(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមេសា នេះ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាឲ្យ កងកម្លាំងគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវពង្រឹងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដើម្បីបង្ការមាន​ហេតុការណ៍ណាមួយ កើតឡើងជាយថាហេតុ។

សម្ដេច ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធមហាកុដិតេជោរ៉ានីរតនៈវត្តប្រជុំនទី (ហៅវត្តក្រពើហារ) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ថា សម្ដេចត្រូវនៅក្បែរបញ្ជាការដ្ឋាន ដែលមានទាំងអគ្គមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំផ្សេងៗទៀត ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។

សម្ដេច បន្ថែមថា “ទូរស័ព្ទមេប៉េអឹម មេប៉ូលិស និងថ្នាក់ដឹកនាំឯទៀត​តាំងពីលើដល់ក្រោម ត្រូវបើកទូរស័ព្ទហើយមិនត្រូវឆ្លើយថា ស្រវឹងទេ អត់ទេ អត់ឆ្លើយបែបហ្នឹងទេ ព្រោះប្រជាពលរដ្ឋ ឲ្យយើងមកកន្លែងហ្នឹង គឺដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងទទួលខុសត្រូវ ហើយមិនត្រូវចេះតែទទួលយកអាត្រូវនោះទេ ត្រូវទទួលទាំងពីរ”។

ប្រមុខរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា “រឿងអ្វីក៏ដោយ ក៏អាចកើតមាន ជាពិសេសបញ្ហាភ្លើងឆេះផ្ទះ សូមឲ្យមានការប្រយ័ត្នប្រយែង ទៀន និងធូប ហើយមានចរន្តអគ្គិសនី សូមបិទបារ៉ែតភ្លើងតែម្តងទៅ។ ពាក្យចាស់លោកពោល (ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ ស៊ូស្លាប់បា កុំឲ្យស្លាប់មេ)។ តែសម្រាប់ខ្ញុំ សូមបន់ស្រន់កុំឲ្យមានទាំងពីរតែម្តងទៅ”។

ក្រៅពីការបញ្ជាឲ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ពង្រឹងការការពារសុវត្ថិភាពជូនពលរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏បានស្នើឱ្យយុវជន យុវនារីខ្មែរ ជៀសវាងនូវការលេងល្បែង (គប់ទឹក និង ប៉ាតម្សៅ) នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល៣ថ្ងៃ ដើម្បីបង្កានូវគ្រោះថ្នាក់ទាំងឡាយដែលធ្លាប់មានកន្លងមក។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំសូមអំពាវនាវដល់យុវជន យុវនារី មេត្តាលេងកម្សាន្ត ដោយភាពថ្លៃថ្នូរ ចៀសវាងនូវការលេងល្បែងណា ដែលមិនមែនជាប្រពៃណី ហើយនាំទៅដល់គ្រោះថ្នាក់ ដូចជាការគប់ទឹកនៅពេលគេកំពុងជិះឡាន ជិះម៉ូតូ អាគប់ទឹកនេះគ្រោះថ្នាក់ខ្លាំងណាស់។ អាលេងចាក់ទឹកនេះ មិនមែនជាប្រពៃណីខ្មែរយើងទេ អាហ្នឹងគេធ្វើនៅក្នុងទីអារ៉ាម នៅពេលគេស្រង់ព្រះម៉ាភ្លែតហ្នឹងទេ អាហ្នឹងគេប្រើ ប៉ុន្តែគេមិនដែលប្រើតាមផ្លូវថ្នល់ទេ។ អាប៉ាតម្សៅ លាបធ្យូងនេះ ក៏គប្បីចៀសវាងផងដែរ ព្រោះជួនកាលទៅប៉ាតគេ ទៅប៉ាតយកទាំងក្រវឹលគេ”៕

 

 

ប្រមុខរដ្ឋាភិបាល បញ្ជាឲ្យកងកម្លាំង ពង្រឹងការការពារសុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់