(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវនឹងថ្ងៃទី១៥កើត ខែពិសាខ ក្បូនដង្ហែព្រះសារីរិកធាតុ របស់ព្រះសម្មាសម្ពុទ្ធ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ដើម្បីយកទៅតម្កល់ នៅព្រះសក្យមុនីចេតីយ៍ នៅភ្នំឧតុង្គវិញ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។

ក្បួនដង្ហែព្រះសារីរិកធាតុនៅព្រឹកនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សិស្សានុសិស្ស និង ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃម្សិលមិញ ឲ្យដឹងថា ព្រះរាជពិធីដង្ហែ ចាប់ផ្តើមចេញពីព្រះបរមរាជវាំង ទៅតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅវិថីព្រះអង្គឌួង មហាវិធីព្រះមុនីវង្ស ឆ្លងស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្តាម រួចចូលទៅកាន់ព្រះមហាសក្យមុនីចេតីយ៍ភ្នំអដ្ឋរស្ស (ភ្នំឧតុង្គ)។

សូមរម្លឹកថា កាលពីចុងឆ្នាំ២០១៣កន្លងទៅ (១០,ធ្នូ,២០១៣) មានក្រុមចោរឥតសាសនាមួយក្រុមបានឃុបឃិតគ្នា ចូលលួចព្រះសារីរិកធាតុ ព្រះពុទ្ធបដិមាជាច្រើនអង្គ រួមនិងវត្ថុបុរាណមានតម្លៃជាច្រើន ដែលតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ៍ លើភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល។ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៤ ទើបសមត្ថកិច្ចធ្វើការយ៉ាងសស្រាក់សស្រាំតាមរកឃើញព្រះសារីរិកធាតុនៅក្នុងខេត្តតាកែវ យកមកវិញ តែព្រះពុទ្ធបដិមា ដែលធ្វើពីមាស និងមានត្បូងផង ត្រូវបានជនលើ្មសយកទៅរំលាយយកលក់អស់។

បន្ទាប់ពីតាមរកឃើញមកវិញ ឆ្មាំយាមព្រះសក្យមុនីចេតិយ៍ និង ជនដៃដល់សរុប៥នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗប្រមាណ ៧ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់ៗ ៨លានរៀល។ ហើយព្រះបរមសារីរិកធាតុ ត្រូវបានតម្កល់ទុកបណ្តោះអាសន្ននៅក្នុងព្រះបរមរាជវាំង ទើបនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវដង្ហែទៅតម្កល់នៅព្រះសក្យមុនីចេតិយ៍វិញតែម្ដង។

សូមជម្រាបថា ព្រះរាជពិធីដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ចេញពីព្រះបរមរាជវាំង ទៅតម្កល់់នៅព្រះសក្យមុនីចេតីយ៍ ភ្នំឧតុង្គវិញ នៅព្រឹកនេះ​ ធ្វើឡើងចំថ្ងៃបុណ្យពិសាខបូជា ១៥កើត ពេញបូណ៌មី ខែពិសាខ។

វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ៕

 

 

 

 

ព្រះបរមសារីរិកធាតុ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ទៅតម្កល់់នៅព្រះសក្យមុនីចេតីយ៍ ភ្នំឧតុង្គវិញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់