ក្រសួងបរិស្ថាន នឹងដាក់តំបន់ព្រៃចំនួន៥កន្លែង ឲ្យស្ថិតនៅក្នុងតំបន់ការពារ និងអភិរក្ស របស់រាជរដ្ឋាភិបាល។ តំបន់ព្រៃឈើទាំង៥កន្លែងនោះ មានផ្ទៃដីប្រមាណជា ៩៥ ម៉ឺនហិចតា។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចុះនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ។

ការសម្រេចរបស់ក្រសួងបរិស្ថានខាងលើ ធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ព្រៃឡង់ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃម្សិលមិញ។ ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលបែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ។

តំបន់ព្រៃផ្តល់ផលចំនួន៥កន្លែង រួមមាន ព្រៃឡង់, ព្រៃច្រករបៀងក្រវាញខាងត្បួង, ព្រៃព្រះរកា, ព្រៃសៀមប៉ាងលិច និងព្រៃវ៉ឺនសៃ ដែលមានផ្ទៃដីសរុបប្រមាណជា ៩៥០.០០០ ហិចតា ត្រូវបានក្រសួងបរិស្ថានគ្រោងដាក់ជាតំបន់ការពារ បន្ទាប់ពីបានទទួលការឯកភាពពីរាជរដ្ឋាភិបាល។ ការសម្រេចដាក់តំបន់ព្រៃទាំង៥នេះ ជាកន្លែងអភិរក្ស ដោយសារតែក្រសួង សម្លឹងឃើញសក្តានុពល និងគុណតម្លៃនៃប្រព័ន្ធអេកូឡូស៊ី ដែលអាចផ្តល់អំណោយផលល្អសម្រាប់វិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងបរិស្ថាន នឹងរៀបចំសិក្ខាសាលាមួយ ដើម្បីផ្តល់ឱកាស ដល់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមនិងបញ្ចេញមតិជុំវិញគម្រោងនេះ។ ក្រសូងបរិស្ថាននឹងប្រមូលរាល់មតិយោបល់ដែលទទួលបានក្នុងសិក្ខាសាលានេះ ហើយដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងអនុម័ត ការដាក់តំបន់ព្រៃទាំង៥កន្លែងនេះ ជាតំបន់ការពារ និងអភិរក្សជាផ្លូវការ៕

ព្រៃ៩៥ម៉ឺនហិចតាដែលមានតំបន់ព្រៃឡង់ នឹងត្រូវដាក់ជាតំបន់ការពារអភិរក្ស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់