នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ កម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង និងមេនហាធេន ស្ទើរទាំងអស់នៅក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាចូលធ្វើការធម្មតាវិញ ក្រោយពីឈប់សម្រាករយៈពេល២ថ្ងៃ។​ តែយ៉ាងណា ក្នុងចំណោមនោះ ក៏មានផងដែរ កម្មករក្នុងរោងចក្រមួយ នៅមិនព្រមចូលធ្វើការនៅឡើយ ដោយនាំគ្នាប្រមូលផ្តុំនៅមុខរោងចក្រ។

លោក​ ឃុន សុខុន អ្នកសម្របសម្រួល​សហ​ភាព​ការងារ​កម្ពុជា ប្រចាំខេត្ត​ស្វាយរៀង បញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០១៥ កម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង និងមេនហាធេន ស្ទើរទាំងអស់នៅក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាចូលធ្វើការធម្មតាវិញ ក្រោយពីឈប់សម្រាករយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែធ្នូ ដើម្បីទុកពេលឱ្យក្រុមហ៊ុន ពិភាក្សាជាមួយរោងចក្រផ្សេងៗ ក្នុងការដោះស្រាយចំពោះបញ្ហាអត្ថប្រយោជន៍ដែលកម្មករទាមទារកន្លងមក។

លោកបន្តថា រោងចក្រមិនទាន់មានដំណោះស្រាយជូនកម្មករដែលធ្វើបាតុកម្មតវ៉ាកន្លងមកនៅឡើយ។ ជាមួយគ្នានេះ មានកម្មករក្នុងរោងចក្រមួយ ដែលមានឈ្មោះថាស្មាតធិច(Smarttech) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង នៅមិនព្រមចូលធ្វើការនៅឡើយ ដោយនាំគ្នាប្រមូលផ្តុំនៅមុខរោងចក្រ។

យ៉ាងណាក៏ដោយ ការជួបជុំគ្នានៅព្រឹកនេះ មិនមានការប៉ះទង្គិចអ្វីទៀតនោះទេ ដោយក្រុមកម្មករបានប្រមូលផ្តុំ នៅមុខរោងចក្រ ដោយស្ងប់ស្ងាត់ ខណៈប៉ូលិស និងប៉េអឹម នៅតែបន្តដាក់ពង្រាយ ការពារសុវត្ថិភាព នៅតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនោះ នៅឡើយ ។

សូមរម្លឹកថា ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ក្រុមកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនោះ បានធ្វើកូដកម្មទាមទារឡើងប្រាក់ខែ ដែលហេតុការណ៍នោះ បណ្ដាលឲ្យមានកម្មករ ៤ នាក់ ត្រូវបានចាប់ឃុំខ្លួន ពីបទចោទប្រកាន់ បង្កអំពើហិង្សា គប់ដុំថ្ម បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រកាត់ដេរ។

ក្រៅពីកម្មករ ៤ នាក់ ត្រូវបានចាប់ឃុំខ្លួន មកដល់ពេលនេះ ក៏មានផងដែ តៃកុងឡានដឹកកម្មករសរុបចំនួន ៦ នាក់ហើយ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ពីបទញុះញង់ឲ្យកម្មករធ្វើបាតុកម្ម។ ក្នុងនោះ តៃកុងឡាន ៥នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ និងតៃកុងម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។

ប្រឈមនឹងបញ្ហាបាតុកម្ម កន្លងមកនេះ ក្នុង​ការប្រជុំ​ជាមួយ​អាជ្ញាធរខេត្ត​និង​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ថៅកែ​រោងចក្រ​កាត់ដេរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន និង​តាយសេង​នៅ​ទីក្រុង​បាវិត បាន​ព្រមាន​ថា នឹង​កាត់បន្ថយ​ចំនួន​កម្មករ​ហើយ​អាច​នឹង​បិទទ្វារ​រោងចក្រ​ផងដែរ បើសិនជា​ការបញ្ជាទិញ ធ្លាក់ចុះ​ឬក៏​មិន​មាន​ការបញ្ជាទិញ ដោយសារតែ​មាន​ការតវ៉ា​របស់កម្មករ៕

រោងចក្រស្ទើរទាំងអស់នៅក្រុងបាវិត កម្មករសម្រេចចូលធ្វើការធម្មតាវិញ ខណៈរោងចក្រមួយ មិនមានកម្មករ មកធ្វើការនៅឡើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់