(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖០០ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមសកម្មជនគណបក្សសង្រ្គោះជាតិ និងនិស្សិតដែលទៅទាមទារឱ្យលោក កឹម សុខា បកស្រាយជុំវិញសម្លេងខ្សែអាត់ បានប៉ះសម្ដីដាក់គ្នាម្ដងទៀត នៅក្នុងវេទិកាសាធារណៈរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ធ្វើឱ្យស្ថានភាពវេទិកានោះមានភាពច្របូកច្របល់។

កាប៉ះពារពាក្យសម្ដីដាក់គ្នា នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០១៦នេះ ខណៈលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បាននឹងកំពុងចូលរួមក្នុង «វេទិកាជួបសកម្មជនមូលដ្ឋាន» របស់គណបក្សសង្រ្គោះជាតិ នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តែយ៉ាងណា ជំហានដំបូង មិនទាន់មានសេក្ដីរាយការណ៍ ថាមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរ រហូតដល់មានការផ្ទុះហិង្សានៅឡើយទេ។

គួរកត់សម្គាល់ថា សម្លេង​សាសង​ស្នេហាដែលអ្នកខ្លះអះអាងថា ជាសម្លេងរបស់​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាមួយ​ស្ត្រី​វ័យក្មេង ដែល​បាន​បែកធ្លាយ ជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​រឿងនេះ រីក​កាន់តែ​ធំ​ឡើងៗ​ហើយ និង​ជាពិសេស​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន កំពុង​តែមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង និង​កាន់តែ​ចង់ដឹង​ការពិត​ថា តើ​សម្លេង​សន្ទនា​នេះ ពិតជា​សម្លេង​របស់លោក កឹម សុខា ឬក៏​មិនមែន​។

ដោយសារចង់ដឹងការពិតនេះហើយ ក្រុមយុវជនរាប់សិបនាក់អះអាងថាពួកគេជានិសិត្សក្នុងក្រុងភ្នំពេញ និងមកពីខេត្តខ្លះផង បានព្យាយាមជួប និងទាមទារលោក កឹម សុខា បញ្ជាក់ការពិតរឿងសំឡេងស្នេហាជាមួយស្រីក្មេង ដែលពួកគេបានទាមទារយៈពេលបីថ្ងៃជាប់គ្នា គិតត្រឹមព្រឹកថ្ងៃទី៦មីនា នេះ។

ក៏ប៉ុន្តែរ ក្រុមនិស្សិត និងសារព័ត៌មានមួយចំនួន បានបរាជ័យក្នុងការទទួលបានការបកស្រាយពីលោក កឹម សុខា ជាបន្តបន្ទាប់ ទាំងការប្រមូលផ្តុំគ្នានៅមុខ​ទីស្នាក់ការ​កណ្តាលគណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​៤ ខែមីនា, នៅក្នុងវេទិកាក្នុងខេត្តព្រះសីហនុ កាលពីម្សិលមិញ  ហើយរហូតមកដល់ព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីបញ្ចប់វេទិកាសាធារណៈ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ នាមុននេះបន្តិច លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបន្តមិនឆ្លើយតប​ចំពោះសំណួរ​អ្នកសារព័ត៌មាន និងក្រុមនិស្សិតដែលបានទៅស្វែងរកការបកស្រាយពីលោកចំពោះសម្លេងខ្សែអាត់ នោះទេ។

គណបក្សកាន់អំណាច ហាក់មិនសូវចាប់អារម្មណ៍ ក៏ដូចជាមិនទាន់មានការបញ្ចេញយោបល់យ៉ាងណានៅឡើយទេ រហូតមកដល់នេះ ជុំវិញបញ្ហានេះ ខណៈសម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែមីនា នេះ​ បានបង្ហោះសារនៅលើបណ្ដាញសង្គមដោយមានបង្កប់នូវអត្ថន័យខ្លះដែរថា “លេងអុកមានប្រយោជន៍ជាងលេងល្បែងស៊ីសង ទៅស៊ីផឹកស្រីញីក្រៅផ្ទះ” ៕

ព្រឹកនេះ សកម្មជនគណបក្សសង្រ្គោះជាតិ និងក្រុមនិស្សិតប៉ះសម្ដីដាក់គ្នាម្ដងទៀតនៅក្នុងវេទិកាសាធារណៈរបស់ លោក កឹម សុខា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់