របខណ្ឌជាតិ នឹងត្រូចជ្រើសឲ្យចូលរួម ប្រកួតជាសាលាមេត្រីបរិស្ថានក្នុងក្របខណ្ឌអាស៊ាន ឬជាអន្តរជាតិនានា។

សូមបញ្ជាក់ថាការលើកឡើងរបស់លោក រដ្ឋមន្ត្រី សាយ សំអាល់បែបនេះបានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយ ស្តីពីគោលការណ៍ ណែនាំសាលាមេត្រីបរិស្ថាននៅកម្ពុជានាក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ២០១៦។

លោក រដ្ឋមន្ត្រី សាយ សំអាល់ ៖ បរិស្ថានជាបញ្ហាកង្វល់រួម ដែលចាំបាច់ត្រូវចូលរួមគិតគូរ តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ និងសកលលោក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់