ប្រធាន​ក្រុម​សភា​សមាជិក​បក្ស​សង្រ្គោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃទី​ ៣១​ កក្កដា​នេះ​ បានដាក់​លិខិត​មួយ​ច្បាប់​ដាច់ដោយ​ឡែក​ទៀត​ ជាថ្មី​ម្តង​ទៀត​ ទៅ​ក្រសួង​រ៉ែ​ និង​ថាមពល​ ដើម្បី​ឲ្យ​ពន្យល់​ជុំវិញ​សកម្ម​ភាព​អាជីវ​កម្ម​ខ្សាច់​នៅ​ខេត្ត​កោះ​កុង​ ដែល​នៅតែ​បន្ត​សកម្ម​ភាព​បើទោះ​បីជា​មាន​បំរាម​ពី​រដ្ឋា​ភិបាល​យ៉ាង​ណា​ក៏​ដោយ​។ ការដាក់​លិខិត​របស់​ប្រធាន​ក្រុម​សភា​សមាជិក​បក្ស​ប្រឆាំង​ ធ្វើ​ឡើង​បន្ទាប់​ពីក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ហាម​ឃាត់​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ធ្វើ​អាជីវ​កម្ម​បញ្ឈប់​រាល់​សកម្ម​ភាព​ នៅ​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង​។

លោក​ ស៊ុន​ ឆ័យ​ ប្រធាន​ក្រុម​សមាជិក​សភា​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ លោក​បាន​ដាក់​លិខិត​ទៅកាន់​ប្រធាន​រដ្ឋ​សភា​ ឲ្យ​ចុះ​ហត្ថ​លេខា​ មុននឹង​បញ្ជូន​បន្ត​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល​។

លោក​ ស៊ុន​ ឆ័យ​ អះអាង​ថា​ ការ​ដាក់​លិខិត​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ស្រាយ​បំភ្លឺ​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ជាថ្មី​ម្តង​ទៀត​នា​ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពល​រដ្ឋ​នៅ​តំបន់​នោះ​ថា​ ក្រុម​ហ៊ុន​អាជីវកម្ម​ខ្សាច់​ នៅតែ​បន្ត​សកម្ម​ភាព​អាជីវ​កម្ម​របស់​ខ្លួន​ដដែល​ បើ​ទោះ​ជា​មាន​សេចក្តី​ប្រកាស​ និង​សារាចរ​ឲ្យ​បញ្ឈប់​អាជីវ​កម្ម​ពី​ក្រសួង​រ៉ែ​យ៉ាងណា​ក៏​ដោយ​ ។ ជា​សកម្ម​ភាព​ដែល​លោក​ ស៊ុន​ ឆ័យ​ បារម្ភ​ថា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅតាម​ប្រព័ន្ធ​ស្ទឹង​ខេត្ត​កោះកុង​ និង​ប៉ះពាល់​ដល់​បរិស្ថាន​។

ចំណែក​ឯ​អ្នក​នាង​ លីម​ គីម​ស័រ​ សកម្ម​ជន​មាតា​ធម្ម​ជាតិ​ប្រចាំ​ខេត្ត​កោះកុង​ ក៏​បាន​អះអាង​ដូចគ្នា​ដែរ​ថា​ ក្រុមហ៊ុន​អា​ជីវ​កម្ម​ខ្សាច់​ខ្នាត​ធំ​ នៅតែ​បន្ត​សកម្ម​ភាពរបស់​ខ្លួន​ដដែល​ ជា​ពិសេស​គឺការ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ធំៗ​ ដើម្បី​បូម​ខ្សាច់​។ យ៉ាងណា​ក៏​ដោយ​ យើងមិនអាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​មន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​ ជុំ​វិញ​សកម្មភាព​អាជីវកម្ម​ខ្សាច់​នៅ​ប្រព័ន្ធ​ស្ទឹង​ខេត្ត​កោះកុង​នេះ​បាននៅឡើយទេ​។

សូម​ជម្រាប​ជូន​ថា​ ក្រសួង​រ៉ែ​និង​ថាមពល​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ បាន​បញ្ឈប់​ការ​នាំ​ខ្សាច់​គ្រប់​ប្រភេទ​ពី​ខេត្ត​កោះកុង​ ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ ការ​ប្រកាស​បញ្ឈប់​នេះ គឺ​គ្មាន​កំណត់​ពេល​ថា​នឹង​បើក​ឲ្យ​នាំ​ចេញ​ខ្សាច់​វិញ ​នៅ​ពេល​ណា​ទេ។ ​ក្រសួង​រ៉ែ​ពន្យល់​ថា ការ​បញ្ឈប់​នេះ គឺ​ដើម្បី​ជៀស​វាង​ការ​បង្ក​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​បរិស្ថាន​ ជលសាស្ត្រ និង​សង្គម​ រួម​ទាំង​ដើម្បី​ការពារ​ផល​ប្រយោជន៍​សាធារណៈ​រយៈ​ពេល​វែង។ ចំណែក​អ្នក​ការពារ​បរិស្ថាន​នៅ​ខេត្ត​កោះកុង​ ធ្លាប់បានលើកឡើងថា វិធាន​ដូច្នេះ គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ ហើយ​លើក​នេះ​ទៀត ក៏​នៅ​តែ​គ្មាន​ប្រសិទ្ធភាព​ដែរ៕

media

ប្រធាន​ក្រុម​សភា​សមាជិក​បក្ស​ប្រឆាំង​ ដាក់​លិខិត​ទៅ​ក្រសួង​រ៉ែ​ពាក់​ព័ន្ធ​នឹងអាជីវ​កម្ម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់