(ភ្នំពេញ)៖ លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនៈភាពនៃការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងករណីរថយន្តខូចលើស្ពានត្សឺបាសា ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ ករណីរថយន្តដឹកអង្ករលើសចំណុះឆ្លងកាត់ស្ពានត្សឺបាសា ឬស្ពានអ្នកលឿង ដែលបណ្តាលឲ្យខូចស្ពាន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ នៅមិនទាន់ចាប់បានអ្នកបើកបរ និងរថយន្ត ដើម្បីយកមកអនុវត្តច្បាប់នៅឡើយទេ ខណៈករណីនេះត្រូវ សម្ដេច ហ៊ុន សែន ព្រមានឲ្យតាមចាប់ឲ្យខានតែបាន។

បើយោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីថា រថយន្តដែលខូចលើស្ពានត្សឺបាសា បណ្តាលឲ្យខូចខាតស្ពាននោះ គឺពុំបានឆ្លងកាត់ជញ្ជីងទេ គឺរថយន្តនោះចេញដំណើរពីច្រកព្រំដែន (បន្ទាយចក្រី-យិនបា) តាមផ្លូវខេត្តលេខ៣១២ ចូលផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ៧៧+០០០ ឆ្ពោះមកស្ពានត្សឺបាសាតែម្តង ហើយនៅពេលខូចលើស្ពាន ក្រុមហ៊ុន Sumitomo Mitsui Construction Co.,Ltd ដែលជាក្រុមហ៊ុនម៉ៅការថែទាំស្ពានត្សឺបាសាផ្ទាល់ពី JICA បានចុះទៅឃាត់រថយន្ត និងបានវាយតម្លៃពីការខូចខាត ហើយបានធ្វើការផាកពិន័យ នៅនឹងកន្លែងតែម្តងដោយ Mr. Jay Ariola តំណាងក្រុមហ៊ុន Sumitomo Mitsui Construction Co.,Ltd តម្រូវឲ្យម្ចាស់យានយន្តល្មើសដែលមានឈ្មោះ Ms. Bupha សងនូវទឹកប្រាក់ ១៥០ដុល្លារ ដោយការខូតខាតនោះ គឺប៉ះពាល់កម្រាលកៅស៊ូអ៊ុតលើស្ពានតែប៉ុណ្ណោះ ហើយបានដោះលែងរថយន្តបង្កហេតុ ដោយមិនបានជូនដំណឹងដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ។

លោកត្រាំ អ៊ីវតឹក បានបញ្ជាក់ថា ស្ពាននេះស្ថិតក្នុងរយៈពេលសុពលភាព ដែលត្រូវទទួលខុសត្រូវដោយក្រុមហ៊ុន Sumitomo Mitsui Construction Co.,Ltd នៅឡើយ។ ចំពោះរថយន្តបង្ក ក្រោយពីទទួលបានព័ត៍មាន និងបទបញ្ជារបស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកបានចាត់មន្ត្រី ដើម្បីស្រាវជ្រាវអំពីអត្តសញ្ញាណរបស់រថយន្តនេះ ដែលមកដល់ពេលនេះ បានទទួលនូវព័ត៍មានមួយចំនួន៖ រថយន្តនេះជាកម្មសិទ្ធិរបស់ឈ្មោះ ឈុន ប៊ុនថៃ ដែលមានទីលំនៅអចិន្ត្រៃយ៍ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ (ពុំមែនជាកម្មសិទ្ធិរបស់ឈ្មោះ ចក់ និងចែមុំ ទេ)។ លើសពីនេះ តាមរបាយការណ៍ស្រាវជ្រាវរបស់នគរបាលនៅមូលដ្ឋាន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បញ្ជាក់ថា ឈ្មោះ ឈុន ប៊ុនថៃ ពុំមានឈ្មោះនៅក្នុងបញ្ជីស្ថិតិប្រជាពលរដ្ឋ ក១-ក៣ នៅអាស័យដ្ឋានខាងលើនោះទេ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនសម្តេច ហ៊ុន សែន ទៀតថា ពាក់ព័ន្ធការការពារស្ពានត្សឺបាសា ក្រសួងបានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបង្កើតស្ថានីយអចល័ត (អចិន្ត្រៃយ៍) នៅទីតាំងខាងលើនេះហើយ ប៉ុន្តែ JICA ទាមទារការសិក្សាលំអិតមួយដែលប្រើប្រាស់ពេលវេលាយូរ។ យោងតាមតម្រូវការចាំបាច់ក្នុងការត្រួតពិនិត្យទម្ងន់មុនឡើងស្ពានត្សឺបាសា នាពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនរង់ចាំការបង្កើតស្ថានីយ៍អចល័ត (អចិន្ត្រៃយ៍) ទេ គឺបានចាត់វិធាន ការដាក់ជញ្ជីងជាបន្ទាន់នៅអ្នកលឿងត្រើយខាងកើត គីឡូម៉ែត្រលេខ ៦៣+៥០០ និងត្រើយខាងលិច គីឡូម៉ែត្រលេខ ៥៨+៨០០ ជាបណ្តោះអាសន្នសិន។

សូមជម្រាបថា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែកុម្ភៈ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចក៏មានការរន្ធត់ចិត្តដែរ នៅពេលដែលឃើញរថយន្តឆ្លងស្ពានអ្នកលឿង ដឹក៧០តោន ហើយឮថា គេស៊ីសសុសគ្នា កិនរួចហើយអស់១៥០ដុល្លារ ទៅបាត់ទៅ …មើលទៅដល់កន្លែងណា បើតាមទៅដល់វៀតណាមក៏ទៅតាមរកមើលនៅវៀតណាមមើល។ ដោយសម្តេចបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា គប្បីត្រូវបិតរថយន្តដឹកជញ្ជូនចោលខ្លះបានបាន បើមិនធ្វើទេ វានៅតែរឿងដដែល៕

 

របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការជូននាយករដ្ឋមន្ត្រី រឿងរថយន្តដឹកលើសទម្ងន់ធ្វើឲ្យខូចស្ពានអ្នកលឿង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់