លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងចោទប្រកាន់ចំនួន៣ករណី ត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បាននាំខ្លួន មកសាកសួរបន្ថែម ដើម្បីដាក់បន្ទុកលើលោក សម រង្ស៊ី។ នេះបើតាមមេធាវីការពារក្ដីរបស់លោក ហុង សុខហួរ។

មេធាវីការពារក្ដីឲ្យលោក ​ហុង សុខហួរ លោក ជួង ជូងី បានអះអាងថា កាលព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ តុលាការបានហៅលោក ហុង សុខហួរមកសួរនាំបន្ថែមទៀត ជុំវិញបទចោទប្រកាន់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី។ លោកថា «កាលព្រឹកថ្ងៃម្សិលមិញ តុលាការបានសាកសួរលោក ហុង សុខហួរ ដើម្បីដាក់បន្ទុកលើលោក សម រង្ស៊ី ប៉ុន្តែតុលាការសួរនរណាទៀតអត់ដឹងនោះទេ»។ លោក ជួង ជូងី បន្ថែមថា «តំណាងអយ្យការបានធ្វើការចោទប្រកាន់បន្ថែមទៅលើ លោក សម រង្ស៊ី ហើយពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ ចៅក្រមស៊ើបសួរបានស៊ើបសួរបន្ថែមទៀត ដើម្បីរកបន្ទុកចោទប្រកាន់លើ លោក សម រង្ស៊ី ដូច្នេះតុលាការកោះហៅអ្នកផ្សេងៗ ដែលដឹងរឿងនេះ»។

យ៉ាងណាក៏ដោយ ជុំវិញការអះអាងរបស់មេធាវី លោក ជួង ជូងី យ៉ាងដូច្នេះ មិនទាន់មានការបកស្រាយយ៉ាងណានោះទេ ពីលោក កោ វណ្ឌី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី២២ ខែមករា។ ប៉ុន្តែបើតាមលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានទទួលស្គាល់ថា នៅថ្ងៃទី២២ មករាម្សិលមិញ តុលាការពិតជាបាន ហៅលោក ហុង សុខហួរ មកសាកសួរបន្ថែមមែន ប៉ុន្តែលោកមិនដឹងថា បានសួរអំពីអ្វីខ្លះនោះទេ។ លោក តាំង ស៊ុនឡាយ ថា «លោក ហុង សុខហួរ ត្រូវគេហៅមកសាកសួរទាក់ទងនឹងរឿងផែនទី ដែលចោទប្រកាន់រឿងប្រើប្រាស់ផេក លោក សម រង្ស៊ី ដើម្បីបញ្ជាក់ពីករណីនេះ និងអង្កេតរឿងបង្ហោះវីដេអូឃ្លីប»។

សូមរម្លឹកថា លោក ហុង សុខហួរ អតីតសមាជិក​ព្រឹទ្ធ​សភាគណបក្សសមរង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម អមដោយរូបភាពកែឆ្នៃខ្លឹមសារដើមនៃសន្ធិសញ្ញានេះ ហើយបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី។ លោកត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ចំនួន៣ករណីរួមមាន៖ បទក្លែងឯកសារសាធារណៈ , ប្រើប្រាស់ឯកសារ សាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។ ជុំវិញសំណុំរឿងក្លែងឯកសារបង្ហោះលើ Facebook ដដែលនេះ កន្លងមក លោក សម រង្ស៊ី ដែលជាម្ចាស់ទំព័រហ្វេសប៊ុក Sam Rainsy ក៏បានត្រូវតុលាកោះហៅឱ្យចូលខ្លួនឆ្លើយបំភ្លឺ និងកំពុងជាប់ពាក់ព័ន្ធបទចោទប្រកាន់ស្រដៀងគ្នានេះ ផងដែរ ៕

 

 

មេធាវី៖ លោកហុង សុខហួរ ត្រូវតុលាការនាំខ្លួនសាកសួរបន្ថែមដើម្បីដាក់បន្ទុកលើលោក សម រង្ស៊ី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់