មូលហេតុប្រធាន​ក្រុមហ៊ុន Arakawa ​វិនិយោគ​លើអគារ​ប៊ូឌីញ

169

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បានថ្លែង​កាលពីថ្ងៃទី​២៩កក្កដា​ថា ប្រធាន​ក្រុមហ៊ុន Arakawa ស្រឡាញ់ លោក​រដ្ឋមន្រ្តី ជា សុផារ៉ា ទើប​សម្រេចចិត្ត​វិនិយោគ និងផ្តល់​សំណង​ក្នុង​តម្លៃ​ដ៏ខ្ពស់ ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អគារ​ប៊ូឌីញ ដោយមិន​គិត​ពី​ប្រាក់​ចំណេញ​ឡើយ។

លោក​បញ្ជាក់ថា ប្រសិន​បើ​គិតពី​ទំហំ​ដី និង​តម្លៃ​នៃ​ការចំណាយ​លើ​ការទិញ​លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុង​អាគារ​ប៊ូ​ឌី​ញ​ស គឺ​ដី​នៅ​ទីនោះ​មាន​តម្លៃ​រហូតដល់​៣៦០០​ដុល្លារ ក្នុង​១ម៉ែត្រការ៉េ ដែល​គ្មាន​អ្នក​វិនិយោគ​ណា​ហ៊ាន​វិនិយោគ​ឡើយ​។​

​លោក​បន្តថា «គាត់​ចង់ទុក​កេ​រ្ត៍​ឈ្មោះ​នៅ​កម្ពុជា ព្រោះ​គាត់​ខ្លាច​អគារ​នេះ​បាក់ នាំ​ឲ្យ​ប្រជាជន​រស់នៅ​អគារ​នេះ​ស្លាប់ គឺ​គាត់​អាណិត​ប្រជាជន​ខ្មែរ»។

​​លោក​ សេង ឡូត​ បាន​បន្តថា រហូតមកទល់​ពេលនេះ ក្រុមហ៊ុន​កំពុង​សិក្សា​ឡើងវិញ​ពី​គម្រោងសាងសង់​អគារ​ថ្មី​ថា ត្រូវមាន​សេវាកម្ម​អ្វីខ្លះ ដើម្បី​អាច​ទាញយក​ប្រាក់​ត្រឡប់​មកវិញ​។​ ​ទំហំ​ដី​ជាក់ស្តែង​នៃ​អគារ​ប៊ូ​ឌី​ញ ស មាន​ទំហំ​ត្រឹមតែ​៦៥៣២​ម៉ែត្រការ៉េ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​Arakawa Co, Ltd​ បាន​ចំណាយ​ប្រាក់​រហូតដល់​ជិត ២៤​លាន​ដុល្លារ ដើម្បី​ទូទាត់​ជាមួយ​អ្នករស់នៅ​អាគារ​បូ​ឌី​ញ​ ជា​សំណង​មួយ​ដែល​អ្នកជំនាញ​ក្នុង​វិស័យ​អចលនវត្ថុ​ហៅថា “​សំណាង​”​។

​​លោក​ គីម ហ៊ាង​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ប្រជាជន​ដែល​រស់នៅ​អាគារ​ប៊ូ​ឌី​ញ ហើយ​អាច​លក់​ផ្ទះ​ក្នុង​តម្លៃ​បែបនេះ គឺជា​សំណាង​ហើយ ព្រោះ​បើ​គុណ​នឹង​តម្លៃ​ដី និង​ទំហំ​សំណង​ដី​នៅ​ទីតាំង​នេះ មាន​តម្លៃ​ខ្ពស់​ណាស់ បើ​អ្នកវិនិយោគ​ចិន​គេ​មិន​ទិញ​នោះទេ ព្រោះ​វា​មានរឿង​ច្រើន។ លោក​បន្តថា ដី​នៅ​តំបន់​នេះ អាច​ពិបាក​ក្នុងការ​សាងសង់​អាគារ​កម្ពស់​ខ្ពស់ ព្រោះ​វា​ស្ថិត​នៅជាប់​ស្ថានទូត​រុស្ស៊ី ដែល​អាច​ក្រសួងការបរទេស​ហាមឃាត់ ទោះជា​ក្រសួង​ដែនដី​អនុ​ញ្ញា​តឲ្យ​សាងសង់​ខ្ពស់​ក្តី៕ ​

 

banner