លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលព្រឹកថ្ងៃអាទិត្យម្សិលមិញ បាន​មានប្រសាសន៍​ដោយបាន​ស្នើសុំ​ដល់​ក្រសួងមហាផ្ទៃ និង​សភា ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ពិនិត្យ​និង​ពិចារណា​បន្ថែមទៀត នូវ​ច្បាប់​ចរាចរណ៍​ថ្មី​២០១៦​នេះ ។ សំណើរនេះ ធ្វើឡើងតាមរយៈទំព័រហ្វេសបុកដោយលោកស្រី លើកឡើងថា ច្បាប់​ចរាចរណ៍​ថ្មី​ ប្រជាជន​ប្រតិកម្ម​​​ខ្លាំង​ពេក លោកស្រី​សម្រាកនៅ​ពេទ្យ​​ចិត្ត​មិន​​ស្ងប់​ទេ​​​​។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរនៅលើទំព័រ Facebook កាលព្រឹកថ្ងៃអាទិត្យម្សិលមិញនេះថា «ក្នុងនាមប្រជាពលរដ្ឋមួយ លោកស្រីសូមសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាត្រួតពិនិត្យលើច្បាប់ថ្មីនេះមុននឹងដាក់អនុវត្តន៍ ព្រោះថាប្រជាជនកំពុងតែមានប្រតិកម្មខ្លាំងណាស់»។

តាមរយៈទំព័រFacebook លោកស្រីលើកឡើងថា «តើច្បាប់បង្កើតឡើងដើម្បីជួយការពាររាស្ត្រឬធ្វើបាបរាស្ត្រ? ប្រសិនបើចង់រឹតបន្តឹងច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺគួរតែចាប់ផ្តើមចេញពីសណ្តាប់ធ្នាប់ នៃការបើកបរនិងការចតយានជំនិះគ្មានសណ្តាប់ធ្នាប់នៅលើតាមដងវិថីនានា មិនមែនចែងច្បាប់ចេញមកយកការផាកពិន័យជាប្រាក់ច្រើនបែបនេះឡើយ ប្រជាជនកម្ពុជានៅមានកង្វះខាតផ្នែកចំណេះដឹង។ បើតាមលោកស្រី ហ៊ុន ស៊ីណាត អះអាងថា យើងគួរតែចូលរួមផ្សព្វផ្សាយចំណេះដឹងឱ្យបានទូលំទូលាយជាមុនសិន មុននឹងអនុវត្តច្បាប់បែបប្រទេសជឿនលឿនបែបនេះ។

ទំព័រFacebook ដដែលបន្តថា រឿងផ្ទេរឈ្មោះឡានក៏ជាដើមចមមួយដែរ សួរថាចុះអ្នកដែលទិញឡានពីមុនហើយតើតម្រូវឱ្យគ្នាដើររកម្ចាស់ដើមដើម្បីផ្ទេរឈ្មោះមែនទេ? ឯបណ្ណ័សំគាល់រថយន្តដែលតម្រូវឱ្យយកតាមខ្លួននោះ ចុះបើចោរវាប្លន់ហើយយកទៅទាំងអស់តើជនរងគ្រោះបានអ្វីសំអាងជាមួយសមត្ថកិច្ច ដើម្បីតាមរកឡានម៉ូតូដែលត្រូវចោរលួចនោះ?

លោកស្រី ហ៊ុន ស៊ីណាត បញ្ជាក់ទៀតថា លោកស្រីសង្កេតឃើញថាមានមតិខ្លះ អោយយកកាតគ្រីកូពីទៅបញ្ជាក់ពីសាលាខណ្ឌ តើវាជាសេវាកម្មហ្វ្រី(Free)ឬ?? លោកស្រីថា ស្ទើរតែមិនជឿរថាមានសេវាកម្មបែបនោះព្រោះថាសូម្បីតែបណ្ណ័គ្រួសារ ការធ្វើអត្តសញ្ញណប័ណ្ណនាៗក៏នៅមានអំពើរសូកប៉ាន់នៅឡើយ ទោះបីជាមាន ប្រតិកម្មពីថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដោយ»។

