នៅ​ថ្ងៃទី១០ខែធ្នូ​នេះ គឺជា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី៦៧ ។ ដើម្បីអបអរទិវានេះ ទាំងបក្សប្រឆាំង សង្គម​ស៊ីវិល និងរដ្ឋាភិបាល​ ​គេសង្កេតមើលឃើញថា បានប្រារព្ធ​ទិវា​សិទ្ធិមនុស្ស នៅ​ទីតាំង​ និងប្រធានបទផ្សេងគ្នា បើទោះបីជាគោលបំណងប្រហាក់ប្រហែលគ្នា គឺផ្ដោតសំខាន់ ទៅលើសិទ្ធសេរីភាព។

 

ដូចតាមគម្រោង ទាំងបក្សប្រឆាំង សង្គមស៊ីវិល និងរដ្ឋាភិបាល នៅថ្ងៃទី១០ខែធ្នូនេះ បានរៀបចំប្រារព្ធទិវាសិទ្ធិមនុស្ស រៀងៗខ្លួន ដើម្បីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូខួបលើកទី៦៧។

ក្រុមអង្គការសង្គមស៊ីវិល សហគមន៍ដីធ្លី គណបក្សប្រឆាំង និងរដ្ឋាភិបាលកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូខួបលើកទី៦៧នៅទីតាំងផ្សេងគ្នានិងមានប្រធានបទខុសៗគ្នាតែជំរុញការ​លើក​ស្ទួយ​សិទ្ធិមនុស្សដូចៗគ្នា។

តាមសេចក្ដីប្រកាសព័ត៌មានគណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាលបានរៀបចំកម្មវិធីនេះនៅមជ្ឈមណ្ឌលកោះពេជ្រដោយមានប្រធានបទ«ដើម្បីសេរីភាពទាំងអស់គ្នា»។ ចំណែកគណបក្សសង្រ្គោះជាតិដែលមានអាសនៈសភាបានរៀបចំកម្មវិធីនេះនៅស្នាក់ការកណ្ដាលរបស់គណបក្សនេះនៅចាក់អង្រែលើដោយមានប្រធានបទ«សិទ្ធិនយោបាយ»។

ដោយឡែកក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍ដីធ្លីរៀបចំកម្មវិធីនេះនៅរាជធានីភ្នំពេញនៅខាងមុខមន្ទីររដ្ឋសភាហើយដើរក្បួនទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដោយមានប្រធានបទ«យុត្តិធម៌១៥»។

នៅលើទីលានប្រជាធិបតេយ្យ មានការជួបជុំមកពីសម្ព័ន្ធអង្គការជាច្រើន ដោយមានការការឡើងបញ្ចេញមតិ និងឆន្ទៈផ្សេងៗគ្នា។ ដោយឡែកក្រុមសកម្មជនដីធ្លី និងអ្នកសេដ្ឋកិច្ចមួយក្រុមទៀត ដែលដឹកនាំដោយក្រុមរបស់លោក វ៉ន ពៅ និងអ្នកស្រី ទេព វណ្ណី នោះ បាននាំគ្នាដង្ហែក្បួនឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ ក្នុងបំណងទាមទារឲ្យមានការដោះលែងសកម្មជនដីធ្លីចេញពីពន្ធនាគារ។

ក្រុមសហជីពមួយចំនួន ក៏បានប្រារព្ធទិវាសិទ្ធិមនុស្សផងដែរ តែពួកគេមិនបានចេញមកទីសាធារណៈឡើយ ដោយគ្រាន់តែធ្វើនៅតាម ទីស្នាក់ការប៉ុណ្ណោះ។

ចំណែក រដ្ឋាភិបាល ក្រោមការរៀបចំដោយសាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ប្រារព្ធ​ទិវា​នេះ​នៅ​ទីស្នាក់ការ​បក្ស ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។

គួរកត់សម្គាល់ថា សកម្មភាពប្រារព្ធទិវា សិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៧ ១០ធ្នូ ហាក់ដូចជាផុសផុលដដែល បើទោះជា សាលា​រាជធានី​ភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានចេញសេចក្ដីប្រកាស អនុញ្ញាត​ឲ្យ​អង្គការស​ង្គ​ម​ស៊ីវិល និង​សហជីព រៀបចំ​ពិធី​អបអរសាទរ​ដល់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​នេះ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ហែរ​ក្បួន​នោះទេ​។

លិខិត​ខាងលើ​នេះ ​ឆ្លើយតប​ចំពោះ​សមាគម បណ្តាញ​សហជីព និង​អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​ស្នើ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ នេះ ដោយ​ជួបជុំគ្នា នៅ​រោងកុន​ចេនឡា សួនច្បារ​មុខ​វិទ្យាល័យ​វត្ត​ភ្នំ និង​មុខ​ព្រឹទ្ធសភា រួច​ដង្ហែ​ក្បួន​ទៅ​សម្តែង​មតិ និង​ដាក់​ញត្តិ នៅ​មុខ​ក្រសួង​យុត្តិធម៌ និង​វិមាន​រដ្ឋ​សភា​៕

 

បក្សប្រឆាំង សង្គមស៊ីវិល និងរដ្ឋាភិបាល ប្រារព្ធទិវាសិទ្ធិមនុស្ស នៅទីតាំង និងប្រធានបទផ្សេងគ្នា តែគោលបំណងតែមួយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់