(ភ្នំពេញ)៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានស្នើដល់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បីចេញវិធានការការពារដល់សន្តិសុខ សុវត្ថិភាព ជូនដល់តំណាងរាស្រ្ត ថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន បន្ទាប់ពីមានការព្រមានធ្វើបាតុកម្មប្រឆាំងគណបក្សនេះ ដោយសកម្មជនគាំទ្រគណបក្សប្រជាជន។

តាមរយៈលិខិតផ្ញើជូនសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងថា នាពេលថ្មីៗនេះ មានបុគ្គលមួយចំនួនបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន ដោយគំរាមថានឹងរៀបចំបាតុកម្មប្រឆាំងថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិ ព្រមទាំងចង់រំលាយគណបក្សនេះទៀតផង។ លោក កឹម សុខា ចាត់ទុកព័ត៌មានទាំងអស់នេះគឺជាការគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិទាំងមូល។

ក្នុងលិខិតដដែលនោះ អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា “បើពុំមានការចាត់វិធានការពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ ថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិការគណបក្សសង្គ្រោះជាតិអាចនឹងប្រឈមចំពោះការរំលោភបំពានដល់រាងកាយដោយប្រការណាមួយជាមិនខាន ប្រសិនបើបាតុកម្មកើតឡើងពិតមែន ព្រោះកន្លងមកធ្លាប់មានករណីរំលោភបំពានរួចទៅហើយ”។

ជាការកត់សម្គាល់ ការស្នើសុំពីសំណាក់គណបក្សសង្គ្រោះជាតិនាពេលនេះ ធ្វើឡើងក្រោយពីមានបុរសពីរនាក់ដែលចេញមុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសថា ពួកគេនឹងធ្វើបាតុកម្មរំលាយគណបក្សគណបក្សសង្រ្គោះជាតិ ប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងហ៊ានធ្វើបាតុកម្មប្រឆាំងប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ដែលនឹងបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃនៅសហរដ្ឋអាមេរិក នាដើមសប្ដាហ៏ក្រោយនេះ។

លើសពីនេះ ថ្មីៗនេះ បុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុក និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទ លោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថា លោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ តែយ៉ាងណា ការលើកឡើងនេះ ត្រូវលោក កឹម សុខា បដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោកនោះទេ។

សូមរម្លឹកថា អំឡុងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបសម្ដេច នៅទីនោះផងដែរ។ មួយខែក្រោយមកខណៈពេល សម្ដេច ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាទាមទារឲ្យសម្ដេចចុះចេញពីតំណែង។ ភ្លាមៗនោះសម្ដេច ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាសម្ដេចគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមាន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវក្រុមបាតុករវាយឲ្យរងរបួសធ្ងន់ក្នុងបាតុកម្មនាពេលនោះផងដែរ៕

ខាក្រោមនេះ ជាលិខិតស្នើសុំរបស់លោក កឹម សុខា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖

12670114_1557359291245103_1488231960417444140_n

លោក កឹម សុខា ស្នើឲ្យក្រសួងមហាផ្ទៃ ការពារសុវត្ថិភាពថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន នៅពេលមានបាតុកម្ម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់