(ភ្នំពេញ)៖ លោក ជា មុនី ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បានព្រលយថា កម្មករ កម្មការិនី ប្រមាណ៥០ទៅ៦០ម៉ឺននាក់ នឹងផ្ទុះការតវ៉ា ប្រសិនបើឃាតកសម្លាប់លោក ជា វិជ្ជា​ អតីតប្រធានសហជីពសេរីកម្មករ កាលពី១២ឆ្នាំមុន ពោលគឺកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតែមិនអាចវែកមុខទៀតនោះ។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្នុងពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅលើសួនច្បារមុខវត្តលង្ការ កន្លែងតម្កល់រូបសំណាក លោក ជា វិជ្ជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ លោក ជា មុនី បានថ្លែងថា កម្មករ-កម្មការិនី រាប់ម៉ឺននាក់នៅកម្ពុជា នៅតែចងចាំនូវ គុណូបការៈលោក ជា វិជ្ជា ដែលបានខិតខំប្រឹងប្រែង ក្នុងការទាមទារសិទ្ធិសេរិភាព និងប្រាក់បៀវត្សរ៍ជូនកម្មករ ចាប់តាំងពី ៣៧ដុល្លារនៅឆ្នាំ១៩៩៥ និងឈានឡើងជាបន្តបន្ទាប់រហូតជាង ១៤០ដុល្លារនាពេលបច្ចុប្បន្ននេះ។ លោកបន្តថា កម្មករ-កម្មការិនី នៅតែឈឺចាប់ចំពោះភាព យឺតយ៉ាវក្នុងការវែកមុខឃាតកសម្លាប់លោក ជា វិជ្ជា។

លោក ជា មុនី បានថ្លែងយ៉ាងដូច្នេះ «យើងមានកម្មករ-កម្មការិនី ៥០-៦០ម៉ឺននាក់គាំទ្រយើង។ ហើយកម្មករ-កម្មការិនីទាំងអស់ហ្នឹង គឺស្រឡាញ់លោក ជា វិជ្ជា ណាស់ ដោយសារលោក ជា វិជ្ជា ទើបប្រាក់បៀវត្សរ៍កែពី៣៧ដុល្លារ នៅឆ្នាំ១៩៩៥ មក១៤០ដុល្លារនៅឆ្នាំ២០១៦ ដែលសុទ្ធសឹងជាមរតករបស់លោក ជា វិជ្ជា។ ដូច្នេះបើសិនរដ្ឋាភិបាល គាត់អត់ស្វែងរកឃាតកទេ នោះកំហឹងកម្មករ-កម្មការិនី កំហឹងអាណាព្យាបាល កម្មករ-កម្មការិនី ប្រជាពលរដ្ឋគេនឹងងើបបះបោរតវ៉ា ដើម្បីបញ្ជាក់ថាប្រទេសណា ក៏ដោយមិនអាចមាននីទណ្ឌភាពបែបនេះឡើយ»។

សូមរម្លឹកថា លោក ជា វិជ្ជា ត្រូវបានឃាតកមិនស្គាល់មុខ បាញ់ប្រហារដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ពេលលោកកំពុងអានកាសែត នៅមុខតូបលក់កាសែត ជាប់របងវត្តលង្ការ។ មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ការបាញ់សម្លាប់លោក ជា វិជ្ជា មានរយៈពេល ១២ឆ្នាំហើយ តែឃាតក មិនទាន់ត្រូវបានវែកមុខនៅឡើយទេ។ តែយ៉ាងណា ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ កន្លងមក លោក សុខ សំអឿន និងលោក ប៊ន សំណាង ត្រូវបានចាប់ខ្លួន និងកាត់ទោសដាក់គុកអស់រយៈពេលជិត១០ឆ្នាំ តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ។ ប៉ុន្តែក្រោយមកតុលាការកំពូលបានលើកលែងការចោទប្រកាន់អ្នកទាំងពីរនាក់នោះជាស្ថាពរវិញ ដោយសាររកមិនឃើញមានពិរុទ្ធភាព។

ពាក់ព័ន្ធនឹងឃាតកម្មលើលោក ជា វិជ្ជា កាល១២ឆ្នាំមុននេះដែរ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្ម សម្លាប់លោក ជា វិជ្ជា និង មេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និង លោក រស់ សុវណ្ណារ៉េត។ គណៈកម្មការស៊ើបអង្កេតនេះ មានលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ យ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្នគណៈកម្មការមួយនេះ មានអាយុជាង ៥ខែហើយ តែហាក់មិនទាន់មានពន្លឺ នៃការស៊ើបអង្កេតនៅឡើយនោះទេ ខណៈឃាតកម្មលើសហជីពចំនួន៣រូបខាងលើ ត្រូវក្រុមមន្រ្តីសិទ្ធិមនុស្ស ចាត់ទុកថា មានជាប់ពាក់ព័ន្ធនឹងមន្រ្តីមានអំណាច។

ជាមួយគ្នានោះ ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុនី ដែលសព្វថ្ងៃកំពុងដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបន្តពីបងប្រុស ឲ្យដឹងថាយុត្តិធម៌សម្រាប់បងប្រុសរបស់លោកហាក់នៅឆ្ងាយនៅឡើយ និងថាមិនសូវមានជំនឿលើគណៈកម្មការមួយនេះប៉ុន្មាននោះទេ ប៉ុន្តែលោកថាលោកនៅតែបន្តរង់ចាំលទ្ធផលស៊ើបអង្កេតពីគណៈកម្មការមួយនេះ ខណៈលោកមិនអាចធ្វើអ្វីបានលើសពីនេះ។ បន្ថែមលើនេះ នៅក្នុងពិធីជួបជុំនាព្រឹកនេះ ក្រៅពីការថ្លែងសាររំឮកពីវីរភាពលោក ជា វិជ្ជា ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសិទ្ធិសេរីភាព និងប្រាក់ខែរបស់កម្មករ កម្មការិនីហើយនោះ  លោក ជា មុនី ជាប្អូនប្រុស ក៏បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមវែកមុខ ឃាតក និងអ្នកនៅពីក្រោយខ្នង មកផ្តន្ទាទោសផងដែរ ដើម្បីផ្តល់នូវយុត្តិជូនជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានទន្ទឹងរង់ចាំអស់រយៈពេល ១២ឆ្នាំមកហើយ៕

 

លោក ជា មុនី ព្រលយថានឹងមានកម្មករពី៥០ទៅ៦០ម៉ឺននាក់ផ្ទុះការតវ៉ា បើឃាតកសម្លាប់លោក ជា វិជ្ជា មិនត្រូវវែកមុខទៀតនោះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់