រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតមន្ទីរសារការីមួយ ដែលមាន​ឈ្មោះថា មន្ទីរសារការី​អង្គរនៃព្រះរាជាណាចក្រ​កម្ពុជា ដែលសរសេរកាត់​ជាភាសាអង់គ្លេសថា A.N.Cដែលមានទីតាំងស្ថិត​នៅ​អគារលេខ ១០បេ២ ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។

អនុក្រឹត្យដដែលបានឲ្យដឹងថា មន្ទីរសារការីអង្គរនៃ​ព្រះរាជាណាចក្រ​កម្ពុជា​មានសមាជិកចំនួន៦រូប ដោយក្នុងនោះមានលោក សាំង វណ្ណៈ ជាប្រធានមន្ទីរសារការី លោក ប៉ា ងួនគា ជាអនុប្រធានមន្ទីរសារការី លោក អ៊ាង សូរសែន លោក សេងសុខឃីម លោក ជា ហុងរី លោក ហ៊ី ថុនា មានតួនាទីជាសមាជិកនៃមន្ទីរសារការី។

មន្ទីរសារការីអង្គរនៃព្រះរាជាណាចក្រកម្ពុជានេះ មានតួនាទី និងភារកិច្ចទទួលកិច្ចសន្យា ឬលិខិត​គតិយុត្តិទាំងឡាយដែលរូបវន្តបុគ្គល ឬនីតិបុគ្គលគ្រប់ប្រភេទត្រូវការ ផ្តល់ប្រឹក្សាយោបល់​ចំពោះកិច្ចការពាណិជ្ជកម្ម វិនិយោគ កិច្ចការគ្រួសារ និងការគ្រប់គ្រង់ចាត់ចែង ទ្រព្យសម្បត្តិ ផ្តល់ការបញ្ជាក់សុពលភាពចំពោះការបង្កើត ឬកែប្រែលក្ខន្តិកៈក្រុមហ៊ុន និងនីតិបុគ្គល​គ្រប់ប្រភេទ និងផ្តល់យថាភូតភាពដល់លិខិតគតិយុត្តិ ឬកិច្ចសន្យា ឬឯកសារបក ប្រែទាំង​ឡាយ តាមច្បាប់តម្រូវ ឬតាមការស្នើសុំរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលគ្រប់ប្រភេទ។
ទន្ទឹមនឹងនេះ មន្ទីរសារការីត្រូវស្នើសុំឱ្យស្ថាប័នអនុវត្តន៍ធ្វើការអនុវត្តដោយបង្ខំនូវលិខិតគតិយុត្តិ ឬកិច្ចសន្យាដែលទទួលបានយថាភូតភាពពីសារការី ទទួលការបញ្ជាក់ការចម្លង​ត្រឹមត្រូវ​តាមច្បាប់ដើមនូវរាល់លិខិតគតិយុត្តិ ឬកិច្ចសន្យានានាតាមច្បាប់តម្រូវ ឬតាមការស្នើ​សុំរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលគ្រប់ប្រភេទ បញ្ជាក់ធានាហត្ថលេខា និងកាលបរិច្ឆេទ​នៃលិខិតគតិយុត្តិ ឬកិច្ចសន្យានានា ធ្វើសំណើចុះបញ្ជី ឬចុះលេខាចារឹកទៅ​ស្ថាប័នមាន​សមត្ថកិច្ច ទទួលតម្កល់ និងរក្សាទុកច្បាប់ដើមនៃកិច្ចសន្យា លិខិតឯកតោភាគីផ្សេងៗ មរតកសាសន៍ និងលិខិតស្នាមគ្រប់ប្រភេទ ចេញច្បាប់ចម្លងនៃលិខិតយថាភូត និងទទួល​ធ្វើកិច្ចការផ្សេងទៀត ដែលអនុញ្ញាតដោយច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមាន។

នៅពេលចាប់ផ្តើមប្រតិបត្តិការសកម្មភាពរបស់ខ្លួន មន្ទីរសារការីអង្គរនៃព្រះរាជាណាចក្រ​កម្ពុជា ត្រូវតម្កល់ប្រាក់ចំនួន ៦០០.០០០.០០០ រៀលនៅធនាគារជាតិនៃកម្ពុជា សម្រាប់ធានាការ​ទទួល​ខុសត្រូវក្នុងការបំពេញមុខងាររបស់ខ្លួន។

ក្នុងករណីដែលច្បាប់តម្រូវឱ្យមានការរំលាយមន្ទីរសារការី ប្រាក់តម្កល់ត្រូវបង្វិលជូនស្ថាបនិក និងសហភាតាដែលមានសិទ្ធិក្នុងការទទួល បន្ទាប់ពីការកាត់កងទូទាត់បំណុល និងកាតព្វ​កិច្ចទាំងអស់ ដោយរាប់បញ្ចូលទាំងប្រាក់សោហ៊ុយនានា ដែលចាំបាច់ធានានិរន្តរភាព​នៃការការពារ​ផលប្រយោជន៍របស់អតិថិជនរបស់ខ្លួន អនុលោមតាមបែបបទ និងនីតិវិធី​ជាធរមាន។ ទំនាក់ទំនងគតិយុត្តិរវាងស្ថាបនិក និងសហភាតា ត្រូវបានកំណត់ដោយលក្ខន្តិកៈ ​និងបទបញ្ជាផ្ទៃក្នុងដែលត្រូវអនុម័តដោយមន្ទីរសារការីអង្គរនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្នុងករណីចាំបាច់ មន្ទីរសារការីអង្គរនៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើការ​ជ្រើសរើស​សារការីដែលទទួលបានការតែងតាំងពីរាជរដ្ឋាភិបាល ឬបុគ្គលិកផ្សេងទៀត សម្រាប់ជួយបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបាន។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

 

រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើត មន្ទីរសារការីអង្គរនៃ ប្រទេសកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់