(ភ្នំពេញ)៖ មន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលចូលបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវអង្គភាពបន្តសាកសួររហូតដល់ម៉ោង១២យប់ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងសំណុំរឿងរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។

តាមសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មាន និងអ្នកឃ្លាំមើល នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ACU បានបន្តសាកសួរលើមនុស្ស៦នាក់ ក្នុងនោះ រួមមាន៖ មន្រ្តីអាដហុក៤នាក់ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា អគ្គលេខាធិការគ.ជ.ប និង លោកស្រី ធីតា ឃឹះ ប្រធានអង្គការស៊ីលីកា។ ប៉ុន្តែលោកស្រី ធីតា ឃឹះ ត្រូវបាន ACU អនុញ្ញាតឱ្យទៅកាន់គេហដ្ឋានវិញ នៅម៉ោងជាង១២ថ្ងៃត្រង់ បន្ទាប់ពីសាកសួរបានប៉ុន្មានម៉ោង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅមនុស្ស៨នាក់ ឱ្យចូលបំភ្លឺជុំវិញការណែនាំឱ្យស្រីមុំ កុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច នៅពេលសាកសួរកន្លងទៅ។ ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីមានលិខិតចំហររបស់ស្រីមុំ ដែលបកស្រាយលាតត្រដាងការពិត និងមានការចាប់ខ្លួនមេឃុំម្នាក់ឈ្មោះ ស៊ាង ចែត ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យពុកម្តាយស្រីមុំ ។

កញ្ញាស្រីមុំ បានចោទមេឃុំរូបនេះថា យកលុយឱ្យឪពុកម្តាយរបស់នាង ដើម្បីឱ្យពួកគាត់ជួយណែនាំដល់នាង​​ កុំឱ្យនិយាយការពិតអំពីទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា។

កាលពីថ្ងៃទី២៧ ខែមេសា ACU បានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៣រូបអស់រយៈពេលជាង១៤ម៉ោង ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ការសាកសួរនោះធ្វើឡើងរហូតដល់ម៉ោងជាង១០យប់ ហើយត្រូវបានអនុញ្ញាតឲ្យមកផ្ទះវិញ ក្រោយពីមានការធានាពីប្រធានសមាគមអាដហុក លោក ធន សារាយ។

លោក ធន សារាយ បានផ្ដល់ព័ត៌មានឲ្យកាសែតក្នុងស្រុក ថា ដោយសារមន្រ្តីអាដហុកមិនត្រូវអនុញ្ញាតឲ្យចាកចេញពីអង្គភាពរហូតមកដល់ម៉ោងយប់នេះ លោកអាចសន្និដ្ឋានថា នេះជាការឃាត់ខ្លួន។

ខណៈអង្គការសង្គមស៊ីវិល២៧ស្ថាប័ន អំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការយាយីដល់អ្នកការពារសិទ្ធមនុស្ស សង្គមស៊ីវិលមួយចំនួនទៀត បានចាត់ទុកដំណើរការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) លើមន្រ្តីការពារសិទ្ធិមនុស្សអាដហុក គឺខុសនីតិវិធីនិងថាការសាកសួររហូតដល់ម៉ោងយប់នេះ ជាការបំបាក់ស្មារតីមួយ៕

មន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរងគ.ជ.ប ចូលបំភ្លឺនៅACU រហូតដល់ពាក់កណ្ដាលយប់មិញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់