(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​នឹង​កំពុង​ពិនិត្យ​មើល​ពាក្យបណ្ដឹង​របស់​ក្រុមយុវជនអះអាងថានិស្សិត​ ដែល​ប្ដឹង​លោក កឹម សុខា ពី​ការប្រព្រឹត្ត​អំពើពុករលួយ​ ខណៈលិខិត​របស់​អគ្គលេខាធិការ​នៃ​រដ្ឋសភា ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា​ ក៏បានស្នើសុំការបំភ្លឺពីលោក កឹម សុខា ទៅតាមញតិ្តរបស់ក្រុមនេះ ផងដែរ។ 

នៅម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និងក្រុមនិស្សិត ដែលដឹកនាំដោយ លោក ស្រី ចំរើន បានចាប់ផ្តើមបើកសន្និសីទមួយ ដើម្បីពិភាក្សាជុំវិញបណ្តឹងរបស់ក្រុមនិស្សិត ដែលបានដាក់ពាក្យប្តឹង លោក កឹម សុខា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ ការពិនិត្យ​នេះ ធ្វើឡើង​ដើម្បី​វិនិច្ឆ័យ​ថា តើ ACU ទទួល ឬ​មិន​ទទួល​សម្រាប់​ការស៊ើបអង្កេត​។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅ យុវជនមួយក្រុមអះអាងថានិស្សិត បានដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំង អំពើរពុករលួយ ដោយចោទប្រកាន់ លោក កឹម សុខា ថា ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយពួកគេទាមទារឱ្យ ACU ជួយស្វែងរកការពិតអំពីរឿង លោក កឹម សុខា ផ្តល់លុយទៅឱ្យនារីកំណាន់ ដែលបែកធ្លាយសំឡេង តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមFacebook កន្លងមក។

ជុំវិញរឿងអាស្រូវស្នេហារបស់លោក កឹម សុខា នេះដែរ រដ្ឋសភា​ក៏បាន​សម្រេច​ស្នើ​ឲ្យ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយបំភ្លឺ​ចំពោះ​​រឿង​អាស្រូវ​ស្នេហា​របស់​លោក ដែល​បាន​បែកធ្លាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ទៅតាមញតិ្តរបស់ក្រុមយុវជន ផងដែរ​។

នៅ​ក្នុង​លិខិត​មួយ​ចុះថ្ងៃទី​២១ ​ខែមីនា ​អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋាន​​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​សរសេរ​ថា​លោក ងួន ញ៉ិល ប្រធាន​រដ្ឋសភាស្តីទី​កាលពី​សម្ដេច ហេង សំរិន អវត្តមានក្នុងប្រទេស បាន​ប្រគល់​​ភារកិច្ច​ឲ្យ​អគ្គលេខា​ធិការ​ដ្ឋាន​រដ្ឋសភា​បញ្ជូន​ញត្តិរបស់​យុវជន​ទៅ​លោក កឹម សុខា។ រដ្ឋ​សភា​បញ្ជាក់​ថា​ ខ្លួន​បានទទួលញត្តិ​ស្នើ​សុំ​របស់​យុវជន​ឈ្មោះ​​ ស្រី ចំរើន​ ដែលមានខ្លឹម​សារ​ស្នើ​​សុំ​ឲ្យ​លោក កឹម សុខា ឆ្លើយ​បំភ្លឺ​ចំពោះ​ខ្សែ​អាត់​សំឡេង​ស្នេហា “អសីលធម៌​” ដែលសង្ស័យ​ថា​ជាសំឡេង​របស់លោក កឹម សុខា​​។

រដ្ឋសភា​ បញ្ជាក់ទៀតថា៖ “យោងតាមលិខិតលេខ០០៨ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ របស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា ដើម្បីការពារ​កិត្យានុភាព​របស់​រដ្ឋសភា ការពារ​កិត្តិ​យស​និង​សេចក្តីថ្លៃថ្នូរ​របស់​តំណាងរាស្រ្ត​ ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ច​ឲ្យ​អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​បញ្ជូន​ញត្តិនេះ​ជូន​ឯក​ឧត្តម”។​

លិខិតរបស់រដ្ឋសភាផ្ញើជូនលោក កឹម សុខា ពេលនេះ ឆ្លើយតបទៅនឹងញតិ្តរបស់យុវជនក្រុម ​កាលពីថ្ងៃទី១៤ ខែមីនា ដែលបាននាំគ្នាដាក់ញត្តិទៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះកោះហៅ​លោក កឹម សុខា ចេញមុខបកស្រាយរឿងខ្សែអាត់សំឡេងនោះ​។

យ៉ាងណាក៏ដោយ លិខិតរបស់រដ្ឋសភា នេះ ត្រូវមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (CNRP) លោក អេង ឆៃអ៊ាង បានបញ្ចេញអារម្មណ៍ អស់សំណើចយ៉ាងខ្លាំង ចំពោះសំណើរបស់ អនុប្រធានទី២ រដ្ឋសភា លោក ងួន ញិល អញ្ជើញប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ទៅបំភ្លឺនៅចំពោះមុខរដ្ឋសភា ជុំវិញបញ្ហារឿងរ៉ាវស្នេហាស្រីក្មេង ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមFacebook លោក អេង ឆៃអ៊ាង បានលើកឡើងថា “ថ្ងៃនេះ (២១-០៣-២០១៦) អគ្គលេខាធិការរដ្ឋសភា ឡេង ប៉េងឡុង បានចេញលិខិតមួយ គួរឲ្យអស់សំណើច !!!” ។ តែការចេញបញ្ចេញយោបល់បែបនេះ ត្រូវបានលោក ឡេង ប៉េងឡុង ឆ្លើយតបទៅវិញថា ការចេញលិខិតរបស់រដ្ឋសភា ទៅកាន់តំណាងរាស្រ្តលោក កឹម សុខា គឺធ្វើឡើងតាមមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ដោយយកចិត្តទុកដាក់ចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ៕

 

រឿងអាស្រូវស្នេហា៖ ACU ពិនិត្យបណ្ដឹងរបស់ក្រុមនិស្សិត ខណៈរដ្ឋសភាក៏បានស្នើសុំការបំភ្លឺពីលោក កឹម សុខា ដែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់