(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសព្រមានចាត់វិធានការ ចំពោះម្ចាស់ សំណង់ និងវិស្វករ អ្នកគូរប្លង់អគារទាំងអស់ ដែលមិនគោរពទៅតាមបទដ្ឋានបច្ចេកទេស សាងសង់ និងច្បាប់សាងសង់ត្រឹមត្រូវ ក្រសួងនឹងត្រូវរៀបចំដាក់បង្ហាញឈ្មោះជាសាធារណៈ។ ប្រភពៈ សារព័ត៌មានជាតិ AKP

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជាតិ AKP បានដកស្រង់សម្ដីលោកជា សុផារ៉ា ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារដឹភីក នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ថា ចាប់ពីពេលនេះតទៅការសាងសង់សំណង់ អគារទាំងអស់ឱ្យតែពិនិត្យរកឃើញចំពោះអ្នករចនាប្លង់វិស្វករគូរប្លង់ និងអ្នកទទួលខុសត្រូវការដ្ឋាន សំណង់ទាំងអស់បើធ្វើខុសបទដ្ឋានបច្ចេកទេសនោះ ក្រសួងរៀបចំដែនដី នឹងសរសេរលិខិតផ្ញើជូនទៅនាយកសាលា ឬសាកលវិទ្យាធិការរបស់សាលា ដែលសាម៉ីខ្លួនបានសិក្សានៅទីនោះ។

បើជាជនបរទេស ត្រូវផ្ញើលិខិតទៅគ្រប់បណ្ដាស្ថានទូតនៅកម្ពុជាដោយបញ្ជាក់ថា ការគូសប្លង់ និងរៀបចំប្លង់ សំណង់អគារ គឺមិនគោរពតាមច្បាប់ បទដ្ឋានបច្ចេកទេសសំណង់ និងគ្មានការទទួលខុស ត្រូវចំពោះការងាររបស់ខ្លួននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្ដី បានបញ្ជាក់ថា វិស្វករផ្នែករចនាប្លង់ ឬអ្នកគូរប្លង់សំណង់អគារមួយចំនួនមិនបានគោរព តាមបទដ្ឋានបច្ចេកទេស និងច្បាប់សាងសង់នៅក្នុងប្រទេសកម្ពុជានោះទេដោយការសាងសង់មិនបាន អនុវត្ដន៍ ឬរៀបចំបិទបាំងរូបរាងសំណង់ឱ្យបានត្រឹមត្រូវ ដែលធ្វើឱ្យដីហ៊ុយធ្លាក់មកលើដងផ្លូវពិសេស គិតគូរអំពីសុវត្ថិភាពក្នុងការសាងសង់។

លោកបន្ដថា ប៉ុន្ដែផ្ទុយទៅវិញបើក្រសួងពិនិត្យឃើញថា មានគម្រោងណាល្អគឺទទួលយក និងណែនាំផ្សព្វផ្សាយ និងឱ្យអ្នកដទៃយកគំរូតាម។ ប៉ុន្ដែបើការគូរប្លង់ ឬរៀបចំសំណង់ធ្វើឱ្យប៉ះពាល់ដល់ កិត្ដិយសអ្នកដទៃទាំងថ្នាក់ជាតិ និងអន្ដរជាតិ គឺក្រសួងរៀបចំដែនដីត្រូវតែប្រកាសឱ្យបានដឹងចំពោះ អ្នកដែលប្រព្រឹត្ដមិនល្អ ហើយគ្រប់ក្រសួង ស្ថាប័ន និងបណ្ដាប្រទេសទាំងអស់ មិនត្រូវជួល និងយកអ្នកគូរប្លង់គ្មានការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន។

លោកទេសរដ្ឋមន្រ្ដី បានលើកឡើងថា ការដាក់ចេញនូវវិធានការរឹតបន្តឹងនេះ ដើម្បីចង់ជ្រើសរើសយកបន្ទាត់ បទដ្ឋាន និងយកច្បាប់ជាគោលដោយមិនមែនអនុវត្ដន៍ច្បាប់កោងនោះទេ ប៉ុន្ដែត្រូវធ្វើឱ្យមនុស្ស កោងតាមច្បាប់ ហើយអាចរស់នៅប្រកបដោយសុខដុមរមនា និងធ្វើការអភិវឌ្ឍលើវិស័យសំណង់ឱ្យបានត្រឹមត្រូវ ស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា បច្ចុប្បន្ននេះ ទុនវិនិយោគក្នុងវិស័យសំណង់ចាប់ពីឆ្នំា២០១១ រហូដល់ឆ្នំា២០១៤ មានអ្នកវិនិយោគក្នុង ស្រុក និងក្រៅប្រទេសដែលបានបោះទុនរួមគ្នាវិនិយោគលើវិស័យសំណង់ជាមធ្យមចំនួន២,៧៧៣លាន ដុល្លារអាម៉េរិក ហើយគិតត្រឹមឆ្នំា២០១៥ ទុនវិនិយោគសរុបលើវិស័យនេះ មានរហូតដល់២,៩៣៦លាន ដុល្លារអាម៉េរិក៕

រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ព្រមានចាត់វិធានការចំពោះអ្នកគូរប្លង់សំណង់អគារ ដែលមិនគោរពច្បាប់សាងសង់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់