លោកស្រីបន្តថា ច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវបានធ្វើវិសោធនកម្មជាថ្មីដោយរដ្ឋសភា កាលពីឆ្នាំមុន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០១៦តទៅ។ ច្បាប់នេះមានលក្ខណៈតឹងរឹង តម្រូវឱ្យប្រជាពលរដ្ឋ អ្នករស់នៅ ឬធ្វើដំណើរតាមដងវិថីគោរពឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ហើយការផាកពិន័យក៏មានលក្ខណៈខ្លាំងជាងច្បាប់ចាស់ដែលមានលក្ខណៈធូររលង់។

លោកស្រី ហ៊ុន ស៊ីណាត បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការពន្យល់អប់រំនិងពង្រឹងសណ្តាប់ធ្នាប់នានា នៅលើចិញ្ចើមផ្លូវ ដូចជាកន្លែងខ្លះយកជាកម្មសិទ្ធចតយានយន្ត ហើយថាគួរតែដាក់ពិន័យឱ្យខ្លាំងចំពោះជនណា ដែលបើកបរលើសល្បឿនកំណត់និងសេពគ្រឿងស្រវឹងក្នុងកំឡុងពេលបើកបរល្អជាង..រឹតបន្តឹងឡានធំៗដែលបើកបរដោយបុគ្គលដែលគ្មានបណ្ណ័បើកបរឬដាក់បន្ទុកលើក្រុមហ៊ុនជួលឡានធំៗ ដែលមិនបានយកចិត្តទុកដាក់ ចំពោះអាយុជីវិតអ្នកដទៃនៅពេលដែលបុគ្គលិករបស់ខ្លួនបើកបរដោយមិនគោរពសិទ្ធិអ្នកដទៃ។ លោកស្រីសរសេរថា «សង្ឃឹមថា ក្រសួងមហាផ្ទៃ និងសភា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ពិនិត្យនិងពិចារណាបន្ថែមទៀត នៅច្បាប់ចរាចរណ៍ថ្មី២០១៦នេះ ប្រជាជនប្រតិកម្មខ្លាំងពេក»។

សូមបញ្ជាក់ថា ដូចការគ្រោងទុក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នគរបាកចរាចណ៍ទូទាំងប្រទេស បានចាប់ផ្ដើមរឹតបណ្តឹង និងធ្វើការផាកពិន័យលើម្ចាស់យានយន្តណាដែលបើកបរមិនគោរពតាមច្បាប់ចរាចណ៍ផ្លូវគោកថ្មី។

ទោះជាយ៉ាងនេះក្តី នាពេលកន្លងមក មន្រ្តីជាន់ខ្ពស់មួយរូប បាននិយាយថា ការរឹតបន្តឹងច្បាប់ចរាចរណ៍មានគោលដៅដូចជាបន្ថយចំនួនមនុស្សស្លាប់របួសនិងការខូចខាត ហើយអប់រំខ្មែរឲ្យគោរពច្បាប់ ខ្លាចច្បាប់ អប់រំនរគបាលឲ្យចេះអនុវត្តច្បាប់ឲ្យបានស្មើភាពជាដើម។ ស្រដៀងគ្នានោះ អគ្គស្នងការនគរបាលជាតិ កន្លងមកបញ្ជាក់ថា គោលបំណងនៃការឹតបន្តឹងបន្ថែម ការគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ ជាពិសេសគឺ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែម្ដង៕

ខាងក្រោមនេះជាសំណេររបស់លោកស្រី ហ៊ុន ស៊ីណាត តាមរយៈទំព័រហ្វេសបុក៖1

ប្អូនស្រីសម្ដេចហ៊ុន សែន សង្ឃឹមថាក្រសួងមហាផ្ទៃ និង    សភា ពិសេសសម្ដេចហ៊ុន សែន ពិនិត្យ និងពិចារណា  បន្ថែមទៀតនូវច្បាប់ចរាចរណ៍ថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់