(កំពង់ស្ពឺ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ បានអញ្ជើញនិងយាងដល់ខេត្តកំពង់ស្ដឺ ដើម្បីធ្វើ អធិបតីភាពក្នុងពិធីសម្ពោធការដ្ឋានសាងសង់ «វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ»។ 

នៅវេលាម៉ោងប្រមាណ៧៖៥០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន (Maha Chakri Sirindhorn) បានអញ្ជើញនិងយាងជាអធិបតីរួមគ្នា ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ «វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ» នៅក្នុងខេត្តកំពង់ស្ពឺ។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គ្រោងសាងសង់ឡើងក្រោមគម្រោងជំនួយឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ​នៅ​ខេត្តកំពង់ស្ពឺ។​

សូមជំរាបថា តបតាមការយាងរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ម្ចាស់ក្សត្រិយ៍ សិរិន្ទថន បានយាងមកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖០០ព្រឹកថ្ងៃមិញ ដើម្បីបំពេញព្រះរាជទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤កុម្ភៈ ដែលក្នុងនោះព្រះម្ចាស់ក្សត្រិយ៍ នឹងសម្ពោធសមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងវិស័យអប់រំ និងសុខាភិបាល។

បន្ទាប់ពីយាងមកដល់ប្រទេសកម្ពុជាភ្លាម ព្រះអង្គម្ចាស់ក្សត្រិយ៍ ក៏បានយាងជួបសំណេះសំណាលការងារជាមួយសម្តេច ហ៊ុន  សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព មុននឹងយាងទៅទតកម្សាន្ត និងសោយព្រះក្រយាថ្ងៃត្រង់នៅបឹងយក្សឡោមខេត្តរតនគិរី ហើយនៅម៉ោងប្រមាណ៣រសៀល ព្រះមហាក្សត្រិយ៍ បានយាងសម្ពោធ «មណ្ឌលសុខភាពសាមគ្គី» នៅស្រុកអូរជុំ។ មណ្ឌលសុខភាពនេះត្រូវបាន សាងសង់ឡើងអស់តម្លៃជាង ២០ម៉ឺនដុល្លារ ហើយក៏ជាជាសមិទ្ធិផលទី៣ ក្នុងខេត្តរតនគិរី ដែលជាព្រះរាជអំណោយរបស់ព្រះមហា ក្សត្រិយ៍ សិរិនថន។ សម្តេច ហ៊ុន សែន និង ភរិយា នៅម៉ោង៧ល្ងាចថ្ងៃទី ២២ ខែកុម្ភៈ ក៏បានរៀបចំពិធីលៀងសាយភោជថ្វាយព្រះមហាក្សត្រិយ៍ថៃ មហាចក្រី សិរិថន នៅវិមានសន្តិភាព ផងដែរ។

ក្រៅពីទទួលស្វាគមន៍ចំពោះដំណើរយាងព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន ដែលបានបរិច្ចាគថវិកា និងពេលវេលាដ៏មានតម្លៃយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានផ្តល់ជាអំណោយមនុស្សធម៌ផ្សេងៗ រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យានៅកំពង់ស្ពឺ និងមណ្ឌលសុខភាពសាមគ្គី នៅស្រុកអូរជុំ ខេត្តរតនគិរី ដើម្បីជាអំណោយទានចូលរួមលើកកម្ពស់វិស័យអប់រំ និងវិស័យសុខា​ភិ​បាល នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈព្រះរាជសកម្មភាពនេះ គឺបានបង្ហាញនូវការរួមចំណែកក្នុងការជួយកសាងកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាព កម្ពុជា-ថៃ រឹតតែមានភាពល្អប្រសើរ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើនចំពោះប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរ៕

 

ព្រឹកនេះ សម្តេច ហ៊ុន សែន និងម្ចាស់ក្សត្រិយ៍ថៃ អញ្ជើញនិងយាងធ្វើអធិបតីភាពក្នុងពិធី សម្ពោធការដ្ឋានសាងសង់ «វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ»

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់