(ព្រៃវែង)៖ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​​សកម្មជនអ្នកគាំទ្រនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែមីនា ថ្លែងសំដៅទៅគណបក្សកាន់អំណាច ថា គូប្រជែងកំពុងប្រើយុទ្ធសាស្ត្រ កាត់ក្បាល ហើយបំបែកខ្លួន។ 

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ លោក កឹម សុខា ដែលកំពុង​រង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា លើកឡើង​ថាគូ​ប្រជែង​របស់​ខ្លួន​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រដើម្បី​កំចាត់​ថ្នាក់​ដឹកនាំទាំង​ពីរ​របស់​គណបក្ស​នេះ​ ​រួច​បំបែកអ្នក​គាំ​ទ្រ​តាម​ក្រោយ ដោយ​លោក​ហៅ​យុទ្ធសាស្ត្រ​នេះ​ថា“​កាត់​ក្បាលទាំង​ពីរ​​ ហើយ​បំបែក​ខ្លួន​”​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​នៅទីស្នាក់ការគណបក្សក្នុង​ខេត្តព្រៃវែង កាលព្រឹកថ្ងៃម្សិលមិញ លោក កឹម សុខា បាន​ថ្លែងថា មាន​សមាជិក​នៅ​ភាគី​ម្ខាង​ទៀត​ដែល​ទំនងលោក​​សំដៅ​ទៅគណបក្សប្រជាជន​កម្ពុជា​ បាន​ប្រាប់​គណបក្ស​សង្គ្រោះជាតិ​ ថា កន្លង​មកគូ​ប្រជែង​របស់​ខ្លួន​ព្យាយាម​ប្រើប្រាស់​យុទ្ធសាស្ត្របំបែក​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​របស់​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​បំបែក​អ្នក​គាំ​ទ្រ​របស់គណបក្ស​នេះ​។

បើតាមលោក កឹម សុខា ដោយ​សារ​តែ​យុទ្ធសាស្ត្រ​​នេះមិន​បាន​សម្រេច ​ទើប​គូ​ប្រជែង​បាន​ផ្លាស់​ប្ដូរ​ទៅប្រើប្រាស់យុទ្ធសាស្ត្រ​កំចាត់​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​របស់​គណបក្សសង្គ្រោះជាតិ រួច​ទើប​បំបែក​ថ្នាក់​ក្រោម​ជា​​ក្រោយ​។

យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​មាន​ប្រសាសន៍​ថាការ​លើក​ឡើង​របស់​លោក កឹម សុខា គ្រាន់​តែ​វោហារសាស្ត្រ​នយោបាយ និង​ជា​ការលួង​ចិត្ត​អ្នក​គាំ​ទ្ររបស់​ខ្លួន​ប៉ុណ្ណោះ​។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​នយោបាយ​បំបែក​បំបាក់​អ្នក​ដទៃ​ទេ ដោយ​លោក​ថា គណបក្ស​គិត​តែ​ខំ​ពង្រឹង​ខ្លួន​ឯង​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​របស់តុលាការកម្ពុជា។  លោកត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងចំនួនពីរ​ គឺ៖ ទី១) ជាប់ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង និង​ ទី២) ​ពាក់ព័ន្ធនឹងការចោទប្រកាន់សមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងរបស់អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ។ ក្រៅពីនេះ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងរឿងបរិហាកេរ្តិ៍ចំនួន​ពីរ ទាក់ទង​នឹង​ការ​បង្ហោះឯកសារតាមបណ្ដាញសង្គមFacebook​។

ចំណែក​លោក កឹម សុខា កំពុង​រង​ការ​ចោទ​ប្រកាន់រឿង​អាស្រូវ​ស្នេហា ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ​ក៏​បាន​ព្រម​ទទួល​យក​ករណី​នេះ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ តាម​ពាក្យ​បណ្ដឹង​របស់យុវជន​មួយ​ក្រុម​ដែល​ចោទ​លោក​ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះ និងដី។

រី លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេស របស់រដ្ឋសភា  និងជាតំណាងរាស្រ្តបក្សកាន់អំណាច ថ្លែងថា លោក កឹម សុខា ត្រូវតែលាលែងពីតំណាងរាស្រ្តប្រសិនបើករណីអាស្រូវស្នេហាជារឿងពិត ដោយគំរាមថានឹងបង្កើតគណៈកម្មការស៊ើបអង្កេតមួយលើករណីនេះ៕

លោក កឹម សុខា៖  គូប្រជែងកំពុងប្រើយុទ្ធសាស្ត្រ កាត់ក្បាល ហើយបំបែកខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់