ភាគី​វៀតណាម​ស្នើ​កម្ពុជា​ឲ្យ​ជួយ​សហគមន៍​ជន​ជាតិខ្លួន

189

កម្ពុជា៖ នៅក្នុង​ជំនួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក ង្វៀន ហ៊្វូជុង អគ្គ​លេខាធិការ​គ​ណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តវៀត​ណាម កាល​ពី​ថ្ងៃ​ម្សិល​មិញ ភាគី​វៀតណាម​បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​សហគមន៍​ជនជាតិ​វៀត​ណាម និង​អនុវត្ត​ភាព​ស្មើគ្នា​ចំពោះ​សហគមន៍​ជន​វៀតណាម ដែល​រស់​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​ការ​រីក​ចម្រើន​របស់​ប្រទេស។

ការ​ស្នើ​ពី​ភាគី​វៀតណាម​នេះ ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​រយៈ​ពេល​៣​ថ្ងៃ ពីថ្ងៃ​ទី២០ កក្កដា ដល់​ថ្ងៃទី​២២ កក្កដា របស់ លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គ​លេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​កម្ពុជា។

គេហទំព័រ​ព័ត៌មាន​វៀត​ណាម​ចុះ​ផ្សាយ​ថ្ងៃ​ទី២១ ខែ​កក្កដា ថា​ក្នុង​ពេល​ជួប​ប្រជុំ​រវាង​ភាគី​វៀត​ណាម និង​កម្ពុជា នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក ង្វៀន ហ៊្វូជុង​បាន​ស្នើ​ទៅ​លោក​ហ៊ុន សែន​ឲ្យ​ជួយ​សហគមន៍​ជន​ជាតិ​វៀតណាម និង​អនុវត្ត​ភាព​ស្មើគ្នា​ចំពោះ​សហគមន៍​ជន​វៀត​ណាម ដែល​រស់​នៅ​កម្ពុជា​។

លោក​អ៊ាង សុផល្លែត ជំនួយ​ការ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃទី​២១ ខែ​កក្កដា​នេះ​។ ប៉ុន្តែ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ដែល​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​វិញ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀត​ណាម បាន​សម្រេច​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​២៥​លាន​ដុល្លារ​អាមេរិក ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សាង​សង់​អគារ​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ផងដែរ​។

លោក​ង្វៀន ហ៊្វូជុង បាន ស្នើ​សុំ​អោយ​ប្រទេស​ទាំង​ពីរ​ជំរុញ​ការ​តភ្ជាប់​អោយ​កាន់​តែ​ស៊ី​ជម្រៅ​តាម​រយៈ​វិស័យ​ផ្សេងៗ ដោយ​ធ្វើ​យ៉ាង​ណា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កើន​ឡើង​ដល់ ៥ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ​២០២៥​ខាង​មុខ​។

បើ​គិត​ត្រឹម​ឆ្នាំ​២០១៦​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ប្រមាណ​៣ពាន់​លាន​ដុល្លារ ហើយ​វៀតណាម​បាន​វិនិយោគ​ចំនួន​១៩០​គម្រោង ដែល​មាន​ទំហំ​ទឹក​ប្រាក់​២.៩ពាន់​លាន​ដុល្លារ​។

គួរ​ជម្រាប​ជូន​ថា​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នៃ​មន្ត្រី​សំខាន់​ៗ​របស់​កម្ពុជា ទៅ​ប្រទេស​វៀតណាម ភាគី​វៀត​ណាមក៏​តែង​តែ​ស្នើ​ឲ្យ​កម្ពុជា បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​សហគមន៍​ជនវៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដោះ​ស្រាយ​ជីវិត​របស់​ពួក​គេ ដែល​នេះ​គឺ​ជា​ការ​រួម​ចំណែក​ដល់​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគីរបស់​ប្រទេស​ទាំង​ពីរ​៕

banner