(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលបង្ហាញកាលបរិច្ឆេទបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ដូចជាមេបក្សប្រឆាំងនៅកម្ពុជា បានទទូចដូចគ្នាឲ្យប្រជាពលរដ្ឋខ្មែរត្រៀមលក្ខណៈសម្បត្តិ ទៅចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងមូលដ្ឋាន ដែលខ្លួនស្រឡាញ់ពេញចិត្ត។

សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រកាសឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

ការកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ក៏ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ចេញមកបង្ហាញនូវការយល់ស្រប ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យត្រៀមលក្ខណៈសម្បត្តិចូលរួមបោះឆ្នោត។

លោក សម រង្ស៊ី បានសរសេរភ្លាមៗ នៅលើ Facebook របស់លោកថា “ប្រទេសកម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃអាទិត្យ ទី០៤  ខែមិថុនា ឆ្នាំ២០១៧។ សូមបងប្អូនកូនក្មួយត្រៀមខ្លួនចាប់ពីពេលនេះ”។ លោក សម រង្ស៊ី ក៏បានរំលឹកឲ្យ ប្រជាពលរដ្ឋ នាំគ្នាទៅចុះឈ្មោះបោះឆ្នោត និងត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីចូលរួមការបោះឆ្នោតនេះបាន។

ទន្ទឹមនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកនាំពាក្យ ក៏បានទទូចឲ្យប្រជាពលរដ្ឋខ្មែរនាំគ្នាទៅចុះឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈ​សម្បត្តិឲ្យបានគ្រប់​គ្រាន់ទៅបោះឆ្នោត​ជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងធ្វើឡើងដូចកាលបរិច្ឆេទរាជរដ្ឋាភិបាលកំណត់។ ព្រោះរាជរដ្ឋាភិបាលបានជ្រើសរើសយកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ជាពេលវេលាសមរម្យ​សម្រាប់បងប្អូន ប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់។ ការបោះឆ្នោតនេះជាការជ្រើសរើសមេដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួនយើងផ្ទាល់តែម្តង។

បន្ថែមពីលើការអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត លោក ផៃ ស៊ីផាន ក៏បានជំរុញឲ្យប្រជាពលរដ្ឋជ្រើសរើស​នូវមេដឹកនាំ ដែលបានបម្រើ ប្រយោជន៍​ជូនប្រជាពលរដ្ឋ នៅផ្ទាល់ជាមួយបងប្អូន ជាពិសេសមេដឹកនាំរស់នៅរួមសុខ រួមទុក្ខជាមួយប្រជា​ពលរដ្ឋជាប់ជានិច្ច៕

មន្រ្តីរដ្ឋាភិបាល និងមេបក្សប្រឆាំង អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឃុំ-សង្កាត់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់