នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ លោក ជា មុនី ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ បានជួបជុំជាមួយអ្នកចូលរួមប្រមាណ២០០នាក់ រំឮកខួប១២ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ដែលត្រូវឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៤។

ដូចអ្វី ដែលបានព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ ក្រុមគ្រួសារ កម្មករ កម្មការិនី សហជីព រួមនឹងមន្រ្តីអង្គការសង្គមស៊ីវិល ប្រមាណ២០០នាក់ ដឹកនាំដោយលោក ជា មុនី នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានជួបជុំគ្នាសួនច្បារមុខវត្តលង្ការ កន្លែងតម្កល់រូបសំណាកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធ។ នៅក្នុងពិធីជួបជុំគោរពវិញ្ញាណក្ខន្ធនាព្រឹកនេះ ក៏មានការចូលរួមពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ហូរ វណ្ណ លោក យឹម សុវណ្ណ និងលោក ជា ប៉ូច ផងដែរ។

យោងតាមកិច្ចពិភាក្សាកាលពីថ្ងៃទី១៩ ខែមករា សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យមានការដាក់កម្រងផ្កាលើរូសំណាកលោក ជា វិជ្ជា ប៉ុន្តែសាលារាជធានីមិនអនុញ្ញាតឲ្យមានការហែក្បួន ដែលសាលារាជធានីយល់ថានាំឲ្យប៉ះពាល់ដល់រដ្ឋាភិបាល ព្រះមហាក្សត្រ និងប្រទេសជិតខាងឡើយ។ សាលារាជធានីភ្នំពេញ ក៏បានហាមមិនឲ្យមានការតិះដៀលទៅលើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ឬ ក៏ថ្លែងសារនយោបាយ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នេះឡើយ។

សូមរម្លឹកថា លោក ជា វិជ្ជា ត្រូវបានឃាតកមិនស្គាល់មុខ បាញ់ប្រហារដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ពេលលោកកំពុងអានកាសែត នៅមុខតូបលក់កាសែត ជាប់របងវត្តលង្ការ។ មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ការបាញ់សម្លាប់លោក ជា វិជ្ជា មានរយៈពេល ១២ឆ្នាំហើយ តែឃាតក មិនទាន់ត្រូវបានវែកមុខនៅឡើយទេ។ តែយ៉ាងណា ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ កន្លងមក លោក សុខ សំអឿន និងលោក ប៊ន សំណាង ត្រូវបានចាប់ខ្លួន និងកាត់ទោសដាក់គុកអស់រយៈពេលជិត១០ឆ្នាំ តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ។ ប៉ុន្តែក្រោយមកតុលាការកំពូលបានលើកលែងការចោទប្រកាន់អ្នកទាំងពីរនាក់នោះជាស្ថាពរវិញ ដោយសាររកមិនឃើញមានពិរុទ្ធភាព។

ពាក់ព័ន្ធនឹងឃាតកម្មលើលោក ជា វិជ្ជា កាល១២ឆ្នាំមុននេះដែរ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្ម សម្លាប់លោក ជា វិជ្ជា និង មេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និង លោក រស់ សុវណ្ណារ៉េត។ គណៈកម្មការស៊ើបអង្កេតនេះ មានលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ យ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្នគណៈកម្មការមួយនេះ មានអាយុជាង ៥ខែហើយ តែហាក់មិនទាន់មានពន្លឺ នៃការស៊ើបអង្កេតនៅឡើយនោះទេ ខណៈឃាតកម្មលើសហជីពចំនួន៣រូបខាងលើ ត្រូវក្រុមមន្រ្តីសិទ្ធិមនុស្ស ចាត់ទុកថា មានជាប់ពាក់ព័ន្ធនឹងមន្រ្តីមានអំណាច។

ជាមួយគ្នានោះ ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុនី ដែលសព្វថ្ងៃកំពុងដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបន្តពីបងប្រុស ឲ្យដឹងថាយុត្តិធម៌សម្រាប់បងប្រុសរបស់លោកហាក់នៅឆ្ងាយនៅឡើយ និងថាមិនសូវមានជំនឿលើគណៈកម្មការមួយនេះប៉ុន្មាននោះទេ ប៉ុន្តែលោកថាលោកនៅតែបន្តរង់ចាំលទ្ធផលស៊ើបអង្កេតពីគណៈកម្មការមួយនេះ ខណៈលោកមិនអាចធ្វើអ្វីបានលើសពីនេះ។ បន្ថែមលើនេះ នៅក្នុងពិធីជួបជុំនាព្រឹកនេះ ក្រៅពីការថ្លែងសាររំឮកពីវីរភាពលោក ជា វិជ្ជា ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសិទ្ធិសេរីភាព និងប្រាក់ខែរបស់កម្មករ កម្មការិនីហើយនោះ  លោក ជា មុនី ជាប្អូនប្រុស ក៏បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមវែកមុខ ឃាតក និងអ្នកនៅពីក្រោយខ្នង មកផ្តន្ទាទោសផងដែរ ដើម្បីផ្តល់នូវយុត្តិជូនជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានទន្ទឹងរង់ចាំអស់រយៈពេល ១២ឆ្នាំមកហើយ៕

 

លោក ជា មុនី ជួបជុំជាមួយអ្នកចូលរួមប្រមាណ២០០នាក់ រំឮកខួប១២ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់