សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥នេះ បានប្រកាសថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវធ្វើ​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ២០១៦ តែ​ករណី​ប័ណ្ណបើកបរ មិនទាន់​ឆែក​ទេ​។ សម្ដេច ស ខេង លើកឡើងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេច ស ខេង នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញជាអធិបតិភាព ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នាទីស្តីការក្រសួងមហាផ្ទៃ ។

​ក្នុង​កិច្ចប្រជុំ​រួម ជាមួយនឹង​មេ​ប៉ូលិស មេ​ប៉េអឹម និង​អភិបាលខេត្ត​រាជធានី ទូទាំង​ប្រទេស នា​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូនេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្តេច ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាសថា នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ស្អែក​នេះ គឺ​ប៉ូលិស​ចរាចរណ៍ នឹង​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដូច​ការគ្រោងទុក​។ ប៉ុន្តែ​ការអនុវត្ត​នោះ នៅមាន​បញ្ហា​​មួយចំនួន ដែល​មិនទាន់​រៀបចំ​ចប់​​សព្វគ្រប់ និង​នៅមាន​បញ្ហា​មួយចំនួន នៅ​សេសសល់​។

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ សម្តេច ​ស ខេង ក៏បាន​បញ្ជាក់ថា ​ទាក់ទង​ប័ណ្ណបើកបរ ប្រជាពលរដ្ឋ បាន​ចោទប្រកាន់ថា មានតម្លៃ​ថ្លៃ ( ប័ណ្ណបើកបរ​ម៉ូតូ និង​ប័ណ្ណបើកបរ​ឡាន​)​។ ករណីនេះ ការត្រួតពិនិត្យ​លើ​ប័ណ្ណបើកបរ ត្រូវ​ព្យួរទុក​សិន​។ ពោលគឺ​សមត្ថកិច្ច​ប៉ូលិស មិនទាន់​ឆែកឆេរ​រក​ប័ណ្ណបើកបរ​នៅឡើយ​ទេ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ​។​

​សម្តេច សខេង ក៏បាន​លើក​​ឡើង​ថា “​ជា​ឆន្ទៈ​នយោបាយ គឺ​ត្រូវតែ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​​គោក ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​។ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ថា ធ្វើ​អ្វីក៏ដោយ វា​មិនដែល​អត់​មានបញ្ហា​ទេ​”។

សូមបញ្ចាក់ថា អំពីប័ណ្ណបើកបរនេះដែរ ភ្លាមៗ ក្រោយពីសម្ដេចហ៊ុន សែន ណែនាំឲ្យមន្រ្តី និងក្រសួងពាក់ព័ន្ធ ពិនិត្យនិងបញ្ចុះតម្លៃការធ្វើប័ណ្ណបើកបរ សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសផ្អាកធ្វើប័ណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

សម្តេច​នាយក​រដ្ឋ​​មន្ត្រី អំឡុងពេល​សម្រាក​លំហែកាយ នៅ​ឆ្នេរសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​សកល នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី នៃ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ និង​លប់ចោល​ការចំណាយ​ណា​របស់​ប្រជាជន ដែល​ជាការ​នាំឱ្យខាតបង់​ប្រាក់កាស​របស់​ប្រជាជន​ ហើយសម្តេច ​ហ៊ុន សែន បានប្រកាសថានឹង​តាមដាន​ពិនិត្យ​រឿងនេះ ជា​បន្ត មុននឹង​ដាក់ឱ្យអនុវត្ត​ន៍​សារជាថ្មី​៕

 

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវធ្វើចាប់ពីថ្ងៃទី១មករា តែករណីប័ណ្ណបើកបរ មិនទាន់ឆែកទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់