(សៀមរាប)៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងប្រកាស​ចុះ​ជួប​សមាជិក និង​អ្នក​គាំទ្រ​នៅខេត្ត​សៀមរាប កាល​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ២០១៦ ម្សិលមិញ បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនមិនឲ្យមានការ​​ធ្វើបាតុ​កម្ម​​នៅ​​ក្នុង​​​​និង​​ក្រៅ​ស្រុកនោះទេ ​ដើម្បី​ត្រៀម​ខ្លួនទៅ​បោះឆ្នោត​ដើម្បី​ឈ្នះ​ និងដើម្បីឲ្យមានការផ្លាស់ប្ដូរ។

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បាន​ថ្លែង​ប្រាប់​ទៅកាន់​សកម្មជន សកម្ម​នារី និង អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​ថា អត់​ធ្វើ​បាតុកម្ម​ទៀត​ទេ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ ការ​ថ្លែង​បែប​នេះ​របស់លោក កឹម សុខា ខណៈលោកបានចុះ​ជួប​សកម្មជន អ្នកគាំទ្រ​របស់ខ្លួន​ស្ថិតក្នុង​ខេត្ត​សៀមរាប នាព្រឹក​ថ្ងៃ ទី​៣០ ខែ​មករា ឆ្នាំ ២០១៦​។ អនុប្រធានគណបក្សសង្រ្គោះជាតិ រូបនេះ គូសបញ្ជាក់ថា ការឈប់​ធ្វើបាតុកម្មនេះ គឺ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​ដើម្បី​ឈ្នះ​ និងដើម្បីឲ្យមានការផ្លាស់ប្ដូរ ព្រោះប្រជាពលរដ្ឋចង់មានការផ្លាស់ប្ដូរ។​

​ជាការឆ្លើយតប ពាក់ព័ន្ធ​ទៅនឹង​ការប្រកាស​ឈប់​ធ្វើ​បាតុកម្ម​របស់​គណបក្សសង្រ្គោះជាតិ នាពេលនេះ ត្រូវបាន​ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ជា​សិទ្ធ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ក្នុង​ការសម្រេច​ដឹកនាំ​ស​ក​​ម្មជន ​និង​​ស​មា​ជិក​ ​ស​មា​ជិ​កា​ ​ហើយ​​ជា​ការដកពិសោធន៍​ផងដែរ ព្រោះ​ធ្វើ​កន្លងមក​មិន​បាន​ផលប្រយោជន៍ និង​នាំឲ្យ​មាន​ផលវិបាក់​ផ្សេងៗ​ទៅ​ដល់​សកម្មជន និង​អ្នកគាំទ្រ​។​

សូមបញ្ជាក់ថា ក្រៅពីការប្រកាសមិនឲ្យអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្មនៅក្នុងនិងក្រៅស្រុក ក្នុងជំនួបជាមួយ​សកម្មជន និងអ្នកគាំទ្រ​ កាលព្រឹក​ថ្ងៃម្សិលមិញ លោក​កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី ពី​ផែនការ​យុទ្ធ​របស់ខ្លួន ក្នុង​ការដណ្តើម​អំណាច​ពី​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាងមុខ​។ ផែនការ​យុទ្ធសាស្ត្រ​ចំបង ដែល​ត្រូវ​រៀបចំ​ដំបូង​គេ គឺ​ការរៀបចំ​រចនាសម្ព័ន្ធ​ឲ្យបាន​ដល់​គ្រប់​មូលដ្ឋាន​ទាំង​អស់ បន្ទាប់ពី​មក​ទៀត​គឺ​ការរៀបចំ​គោលនយោបាយ ដែលមាន​២​ចំណុច ទី​១​គឺ​គោលនយោបាយ​មូលដ្ឋាន និង​ទី​២​គោលនយោបាយ​ថ្នាក់ជាតិ​។

បើតាមលោក កឹម សុខា បច្ចុប្បន្ននេះ គ្មាន​គណបក្ស​ណា ដែល​មាន​រចនាសម្ព័ន្ធ​មូលដ្ឋាន តាំងពី​ថ្នាក់លើ រហូតដល់​ថ្នាក់​ភូមិ ដូច​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ លើកលែង​តែ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​គេ​ជា​គណបក្សកាន់អំណាច គេ​មាន​យូរហើយ​។ លោក​កឹម សុខា បន្ថែមថា កន្លងមក​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលនយោបាយ​ល្អ ប៉ុន្តែ​ចាញ់​គេ​ត្រង់​ថា ខ្លួន​នៅ​មិនទាន់​មាន​រចនាសម្ព័ន្ធ​។ ដូច្នេះ​ចាប់ពី​ពេលនេះ តទៅ​លោក​កឹម សុខា បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន​ទាំងអស់ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ទៅតាម​គោលនយោបាយ របស់​គណបក្ស ដោយ​ត្រូវ​ដកស្រង់​នូវ​អ្វី ដែល​ជា​បញ្ហា​រួម និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ​៕

 

លោក កឹម សុខា ប្រាប់អ្នកគាំទ្រមិនឲ្យមានការធ្វើបាតុកម្មនៅក្នុងនិងក្រៅស្រុក ដើម្បីត្រៀមខ្លួនបោះឆ្នោតដើម្បីឈ្នះ និងផ្លាស់ប្ដូរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់