សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានឆន្ទៈផ្នែកនយោបាយ និងមានជំនឿជឿជាក់យ៉ាងខ្លាំងទៅលើតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីធានាដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

ការលើកឡើងរបស់សម្តេចហ៊ុន សែន បែបនេះគឺធ្វើឡើងនៅក្នុងពិធីពិធីប្រកាសដាក់ឱ្យអនុវត្ត ដំណាក់កាលទី៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលកម្មវិធីនេះរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឯសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ ។

សម្តេចហ៊ុន សែន មានប្រសាសន៍ឲ្យដឹងបន្តថា គោលបំណងនៃកម្មវិធីនេះ គឺជាការស្វែងរកធាតុចូលបន្ថែម សំរាប់ជាមូលដ្ឋាននៃការរៀបចំផែនការសកម្មភាពជំហានបន្ទាប់ នៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីតាមដានវឌ្ឍនភាពការងារកែទម្រង់ ជាដើម។

បន្ថែមលើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បាន ផ្តល់អនុសាសន៍មួយចំនួន ដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ដើម្បីឲ្យការងារផ្នែកហិរញ្ញវត្ថុនេះកាន់តែមានប្រសិទ្ធភាពក្នុងនោះ ដែលក្នុងនោះរួមមានដូចជា ការលើកកម្ពស់ភាពជាអ្នកដឹកនាំក្នុងស្ថាប័នក្រសួង ក្នុងពេលនៃការធ្វើកំណែទម្រង់ ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងការសម្រេចនៃការធ្វើកំណែទម្រង់ ការលើកទឹកចិត្ត និងផ្ដល់ឱកាសឲ្យអ្នកដែលមានសមត្ថភាព ក្នុងការបំពេញការងារ មានភាពជា ម្ចាស់ការក្នុងការទទួលខុសត្រូវក្នុងកាកែទម្រង់ ដើម្បីឲ្យការងារមានប្រសិទ្ធភាព និងគ្រប់ក្រសួងស្ថាប័នត្រូវតែអនុវត្ត ឲ្យមានប្រសិទ្ធភាព នូវនីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដាន និងវាយតំលៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

រាជរដ្ឋាភិបាលកម្ពុជាមានជំនឿយ៉ាងមុតមាំ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាជូនដល់ពលរដ្ឋ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់